អានតួអត្ថបទ
អង្គរវត្ត-

UN ស្នើឲ្យកម្ពុជាបញ្ចូនក្រុមការងារទៅប្រជុំជាមួយយូណេស្កូជុំវិញស្ថានការណ៍តំបន់អង្គរ

ទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិស្នើឱ្យកម្ពុជាអញ្ចើញក្រុមការងារជំនាញថ្មីទៅពិភាក្សាជាមួយគណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ កម្មវត្ថុនៃជំនួបជាមួយអង្គការយូណេស្កូនឹងផ្តោតជាសំខាន់លើស្ថានការណ៍នៅតំបន់ប្រាសាទអង្គរវត្ត ពិសេសបញ្ហាផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋពីតំបន់អង្គរទៅតំបន់រុនតាឯកដែលកន្លងមកត្រូវបានអង្គការអន្តរជាតិនានាចោទប្រកាន់ថាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ 

សកម្មភាពរុះរើលំនៅឋានពលរដ្ឋក្នុងតំបន់អង្គរ
សកម្មភាពរុះរើលំនៅឋានពលរដ្ឋក្នុងតំបន់អង្គរ © Internet
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារវប្បធម៌របស់ UN ពុំបានបញ្ជាក់ខ្លឹមសារអ្វីឱ្យលម្អិតបន្ថែម ក្រៅតែពីស្នើឱ្យភាគីកម្ពុជាដឹកនាំក្រុមការងារជំនាញទៅជួបប្រជុំជាមួយអង្គការយូណេស្កូដើម្បីពិភាក្សាលើស្ថានការណ៍ក្នុងតំបន់អង្គរ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី២៦ ខែកក្កដានេះ គណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូអាចនឹងលើកយកបញ្ហានៃការបណ្តេញពលរដ្ឋចេញពីតំបន់អង្គរមកជជែក។ តែគេនៅមិនទាន់ដឹងច្បាស់ថា តើអង្គការយូណេស្កូនឹងមានវិធានការអ្វីជុំវិញបញ្ហាទាំងនេះទេ។

សហស្ថាបនិកគណៈកម្មការស៊ើបអង្កេតកម្ពុជាលោក Morton Sklar បាននិយាយជាមួយទីភ្នាក់ងារសារព័ត៌មានAP ថា កម្ពុជាបានរំលោភកិច្ចព្រមព្រៀងរបស់អង្គការយូណេស្កូ ក្រោយអាជ្ញាធរបានផ្លាស់ប្តូរទីលំនៅបែបប្រពៃណីរបស់ពលរដ្ឋរស់នៅក្នុងតំបន់អង្គរ។ លោក Morton Sklar យល់ឃើញថា ការចាត់វិធានការរបស់អង្គការយូណេស្កូចំពោះការបណ្តេញពលរដ្ឋចេញពីតំបន់អង្គរនេះហាក់មានភាពយឺតយ៉ាវ។ វិទ្យុបារាំងអន្តរជាតិនៅមិនទាន់អាចសុំការបំភ្លឺបញ្ជាក់ពីលោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរាបាននៅឡើយទេគិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។

ទោះយ៉ាងណា មន្ត្រីក្រសួងវប្បធម៌បានបង្ហើបប្រាប់បន្តិចថា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងគណៈប្រតិភូមួយចំនួនកំពុងប្រជុំជាមួយគណៈកម្មការបេតិកភណ្ឌពិភពលោកហើយ។ ​

លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិថា គណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូពុំបានថ្កោសទោស ឬព្រមានមកលើកម្ពុជានោះទេ។  

គួររំលឹកថា ការផ្លាស់ប្តូរទីលំនៅពលរដ្ឋចេញពីតំបន់អង្គរឱ្យទៅរស់នៅតំបន់រុនតាឯកត្រូវបានអង្គការលើកលែងទោសអន្តរជាតិ Amnesty International ចេញរបាយការណ៍រិះគន់ញឹកញាប់ដោយបានចោទប្រកាន់ថា អាជ្ញាធរកម្ពុជាបានរំលោភបំពានច្បាប់ និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិធ្ងន់ធ្ងរ។ អង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះបានហៅការផ្លាស់ទីលំនៅពលរដ្ឋចេញពីតំបន់អភិរក្សថាជាការបង្ខំគំរាមកំហែងក្រោមគោលការណ៍ស្មគ្រ័ចិត្ត និងដោយយកលេសការពារតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ