អានតួអត្ថបទ

លោកស្រីជា សេរី៖សេដ្ឋកិច្ចកម្ពុជាកើនឡើងដល់ ៦.៣% ក្នុងឆមាសទី១ ឆ្នាំ២០២៤

លោកស្រីជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអះអាងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ថា សេដ្ឋកិច្ចកម្ពុជាបានបន្ដកើនឡើងដល់ ៦.៣% ក្នុងឆមាសទី១ ឆ្នាំ២០២៤។ តាមលោកស្រីជា សេរី កំណើននេះបានពីវិស័យកាត់ដេរ និងទេសចរណ៍។ តែអ្នកជំនាញសេដ្ឋកិច្ចយល់ថា កំណើននេះមិនអាចធ្លាក់ដល់ដៃប្រជាពលរដ្ឋទេ ព្រោះអ្នកនាំចេញមានម្ចាស់ជាជនបរទេស។

លោកស្រីជា សេរី៖សេដ្ឋកិច្ចកម្ពុជាកើនឡើងដល់ ៦.៣% ក្នុងឆមាសទី១ ឆ្នាំ២០២៤
លោកស្រីជា សេរី៖សេដ្ឋកិច្ចកម្ពុជាកើនឡើងដល់ ៦.៣% ក្នុងឆមាសទី១ ឆ្នាំ២០២៤ © NBC
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងដាក់ទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ លោកស្រីជា សេរី ទេសាភិបាលធនាគារជាតិបានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាលអាណត្តិថ្មីបានជ្រោងសេដ្ឋកិច្ចកម្ពុជាឱ្យបន្តកើនឡើងប្រមាណ ៦.៣% នៅឆមាសទី១។ កំណើននេះត្រូវបានលោកស្រីទេសាភិបាលបញ្ជាក់ថា គឺបានការគាំទ្រជាចម្បងពីវិស័យកាត់ដេរ និងទេសចរណ៍។ តាមលោកស្រីជា សេរី ក្នុងឆមាសទី១ ឆ្នាំ ២០២៤ នេះ ការនាំចេញផលិតផលកាត់ដេរបានកើន ១៧.២% និងការនាំចេញផលិតផលកសិកម្មកើន ៤៧.៨% ខណៈចំនួនភ្ញៀវអន្តរជាតិបានកើនឡើង ២១.២%។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា កំណើននេះមិនរាប់បញ្ចូលវិស័យលក់រាយទេ។ ដូច្នេះសម្រាប់លោកបណ្ឌិតគី សេរីវឌ្ឍន៍ ការណ៍មិនរាប់បញ្ចូលវិស័យលក់រាយនេះមិនបានធ្វើឱ្យថវិកាបានពីការនាំចេញធ្លាក់ដល់ដៃប្រជាពលរដ្ឋឡើយ។ តាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះដដែល ប្រជាពលរដ្ឋទទួលបានតែមួយចំណែកប៉ុណ្ណោះពីកំណើនសេដ្ឋកិច្ចនេះ ព្រោះភាគច្រើននៃអ្នកនាំចេញជាជនបរទេសដែលជាម្ចាស់ទំនិញ។ លោកគី សេរីវឌ្ឍន៍បានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋប្រមាណ ៦០% កំពុងរងគ្រោះពីការធ្លាក់ចុះនៃវិស័យលក់ដុំ និងលក់រាយ។

ជាការកត់សម្គាល់ ទោះសេដ្ឋកិច្ចកម្ពុជាកំពុងទទួលបានកំណើនវិស័យនាំចេញ និងសេវាកម្មមួយក៏ដោយក៏នៅមានវិស័យមួយចំនួនទៀតកំពុងបន្តរងគ្រោះដដែល តួយ៉ាងវិស័យសំណង់ដែលហាក់មានភាពស្ងប់ស្ងាត់ និងទីផ្សារអចលនទ្រព្យកំពុងបន្តជាប់គាំង។ ការជាប់គាំងក្នុងវិស័យនេះត្រូវបានលោកស្រីជា សេរីបញ្ជាក់ថា គឺដោយទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅ។ គួរជម្រាបថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ ត្រូវបានធនាគារជាតិកម្ពុជាព្យាករកាលពីខែឧសភា ឆ្នាំ២០២៤ ថាមានកំណើនក្នុងរង្វង់ ៦%។ អត្រានេះលើសតិចតួចពីការព្យាកររបស់ធនាគារពិភពលោក (World Bank) ដែលមានកំណើនត្រឹម ៥.៨%។ តែសម្រាប់ឆ្នាំ ២០២៥ និង ២០២៦ ត្រូវបានធនាគារពិភពលោកព្យាករមានកំណើន ៦.១% និង ៦.៤%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ