អានតួអត្ថបទ

មេប៉ូលីសកម្ពុជា-ថៃព្រមព្រៀងចាប់ដៃគ្នាកម្ចាត់ក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធ័រនែត

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ អគ្គស្នងការនគរបាលជាតិកម្ពុជា និងអគ្គស្នងការនគរបាលភូមិន្ទថៃបានសហការរួមគ្នាដោយសន្យាកម្ចាត់ក្រុមឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធ័រនែតឆ្លងប្រទេស។ កិច្ចសហការរវាងសមត្ថកិច្ចកម្ពុជា និងថៃពេលនេះធ្វើឡើងនៅក្នុងជំនួបតាមប្រព័ន្ធអនឡាញ និងក្រោយភាគីថៃសង្កេតឃើញឧកិ្រដ្ឋកម្មតាមប្រព័ន្ធអ៊ីនធ័រនែតកើនឡើងខ្លាំងក្នុងប្រទេសខ្លួនដែលភាគច្រើនមានបណ្តាញធ្វើប្រតិបត្តិការចេញពីប្រទេសកម្ពុជា។

មេប៉ូលីសកម្ពុជា-ថៃព្រមព្រៀងចាប់ដៃគ្នាកម្ចាត់ក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធ័រនែត
មេប៉ូលីសកម្ពុជា-ថៃព្រមព្រៀងចាប់ដៃគ្នាកម្ចាត់ក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធ័រនែត © នគរបាលជាតិ
ផ្សាយពាណិជ្ជកម្ម

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ The Nation លោកស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា និងលោកតួសាក់ សុកវិមុល អគ្គស្នងការនគរបាលភូមិន្ទថៃយល់ព្រមលើកិច្ចសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ រួមនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

បើតាមកាសែតThe Nation ភាគីថៃបានអះអាងថា ហេតុផលដែលសមត្ថកិច្ចថៃត្រូវការកិច្ចសហការពីសមត្ថកិច្ចកម្ពុជាក៏ព្រោះតែករណីឧក្រិដ្ឋកម្មតាមអ៊ីនធ័រនែតកំពុងកើនឡើងខ្លាំងនៅក្នុងប្រទេសថៃ និងដែលភាគច្រើនមានប្រតិបត្តិការចេញពីប្រទេសកម្ពុជា។ 

វិទ្យុបារាំងអន្ដរជាតិនៅមិនទាន់អាចសុំការឆ្លើយតបបន្ថែមពីលោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិនៅឡើយទេគិតត្រឹមរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។

ចំណែកលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិRFIថា កម្ពុជាតាមរយៈក្រសួងមហាផ្ទៃបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ក្រាបឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធ័រនែតនេះក្រោមរូបភាពផ្សព្វផ្សាយ និងបង្កើតក្រុមការងារពិសេសសម្រាប់តាមដានរាល់គ្រប់ករណីទាំងអស់។

តាមលោក ទូច សុឃៈ កន្លងមកក្រសួងមហាផ្ទៃបានបង្ក្រាបឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធ័រនែតជាបន្តបន្ទាប់។ អ្នកនាំពាក្យរូបនេះក៏មិនភ្លេចបញ្ជាក់ថែមទៀតថា កម្ពុជាពុំមែនជាកន្លែងសុវត្ថិភាពឱ្យក្រុមជនពាលបង្កឧក្រិដ្ឋកម្មតាមអ៊ីនធ័រនែតជ្រកកោននោះទេ។

ទោះជាយ៉ាងណា ភាគីទាំងពីរក៏បានលើកឡើងនូវគោលនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ កម្ពុជាដែលមានអគ្គស្នងការនគរបាលជាតិ និងភាគីថៃដែលមានអគ្គស្នងការនគរបាលភូមិន្ទថៃបានប្ដេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជនពាលដែលបង្កឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធ័រនែត។

កាសែតថៃ The Nation ដដែលបានឲ្យដឹងបន្ថែមថា មេប៉ូលីសនៃប្រទេសទាំងពីរនឹងជួបគ្នាម្ដងទៀតនៅក្នុងទីក្រុងភ្នំពេញដោយផ្ទាល់ដើម្បីផ្តើមធ្វើការរួមគ្នាលើបញ្ហាឧក្រិដ្ឋកម្មតាមអ៊ីនធ័រនែតក្នុងរយៈពេល២ខែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ