អានតួអត្ថបទ
កីឡាអូឡាំពិកប៉ារីស​២០២៤

កីឡាអូឡាំពិក៖ បារាំងចំណាយលុយ​អស់តិចជាងចិន និង​ជប៉ុន

នៅ​ថ្ងៃសុក្រទី ២៦​កក្កដា បារាំង​បើកសម្ពោធ​​កីឡាអូឡាំពិក ប៉ារីស ២០២៤ ដែល​គ្រប់គ្នា​បានទន្ទឹងរង់ចាំ​ជាយូរមកហើយ។ រៀបចំ​ព្រឹត្តិការណ៍ ជា​មោទនភាពធំបំផុត​សម្រាប់​បារាំង ដែល​បាន​ចំណាយ​ថវិកា​សន្ធឹកសន្ធាប់​​នៅក្នុង​ការបង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់វិញ្ញាសារកីឡាអូឡាំពិក។ ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡាអូឡាំពិកលើកទី​៣៣ បារាំង​មិនត្រឹម​មាន​ឱកាសទាក់ទាញភ្ញៀវទេសចរ​ឲ្យ​មក​ចាប់អារម្មណ៍​ទស្សនា​មើល​សំណង់​សា្ថបត្យកម្ម​របស់​បារាំងតែប៉ុណ្ណោះទេ ប៉ុន្តែ ជា​ឱកាស​ដែលបារាំង​បង្ហាញ​ស្នាដៃ ការច្នៃប្រឌិតប៉ិនប្រសប់របស់ខ្លួន​ដែល​ចេះ​បង្កើត​រៀបចំ កីឡាអូឡាំពិក​ដោយ​មិនខ្ជះខ្ជាយ​លុយរដ្ឋ ពោល​គឺ​លុយរបស់​ប្រជាជនបារាំងដែលជា​អ្នកបង់ពន្ធ។

កន្លែងប្រកួតបាល់បោះលើឆ្នេរខ្សាច់​ត្រូវ​បាន​សាងសង់ឡើង​នៅក្បែរ​អគារ​តួអេហ្វែល
កន្លែងប្រកួតបាល់បោះលើឆ្នេរខ្សាច់​ត្រូវ​បាន​សាងសង់ឡើង​នៅក្បែរ​អគារ​តួអេហ្វែល AP - Robert F. Bukaty
ផ្សាយពាណិជ្ជកម្ម

កន្លែងប្រកួតបាល់ទះលើឆ្នេរខ្សាច់ ជាសំណង់ចេញពីគ្រោងឆ្អឹងដែកដែលត្រូវបានសាងសង់ឡើងជាពិសេស ព្រោះវាស្ថិតនៅជើងអគារដែក តួអេហ្វែលតែម្តង។ អ្នកចូលទស្សនាមើលការប្រកួតបាល់ទះលើខ្សាច់នឹងមានឱកាសច្រើនដើម្បីគយគន់អគារដ៏ល្បីល្បាញរបស់បារាំងមួយនេះ។ ក្រៅពីកន្លែងប្រកួតបាល់ទះនៅជើងអគារតួអេហ្វែល ដែលអាចមានសមត្ថភាពទទួលដាក់ទស្សនិកជនដល់ទៅ ១ម៉ឺន៣ពាន់នាក់ អាជ្ញាធរបារាំងបានបង្កើតសំណង់បណ្តោះអាសន្នជាច្រើនទៀត នៅតាមទីវាល សួនច្បារ ឬនៅក្នុងសំណង់ប្រវត្តិសាស្រ្ត ដែលជាគោលដៅរបស់អ្នកទេសចរ ដូចជា Grand Palais ទីលាន Concord ជាដើម។ ការរៀបចំដំឡើងកន្លែងប្រកួតបណ្តោះអាសន្ន កណ្តាលក្រុងប៉ារីស អមទឹកទន្លេសែន នៅកណ្តាលវាល ភាគច្រើន ទើបមានជាលើកទី១នៅក្នុងប្រវត្តិសាស្រ្តកីឡាអូឡាំពិក។ វិធីសាស្រ្តនេះមិនត្រឹមអនុញ្ញាតឲ្យបារាំងចំណេញទាក់ទាញភ្ញៀវទេសចរដែលនឹងកោតសរសើរសំណង់ស្ថាបត្យកម្ម សិល្បៈ ច្នៃប្រឌិតរបស់បារាំង តែប៉ុណ្ណោះទេ ប៉ុន្តែ វាជួយឲ្យបារាំងជាម្ចាស់ផ្ទះកាត់បន្ថយចំណាយច្រើនដើម្បីរៀបចំព្រឹត្តិការណ៍អូឡាំពិកដែលរហូតមកដល់ពេលនេះ ធ្វើឲ្យប្រទេសម្ចាស់ផ្ទះអ្នករៀបចំ ខាតច្រើនជាងចំណេញ។ ជាក់ស្តែង ដើម្បីទទួលរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកដ៏ពិសេសដែលបារាំងធ្លាប់បានរៀបចំម្តង កាលពី១០០ឆ្នាំមុន បារាំងចំណាយថវិកាប្រមាណ១១ពាន់លានអឺរ៉ូ ដែលនៅក្នុងនោះ ជាង៤ពាន់លានអឺរ៉ូសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំណង់សម្រាប់ការប្រកួតវិញ្ញាសារកីឡាអូឡាំពិក។ ជាការចំណាយតិចជាងការគ្រោងទុក និងតិចជាងការរៀបចំកីឡាអូឡាំពិកមុនៗ។ កីឡាអូឡាំពិកនៅអាត្លង់តាឆ្នាំ១៩៩៩នៅ សហរដ្ឋអាមេរិកមាខ្ទង់ចំណាយ១៩ពាន់លានដុល្លារ។ នៅឆ្នាំ២០០៨ ចិនបានចំណាយ៥០ពាន់លានដុល្លារដើម្បីរៀបចំកីឡាអូឡាំពិក ចំណែកកីឡាអូឡាំពិក កាលពី៤ឆ្នាំមុន បានធ្វើឲ្យជប៉ុនបង់ប្រាក់ពីហោប៉ៅប្រមាណ៣០ពាន់លានដុល្លារ។

ហេតុអ្វីបារាំងចាយលុយតិចជាងគេ? ចម្លើយដ៏សាមញ្ញ គឺបារាំងប្រើប្រាស់សំណង់កីឡាចាស់ៗ តាមរយៈការជួសជុលជាជាងចំណាយប្រាក់សង់អគារថ្មីស្រឡាង។ សំណង់បណ្តោះអាសន្នដូចជានៅជាប់ជើងអគារតួអេហ្វែលជាឧទាហរណ៍ស្រាប់ដែលបង្ហាញពីគំនិតច្នៃប្រឌិតរបស់បារាំង។ មួយវិញទៀត នៅក្នុងចំណោមទីតាំងប្រកួតសរុប៣០កន្លែង ដែលនៅក្នុងនោះ ២៤កន្លែងនៅទីក្រុងប៉ារីស និងតំបន់ជុំវិញក្រុង មានតែទីតាំងពីរកន្លែងប៉ុណ្ណោះដែលជាសំណង់ថ្មីស្រឡាង នោះ គឺស្តាតហែលទឹក le Centre Aquatique Olympique នៅជាយក្រុងប៉ារីស និងArena Porte de la Chapelle។ សំណង់ថ្មីទំនើប និងគោរពបរិស្ថាន មានតម្លៃសាងសង់៩៥លានអឺរ៉ូ សម្រាប់ការប្រកួតវាយសី និងអត្តពលិកម្ម។ នៅក្រោយចប់ព្រឹត្តិការណ៍អូឡាំពិក សំណង់ថ្មីស្រឡាងទាំងពីរដូចជាស្តាតហែលទឹក និងកន្លែងប្រកួតកីឡាវាយសី រួមទាំងភូមិអូឡាំពិកផង នឹងត្រូវគេប្រើជាប្រយោជន៍សម្រាប់ប្រជាជននៅជាយក្រុងដែលរហូតមកដល់សព្វថ្ងៃនេះ កំពុងប្រឈមនឹងការខ្វះហេដ្ឋារចនាសម្ព័ន្ធកីឡា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ