អានតួអត្ថបទ
កីឡាអូឡាពិក​ ប៉ារីស ២០២៤

កីឡាអូឡាំពិកក្រុង​ប៉ារីស​២០២៤ បើកសម្ពោធ​ផ្លូវការ នៅថ្ងៃនេះ

ប្រទេស​បារាំង​ បាន​រៀបចំព្រឹត្តិការណ៍​កីឡាអូឡាពិក ចំនួន​២ដង​រួចមកហើយ។ ម្តង នៅ​ឆ្នាំ​១៩០០ ហើយលើកទី២ នៅឆ្នាំ​១៩២៤។ មួយ​សតវត្សរ៍ក្រោយមក បារាំងមាន​ឱកាសធ្វើ​ជាម្ចាស់ផ្ទះ​​រៀបចំ​ព្រឹត្តិការណ៍កីឡា​​ពិភពលោកនេះជាថ្មី ដែលត្រូវ​ចាប់ផ្តើម​សម្ពោធ ​នៅល្ងាច​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០២៤នេះ នៅកណ្តាលទីក្រុងប៉ារីស​។​

ការប្រកួតកីឡាអូឡាំពិករដូវក្តៅ លើកទី៣៣ នេះ ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រនៃកីឡាអូឡាំពិក ដែលកម្មវិធីបើកសម្ពោធត្រូវគេរៀបចំនៅខាងក្រៅពហុកីឡាដ្ឋាន។
ការប្រកួតកីឡាអូឡាំពិករដូវក្តៅ លើកទី៣៣ នេះ ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រនៃកីឡាអូឡាំពិក ដែលកម្មវិធីបើកសម្ពោធត្រូវគេរៀបចំនៅខាងក្រៅពហុកីឡាដ្ឋាន។ AP - Natacha Pisarenko
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកួតកីឡាអូឡាំពិករដូវក្តៅ លើកទី៣៣ នេះ​​ ជាលើកដំបូងបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃកីឡាអូឡាំពិក ដែល​កម្មវិធី​បើកសម្ពោធ​ផ្លូវការ ត្រូវគេ​រៀបចំនៅបរិវេណខាងក្រៅពហុកីឡាដ្ឋាន។ ពិធី​សម្ពោធ​កីឡាអូឡាពិក​២០២៤ នឹងប្រារព្ធឡើងនៅ​កណ្តាល​ទីក្រុង​ប៉ារីស​តែម្តង តាមដងទន្លេសែន​​។

ស្ពានអូស្ទែរលីត្ស (Pont d’Austerlitz) ​​ជា​កន្លែង​ចំណុច​ចាប់ផ្តើម​ នៃ ក្បួន​ដង្ហែទូក ក្នុង​ព្រឹត្តិការណ៍​កីឡាអូឡាំពិក។ កម្មវិធីផ្លូវការ ចាប់​ផ្តើម​នៅម៉ោង​ ៧ កន្លះល្ងាច​ម៉ោង​នៅក្រុង​ប៉ារីស ត្រូវ​នឹង​ម៉ោង​១កន្លះ​យប់​ ម៉ោង​នៅស្រុក​ខ្មែរ។  

តាមគម្រោង​នៅម៉ោង​៨និង​៤៥នាទីយប់ ​មាន​ក្បួនដង្ហែទូកធំៗ​ មាន​ប្រមាណជា ៨៥ ត្រូវ​ដឹក​ប្រតិភូកីឡា និង​កីឡាករ​ មកពីគ្រប់ជ្រោយ​នៃពិភពលោក ចំនួន​ជា​ ៧ ០០០ នាក់​។ សូមជ្រាបថា កីឡាករអូឡាំងពិកដែល​មក​ប្រកួត​នៅបារាំងលើកនេះ មាន​ចំនួន ១០ ៥០០ នាក់  ក៏ប៉ុន្តែ ​មានប្រហែលជា ៦ ទៅ ៧ ពាន់នាក់ ប៉ុណ្ណោះ ដែលត្រូវ​ចូលរួម​ដង្ហែក្បួន​ទូក​ បើកឆាក​នៅល្ងាចនេះ។  ​

តាម​ទម្លាប់​ជាប្រពៃណី ក្បួន​ទូកសម្រាប់​កីឡាករ​ក្រិក នឹង​ត្រូវ​ចាប់ផ្តើមចេញដំណើរ​​មុនគេ។ មុនគេ ក៏​ព្រោះ​​ប្រទេសក្រិក ជា​ប្រភពកំណើត​ដើម​របស់​កីឡាអូឡាំពិក។ ចំណែកឯ ទូក​របស់​កីឡាករ​​តំណាង​បារាំង ​ជាម្ចាស់ផ្ទះ ត្រូវ​ចេញទៅក្រោយ​គេបង្អស់​។​ ក្បួន​ទូករាប់​សិប​គ្រឿង​ទាំងនោះ នឹង​បណ្តែត​ខ្លួន​ បង្អួត​​បង្ហាញ​រាង​ បណ្តោយ​តាម​ទន្លេសែន​ ​ ចាប់ពី​ស្ពានស្ពានអូស្ទែរលីត្ស រហូតដល់ស្ពានឌ្យេណា (Pont d’Iéna) ចម្ងាយប្រមាណ​ ​​៦ គីឡូម៉ែត្រ ។

តាម​ដងទន្លេកន្លែង​អម​សងខាង មា​នរៀបចំ​ឆាកពិធី​សម្តែង​សិល្បៈ និង​​​កន្លែង​អង្គុយ​សម្រាប់ទស្សនិកជននិងថ្នាក់ដឹកនាំ​​។ សិល្បករ​ជាង​ ២ ពាន់​នាក់ ចូលរួម​សម្តែង​។ តារាចម្រៀង​លំដាប់​ពិពភលោក​ជាច្រើន​នាង នឹង​ចូលខ្លួន​​មក​កំដរ​បរិយាកាស​នៅរាត្រីនេះ តួយ៉ាង អ្នក​នាង​ សេលីន ឌីយ៉ុង (Céline Dion) និង នាង ឡេឌី ហ្កាហ្កា (Lady Gaga) ជាដើម។ តារាចម្រៀង​បារាំង​ អ្នក​នាង អាយ៉ា ណាកាមួរ៉ា (Aya Nakamura) និង​បង្ហើរសំនឿង​បទចម្រៀងមនោសញ្ចេតនា​​ដ៏ល្បី​របស់អ្នក​ចម្រៀង​ជើងចាស អេឌីត ពីយ៉ាហ្វ ( Edith Piaf) ក្រោម​ចំណងជើងថា La vie en rose។​

គប់​ភ្លើង​អូឡាំពិក នឹងត្រូវ​គេយក​ទៅដល់​ Tour Eiffel ប្រហែល​ម៉ោង ​១១ យប់។ មាន​បទអន្តរាគមន៍​​​​ជាបន្ត​បន្ទាប់​របស់ លោក តូនី អេស្តង់ហ្កេត៍ (​ Tony Estanguet) ប្រធាន​គណៈកម្មការអូឡាំពិក​បារាំង និងលោក តូម៉ាស់ បាក (Thomas Bach) ​ប្រធាន​គណៈកម្មការអូឡាំពិកអន្តរជាតិ។ តទៅទៀត លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង​ ធ្វើ​សុន្ទរកថាខ្លី ប្រកាសបើក​​ព្រឹត្តិការណ៍​អូឡាំពិក ផ្លូវការ​ នៅពេល​នោះតែម្តង។​

ភ្លើង​រំលេច​ពណ៌​ប្លែកៗ​យ៉ាង​ប្រណិត នឹងត្រូវ​បាញ់​បញ្ចាំងឡើង យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នា​រាត្រីនេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ