អានតួអត្ថបទ
បង់ក្លាដែស-​ជ្រើសរើស​មន្ត្រីរដ្ឋការ

ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​​ទាមទារ​ស៊ើប​អង្កេតឯករាជ​ចំពោះ​ការសម្លាប់​បាតុករ​បង់ក្លាដែស

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥កក្កដា​ បាតុកម្ម​ហិង្សា​​នៅបង់ក្លាដែស​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ យ៉ាងហោច ជាង​ ១៩០នាក់​។​ ក្នុងចំណោមមរណជនទាំងនោះ ​មា​នទាំង​ខាងក្រុម​និស្សិត​បាតុករ​​និង​ក្រុម​ប៉ូលិស។​ នៅគ្រានេះ​ ឧត្តម​ស្នងការ​សិទ្ធិមនុស្សអង្គការ​សហប្រជាជាតិ បាន​ទាមទារបង្កើត​គណៈកម្មការ​​ស៊ើប​អង្កេតឯករាជ ដើម្បី​ស៊ើប​អង្កេត​​ចំពោះ​ការបង្ក្រាប​បាតុករ​ និង​រំលោភ​បំពាន​សិទ្ធិមនុស្ស​ បង្កឡើងពី​សំណាក់​អាជ្ញាធរ​បង់ក្លាដែស​។

នគរបាល​បង់ក្លាដែស​ម្នាក់ កំពុងបាញ់​បង្ក្រាប​លើហ្វូង​បាតុករ ក្នុង​សប្តាហ៍​នេះ។
នគរបាល​បង់ក្លាដែស​ម្នាក់ កំពុងបាញ់​បង្ក្រាប​លើហ្វូង​បាតុករ ក្នុង​សប្តាហ៍​នេះ។ REUTERS - Mohammad Ponir Hossain
ផ្សាយពាណិជ្ជកម្ម

ឧត្តម​ស្នងការ​សិទ្ធិមនុស្ស នៃ​ អង្គការ​សហប្រជាជាតិ បាន​តាម​ដាន និងដឹង​ឮ​ចំពោះ​ការ​បង្ក្រាប​បង្ហូរឈាម​បាតុករ​នៅបង់ក្លាដែស ហើយ​អាជ្ញាធរ​បង់ក្លាដែស ក៏​គ្មាន​ចំណាត់​ការ​ច្បាស់លាស់​ណាមួយ​ ដើម្បី​ការពារ​សុវត្ថិភាព​​​បាតុករ ទាល់តែ​​សោះ។ អាស្រ័យ​ហេតុនេះ​ ឧត្តម​ស្នងការ​សិទ្ធិមនុស្ស បាន​ស្នើឲ្យ​ រដ្ឋាភិបាល​បង់ក្លាដែល រាយការណ៍ផ្តល់​ព័ត៌មាន​លម្អិត​ ​ជាបន្ទាន់ ​ទាក់ទង​នឹង​អំពើហិង្សាសម្លាប់​បាតុករ និង​ការ​គាប​សង្កត់​បង្ក្រាប​សិទ្ធិ​បាតុកម្ម​​។ ស្ថាប័ន​សិទ្ធិមនុស្ស​អន្តរជាតិ​ ១នេះ​ ចង់​ទទួល​ការបំភ្លឺ​និង​ព័ត៌មាន​លម្អិត ជុំវិញ​អ្នក​​ស្លាប់ អ្ន​ករងរបួស​ អ្ន​កបាត់​ខ្លួន នៅក្នុង​បាតុកម្ម​ជាច្រើន​សប្តាហ៍​មកនេះ។​

មិនត្រឹមតែប៉ុណ្ណោះ អង្គការ​សហប្រជាជាតិ ក៏​ទាមទារ​ឲ្យ​បង្កើត​គណៈ​កម្មការ​​ពិសេស​ ដែល​មាន​ ឯករាជ្យ អព្យាក្រឹត និង​ តម្លាភាព​ ដើម្បី​ស៊ើបអង្កេតករណី​រំលោភបំពាន​សិទ្ធិមនុស្ស​ នៅ​បង់ក្លាដែស។​ នេះបើតាម​​សេចក្តីថ្លែងការណ៍​ របស់​  លោក វ៉ុលក័រ តួក ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​ អង្គការ​សហប្រជាជាតិ​  ចេញផ្សាយ​​ថ្ងៃ​ទី​ព្រហស្បតិ៍ ទី​២៥កក្កដា។​

នេះគឺជា​ប្រតិកម្ម​ជា​លើកទី២ របស់​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​នៅក្នុង​សំណុំរឿង​បង់ក្លាដែស។ ទន្ទឹម​នឹង​គ្នា​ដែរ អង្គការ​សិទ្ធិមនុស្ស Human Right Watch​ ប្រចាំតំបន់​អាស៊ី ក៏បាន​ថ្កោលទោស​នគរបាល​បង់ក្លាដែស​ ដែល​បាញ់គ្រាប់​កាំភ្លើង​ពិតៗ​សម្រាប់​​បាតុករយ៉ាងកម្រោល។ ម្យ៉ាងទៀត​​​ ​បាតុករភាគច្រើន​ដែល​ចាប់ខ្លួន​​ឃុំខ្លួន ត្រូវ​ធ្វើ​ទារុណកម្ម​ បាត់ខ្លួន​ទាំងបង្ខំ​ និង​គ្មា​នការ​ជំនុំជម្រះ​ត្រឹមត្រូវ។​

បាតុកម្មហិង្សា​​នៅ​បង់ក្លាដែស ​មកទល់​នឹងថ្ងៃព្រហស្បតិ៍ ទី​២៥កក្កដា​ មាន​មនុស្ស​ស្លាប់​ យ៉ាងហោច ជាង ១៩០ នាក់ ស្លាប់ទាំង​​បាតុករ​និង​ប៉ូលិស​។​

លោកស្រីនាយករដ្ឋមន្ត្រី​ ឆេក ហាស៊ីណា បានអញ្ជើញ​​ចុះទៅ​ស្ថានីយ​​រថភ្លើង​ Mirpur ជាយរដ្ឋធានីដាកកា​ ដែល​បាន​រង​ការ​ខូចខាតជា​​ខ្លាំង​។ រូបភាព​របស់ក្រុមភ្នាក់ងារ​លោកស្រី ផ្សាយបង្ហាញ​ឲ្យឃើញ​ថា លោកស្រី ឆេក ហាស៊ីណា យំហូរទឹកភ្នែក។​​ លោកស្រីនាយករដ្ឋមន្ត្រី​ ក៏បាន​​រំឭកថា « ខ្លួន​ខំ​កសាង​ប្រទេស​១៥ឆ្នាំ​។ តើ​នរណា​បាន​ចំណេញនិងប្រើប្រាស់​សមិទ្ធផល​ទាំងនោះ ? គឺប្រជាជន។ ប្រជាជន​ បាន​​ជិះរថភ្លើងនេះ។​ មិនមែន​លោកស្រី និង​រដ្ឋ​មន្ត្រី​ ជាអ្នក​ជិះ​រថភ្លើង​នេះ ឡើយ»។

ជាការ​សម្គាល់ ​ការ​ឆេះ​ស្ថានីយ​រថភ្លើង​ខូតខាតធ្ងន់នេះ ដូចគ្នា​នឹង​ស្ថានីយទូរទស្សន៍រដ្ឋ និងអគារ​សាធារណៈ​មួយ​ចំនួន ក៏រងការ​ដុត​បំផ្លាញដែរ។

លោក អាស៊ីហ្វ មះមុដ អ្នក​តំណាងម្នាក់ នៃ​​សមាគមនិស្សិត​ប្រឆាំងនឹងការ​រើសអើង បាន​ទាមទារ ​លោកស្រីនាយករដ្ឋមន្ត្រី​ ឆេក ហាស៊ីណា ​ឲ្យថ្លែងសូម​អភ័យទោសប្រជាជាតិ​ ​ជាសាធារណៈ ចំពោះ​ការ​សម្លាប់​បាតុករ​។ មិនតែប៉ុណ្ណោះ សមាគម​ក្រុម​និស្សិត​បាតុករ​ ក៏​​ទាមទារ​ឲ្យ​បណ្តេញ​ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ​និងរដ្ឋមន្ត្រីក្រសួង​អប់រំ ចេញពីតំណែង។​

បាតុកម្ម​ដែលឈាន​ដល់​ប្រើ​អំពើហិង្សា​ស្លាប់មនុស្ស​ជាច្រើន​នៅបង់ក្លាដែស ​ដើមហេតុ​ដរ​ចេញពីបញ្ហា​អត់​ការងារ​ធ្វើ។ ​ក្រុម​និស្សិត​បាន​ស្តី​បន្ទោស​ទៅលើ​ច្បាប់​​ជ្រើសរើស​មន្ត្រីរដ្ឋ​ការ ដែល​កំណត់​​រក្សាទុក​​កូតាសម្រាប់​កូន​ចៅ​មន្ត្រីចាស់និង​លោកធំ​ជាន់ដើម ដែល​បាន​ចូលរួម​ចលនា​ទាមទារ​ឯករាជ្យ​ នៅដើមទសវត្សរ៍​១៩៧០។ នៅពេល​​បាតុកម្ម​ផ្ទុះឡើងខ្លាំងទៅហើយ​ ទើប ​តុលាការ​កំពូលបង់ក្លាដែស​​ កាលពីសប្តាហ៍មុន ​សម្រេច​ព្យួរច្បាប់នេះ១ខែ ក្រោយមកតុលាការ​ចេញ​សេចក្តី​សម្រេច​ម្តងទៀត កាត់​បន្ថយ​កូតាសម្រាប់កូន​អ្នក​ធំ។ ក៏ប៉ុន្តែ ក្រុម​និស្សិតបាតុករ​ នៅតែទាមទារចង់​ឲ្យ​លុប​ច្បាប់​នេះចោលតែម្តង​​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ