អានតួអត្ថបទ
ហ្វីលីពីន-តៃវ៉ាន់-គ្រោះធម្មជាតិ

ព្យុះទីហ្វុងGaemi បោកសង្គ្រុប​លើ​ហ្វីលីពីននិង​តៃវ៉ាន់ ស្លាប់ច្រើននាក់​និងលិចនាវាដឹកទំនិញ

ខ្យល់ព្យុះទីហ្វុង​ Gaemi បានបោកសង្គ្រុបលើហ្វីលីពីន និ​ងតៃ​វ៉ាន់ ចាប់ពីថ្ងៃពុធទី​២៤កក្កដា បានបណ្តាល​​ឲ្យ​លិចលង់ និង​បាក់​បែកផ្ទះសម្បែងជាច្រើនខ្នង។ យ៉ាងហោច​ណាស់​ មាន​មនុស្សស្លាប់​២០នាក់នៅហ្វីលីពីន និ​ង២នាក់នៅតៃវ៉ាន់។​ នាវាដឹកប្រេងឆៅ​​ចំណុះ​១លាន​៤សែនលីត្រ​​មួយ​គ្រឿង បាន​លិចនៅ​ឆកសមុទ្រម៉ានីល នៅថ្ងៃព្រហស្បតិ៍​នេះ ហើយ​កំពុងបង្ក​ឲ្យ​មានការព្រួយបារម្ភជាខ្លាំង អំពី​មហន្តរាយ​​ធ្ងន់ធ្ងរទៅលើធម្មជាតិ​។

កងឆ្មាំសមុទ្រហ្វីលីពីនជិះឧទ្ថម្ភាគចក្រពិនិត្យ​មើលស្រទាប់​ប្រេងឆៅដែលធ្លាយចូលសមុទ្រ ដោយសារតែនាវាដឹកប្រេងលិច។ ឆកសមុទ្រម៉ានីល ថ្ងៃទី​២៥ កក្កដា ២០២៤
កងឆ្មាំសមុទ្រហ្វីលីពីនជិះឧទ្ថម្ភាគចក្រពិនិត្យ​មើលស្រទាប់​ប្រេងឆៅដែលធ្លាយចូលសមុទ្រ ដោយសារតែនាវាដឹកប្រេងលិច។ ឆកសមុទ្រម៉ានីល ថ្ងៃទី​២៥ កក្កដា ២០២៤ AP
ផ្សាយពាណិជ្ជកម្ម

ហ្វីលីពីន​មិនស្ថិតនៅចំលើ​ផ្លូវឆ្លងកាត់ នៃព្យុះទីហ្វុង Gaemi ទេ។ តែព្យុះសង្ឃរាដ៏កំណាចនេះ បាន​បង្កជាចំហាយ បូកបន្ថែមពីលើរដូវមូសុងនៅហ្វីលីពីន​ ធ្វើ​ឲ្យ​មានភ្លៀងខ្យល់យ៉ាង​ខ្លាំង ​នៅរវាងយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍​ ទី​​២៥កក្កដា​។ រដ្ឋធានី​មីនីល និងកោះ Luçon ដែលជាកោះមានប្រជាជនរស់នៅច្រើនបំផុតរបស់ហ្វីលីពីន គឺជាទីដែលបានរងគ្រោះខ្លាំងជាងគេ​។ យោងតាម​តួលេខរបស់អាជ្ញាធរហ្វីលីពីន គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ គឺមាន​មនុស្ស​ស្លាប់​យ៉ាងហោច ២០នាក់ ដែលភាគច្រើនស្លាប់ដោយ​លង់ទឹក ដោយ​ដីបាក់សង្កត់ ដើមឈើបាក់រលំលើ និង​ឆក់ចរន្តអគ្គិសនី​ជាដើម​។

នៅឆកសមុទ្រម៉ានីល នាវាមួយគ្រឿងដោតទង់ជាតិ​ហ្វីលីពីនឈ្មោះ MT Terra Nova ដឹកប្រឹងឆៅចំណុះ​១លាន​៤សែនលីត្រ បាន​លិចនៅ​ព្រឹកថ្ងៃព្រហស្បតិ៍ បានបង្ក​ឲ្យ​មានការព្រួយបារម្ភជាខ្លាំង អំពីការធ្លាយប្រេងចូលក្នុងសមុទ្រ​។ ឆ្មាំសមុទ្រ​ហ្វីលីពីនបានឲ្យដឹងថា គេបានសង្កេតឃើញស្រទាប់ប្រេងឆៅ ប្រវែង​ប្រមាណ​៣៧០០ម៉ែត្រ អណ្តែត​លើ​ផ្ទៃទឹកសមុទ្រ នៅក្បែរច្រក​សមុទ្រចូលទៅកាន់​ឆក​កំពង់ផែទីក្រុងម៉ានីល។ សមត្ថកិច្ចហ្វីលីពីន កំពុងតែ​ប្រញេបប្រញាប់ បាចសារធាតុរំលាយ​ប្រេង​ និងត្រៀម​ដាក់រនាំងបណ្តែត ដើម្បីទប់ប្រេងឆៅ កុំឲ្យអណ្តែត​ទៅដល់ឆ្នេរ​។ កងទ័ពជើងទឹក​ហ្វីលីពីន បាន​ព្រួយបារម្ភថា ប្រសិន​បើប្រេងឆៅទាំង​១លាន​៤សែន​លីត្រ ធ្លាយចូលសមុទ្រ​មែន នោះគឺវាជាមហន្តរាយធម្មជាតិដ៏​ធំបំផុតហើយ ក្នុងប្រវត្តិសាស្ត្រហ្វីលីពីន​។

សមត្ថកិច្ចហ្វីលីពីនកំពុង​ស៊ើបអង្កេត អំពី​មូលហេតុដែលបណ្តាល​ឲ្យ​នាវាដឹកប្រេងនេះលិច តែ​បើតាមប្រភពពី​កងទ័ពជើងទឹកហ្វីលីពីន គឺមុនពេល​កើតហេតុ មិនមាន​ការ​បន្លឺស៊ីរ៉ែន ឬរលកសញ្ញាប្រាប់ពីខ្យល់ព្យុះ​អ្វីទេ ដែល​មានន័យ​ថា នាវានេះ​មិនបានបំពាន​នឹងវិធាន​ការ​អាសន្នឡើយ​។ សមាជិក​ម្នាក់​នៃក្រុមការងារទាំង​១៧នាក់ ដែល​​ធ្វើការលើនាវានេះ ​បាន​ស្លាប់​នៅ​ពេល​នាវាលិចទៅក្នុងសមុទ្រ។​

ព្យុះ​ទីហ្វុង Gaemi បានបន្តដំណើរឆ្ពោះទៅ​កាន់តៃវ៉ាន់ បណ្តាល​​ឲ្យ​​ស្លាប់មនុស្សយ៉ាងហោច​២នាក់ និងរបួសជាង​២០០នាក់​​។ ភ្លៀងនិងខ្យល់​ល្បឿន១៩០​គីឡូម៉ែត្រក្នុងមួយម៉ោង បាន​បោក​បក់​ផ្តួលរំលំដើមឈើ ផ្ទះសំបែង​។ អាជ្ញាធរតៃវ៉ាន់ បានចេញបញ្ជាបិទហាងទំនិញ សាលារៀន ផ្អាកជើងហោះហើរក្នុងស្រុក​និងអន្តរជាតិ ព្រមទាំងបានជម្លៀស​​មនុស្សជាច្រើនពាន់​នាក់ ទៅរកទីកន្លែងមានសុវត្ថិភាព។

នាវា​ដឹកទំនិញមួយគ្រឿងដោយ​ទង់ជាតិ​តង់ហ្សានី បាន​លិចនៅ​ខាងត្បូងកោះ​តៃវ៉ាន់ បណ្តាល​ឲ្យ​បាត់​ខ្លួន​សមាជិក​ទាំង​៩នាក់ ដែលសុទ្ធតែជាជនជាតិភូមា។ ក្រុមសង្គ្រោះតៃវ៉ាន់ កំពុងតែព្យាយាម​រុករក​ជនរងគ្រោះនៅក្នុងសមុទ្រ តែ​ ​ភ្លៀងខ្យល់ខ្លាំង បាន​បង្កការលំបាក​ដល់​ប្រតិបត្តិការនេះ ដោយសារតែមើលអ្វីពុំឃើញ​។

រសៀលថ្ងៃព្រហស្បតិ៍ ព្យុះសង្ឃរា Gaemi បាន​បន្តដំណើរ​ឆ្ពោះទៅកាន់​ ខេត្ត Fujian ភាគខាងកើត​ប្រទេសចិន។ អាជ្ញាធរចិនបានប្រកាសអាសន្ន​កម្រិត​ខ្ពស់បំផុត​ផ្នែកទឹកជំនន់។ បណ្តាញ​ដឹកជញ្ជូនតាមរថភ្លើងត្រូវ​ផ្អាកទាំងស្រុង ខណៈអាជ្ញាធរចិន ព្រួយបារម្ភខ្លាំង អំពីទឹកជំនន់​ជន់លិចក្នុងខេត្ត Fujian និងខេត្ត Zhejiang៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ