អានតួអត្ថបទ
អេត្យូពី-គ្រោះធម្មជាតិ

អេត្យូពី៖ អាចមានស្លាប់ដល់​៥០០នាក់ ដោយ​គ្រោះមហន្តរាយបាក់ដី

នៅប្រទេសអេត្យូពី​ មានករណី​គ្រោះមហន្តរាយ​បាក់ដី​ លាយ​ឡំដោយ​ភក់​ល្បប់ បានកើតឡើង​កាលពីថ្ងៃចន្ទ ទី​២២កក្កដា​កន្លងទៅ។ គិតត្រឹមថ្ងៃ​ព្រហស្បតិ៍​ មហ​ន្តរាយ​នេះ​បានផ្តាច់ជីវិតមនុស្ស​២៥៧នាក់។ តែ​យោងតាម​អង្គការសហប្រជាជាតិ​ ចំនួន​មនុស្ស​ស្លាប់​អាចនឹងឡើង​ដល់៥០០នាក់យ៉ាងហោច ព្រោះថានៅមាន​មនុស្សបាត់ខ្លួនជាច្រើនរយ​នាក់ ដែល​ក្រុម​សង្គ្រោះនៅពុំទាន់រកឃើញ​។

ប្រជាជនកំពុងជួយគ្នាកកាយដី យកជនរងគ្រោះដែលកប់​​ក្នុង​ដី ដោយ គ្រោះថ្នាក់​បាក់ដី​។ តំបន់​​Gofa ភាគខាងត្បូងអេត្យូពី ថ្ងៃទី​២៣ កក្កដា ២០២៤
ប្រជាជនកំពុងជួយគ្នាកកាយដី យកជនរងគ្រោះដែលកប់​​ក្នុង​ដី ដោយ គ្រោះថ្នាក់​បាក់ដី​។ តំបន់​​Gofa ភាគខាងត្បូងអេត្យូពី ថ្ងៃទី​២៣ កក្កដា ២០២៤ via REUTERS - Gofa Zone Government Communicati
ផ្សាយពាណិជ្ជកម្ម

ករណី​បាក់ដីភ្នំ​​​លាយ​ឡំដោយភក់ល្បប់ បានកើតឡើងនៅ​ថ្ងៃចន្ទទី​២២កក្កដា នៅតំបន់ភ្នំដាច់ស្រយ៉ាល ភាគខាងត្បូងអេត្យូពី។ ទីភ្នាក់ងារមនុស្សធម៌​នៃអង្គការសហប្រជាជាតិ ហៅកាត់ថា Ocha បា​នចេញតួលេខ​បណ្តោះអាសន្ន​នៅថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ មានមនុស្ស​២៥៧នាក់​បានស្លាប់ ដោយសារ​តែដី​ភក់​បាក់សង្កត់​លើ​។ តែទន្ទឹមនេះ ចំនួនអ្នកស្លាប់ អាចឡើងដល់​៥០០​នាក់យ៉ាងហោច ខណៈ​ប្រតិបត្តិការរុករកសាកសពនិង​អ្នកបាត់ខ្លួននៅតែបន្ត​។

លោក Paul Handley ប្រធាន​ Ocha ប្រចាំអេត្យូពី បាន​លើកឡើងថា ក្រុមសង្គ្រោះ​ពិបាក​នឹងធ្វើប្រតិបត្តិការ​នៅតាំង​រងគ្រោះខ្លាំងណាស់ ដោយ​សារតែជាតំបន់ភ្នំដាច់ស្រយ៉ាល ដី​ភក់រអិល គ្មាន​ផ្លូវធ្វើដំណើរ​ ពិបាក​ក្នុង​ការ​​បញ្ជូន​​គ្រឿងចក្រធំៗ​ ទៅកកាយដី​សង្គ្រោះមនុស្ស​ឲ្យ​ទាន់ពេលវេលា។​

ទីភ្នាក់ងារមនុស្សធម៌​នៃអង្គការសហប្រជាជាតិបានឲ្យដឹងផងដែរថា រដ្ឋាភិបាលអេត្យូពី ដោយសហការជាមួយ​មន្ត្រីមូលដ្ឋាន បាន​ជម្លៀស​មនុស្សចំនួន​ជាង​១៥៥០០នាក់ ចេញពីតំបន់ ដែលស្ថិតនៅ​ក្បែរ​តំបន់កើតហេតុ ព្រោះអាចប្រឈមនឹងករណីបាក់ដីជាថ្មីទៀត។ ក្នុងចំណោម​មនុស្ស​ដែល​គេជម្លៀសចេញ ពី​មាន​១៣២០នាក់ជាកុមារ អាយុក្រោម​៥ឆ្នាំ និងស្ត្រី​មានផ្ទៃពោះឬបំបៅដោះកូនចំនួន​៥២៩៣នាក់

ទឹក​ភ្លៀងបានធ្លាក់យ៉ាងគំហុក កាលពីថ្ងៃអាទិត្យ ហើយ​បាន​បណ្តាល​ឲ្យ​ដី​ភ្នំ​មួយផ្ទាំងធំ បាក់សង្កត់​ផ្ទះប្រជាជននៅ ព្រឹកថ្ងៃចន្ទ។ បន្ទាប់មកទៀត​ ដី​ល្បប់ភក់ផ្សេងទៀត បាន​ហូរ​សង្កត់ផ្ទះសំបែងនិ​ងកប់​ប្រជាជន​ជាច្រើនរយនាក់​។ ជាមួយ​នឹងចបជីកចបកាប់ និង​ខ្លះមានតែដៃទទេ អ្នកភូមិបាន​ព្យាយាមកាប់គាស់​កកាយដីដើម្បីស្វែងរក​ជនរងគ្រោះ។​ គិតត្រឹមថ្ងៃព្រហស្បតិ៍ ជំនួយ​មនុស្ស​ធម៌​បានចាប់​ផ្តើម​ទៅ​ដល់​ហើយ ដោយ​អង្គការកាកបាតក្រហម និង​ទីផ្នាក់ងារផ្សេងៗទៀតនៃអង្គការសហប្រជាជាតិ បានចាប់ចែក​ទៅឲ្យ​ប្រជាជន​រងគ្រោះ​។

គួរបញ្ជាក់ថា អេត្យូពី​ដែលមាន​ប្រជាជនប្រមាណ​១២០លាននាក់ គឺជាប្រទេសអេហ្វ្រិកធំជាងគេទី​២ ដែល​មានប្រជាជនច្រើនជាងគេបង្អស់។ ជាធម្មតា ១៨%នៃប្រជាជនអេត្យូពី ពោលគឺប្រមាណជាង​២១,៤លាននាក់ រស់រំពឹងនឹងជំនួយ​ស្បៀងអាហាររួចទៅហើយ ហើយ​ក្នុងនោះ ៤,៥នាក់ ត្រូវបង្ខំចិត្ត​ធ្វើបំលាស់ទីចោលផ្ទះសំបែង ដោយ​សារតែជម្លោះប្រដាប់អាវុធ និង​វិបត្តិអាកាសធាតុ​។

គួរកត់សំគាល់ដែរថា​តំបន់​នៅភាគខាងត្បូងអេត្យូពី តែងតែរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​បាក់ដី នៅរដូវភ្លៀង​ចាប់ពីខែ​មិថុនា ដល់ខែកញ្ញា​។ កាល​ពី​ឆ្នាំទៅមិញ ករណី​ដូចគ្នានេះបាន​ផ្តាច់ជីវិត​មនុស្ស​ជាង​២០នាក់។ កាលពី​ខែ​មេសា-ឧសភាកន្លងទៅនេះ តំបន់​ភាគខាងត្បូង​អេត្យូក៏បានរងគ្រោះដោយ​ទឹកជំនន់ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ