អានតួអត្ថបទ
បោះឆ្នោតប្រធានាធិបតី​អាមេរិក

លោក ចូ បៃដិន​ ដកខ្លួន​ដើម្បីសង្គ្រោះប្រជាធិបតេយ្យ​និង​ផ្តល់​ឱកាស​ដល់​អ្នកបន្ត​វេនវ័យក្មេង

ប្រធានាធិ​បតី​សហរដ្ឋអាមេរិក ចូ បៃដិន ​​មាន​ប្រសាសន៍ថា លោក​ដកបេក្ខភាព​ចេញពីការប្រកួត​ប្រជែង​បោះឆ្នោត​ប្រធានាធិបតី​ ពី​ព្រោះដើម្បីជួយ​សង្គ្រោះ​លទ្ធិប្រជាធិបតេយ្យ ព្រមទាំង​ ទុក​កន្លែងនិង​សំឡេង​​ឲ្យ​យុវជន​ជាន់​ថ្មី​បន្តវេន​។ នេះជា​ការធ្វើ​សុន្ទរកថា​​​ពន្យល់ ​ជាលើកទី១របស់​លោក ចូ បៃដិន ក្រោយ​ងើប​ពី​ឈឺ​ជំងឺ​កូវីដ​១៩។ ​​

ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ថ្លែងសារទៅកាន់ប្រជាជាតិ នៅថ្ងៃទី២៤កក្កដា។​
ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ថ្លែងសារទៅកាន់ប្រជាជាតិ នៅថ្ងៃទី២៤កក្កដា។​ © EVAN VUCCI / AFP
ផ្សាយពាណិជ្ជកម្ម

ក្នុងសារថ្លែងទៅកាន់​ប្រជាជាតិ នៅថ្ងៃទី​២៤កក្កដា ប្រធានាធិ​បតី​សហរដ្ឋអាមេរិក ចូ បៃដិន អះអាង​ ថា​លោក​ដកខ្លួន​ពីការប្រកួត​បោះឆ្នោត​អាណត្តិថ្មី​ ដើម្បីប្រទេស​​សហរដ្ឋអាមេរិក។ ពោលគឺ​ក្នុង​គោលបំណង ដើម្បី​បង្រួបបង្រួម​ជាតិ និង​ដើម្បីការពារ​ប្រយោជន៍គណបក្សប្រជាធិបតេយ្យ ហើយ​និង​ទុក​ឱកាស​ដល់​យុវជន​ជាន់ថ្មី ឲ្យ​គេបញ្ចេញ​សំឡេងថ្មី​ បញ្ចេញ​សមត្ថភាព​បម្រើប្រទេស​ជាតិ បន្ត​ពីរូប​លោក។ សំឡេងយុវជន​ថ្មី ដែល​លោកចង់​សំដៅ​ដល់​នោះ គឺគ្មាន​នរណាផ្សេង ​ក្រៅពី​លោកស្រី ខាម៉ាឡា ហារីស អនុប្រធានាធិបតី ដែល​មាន​វ័យ​ត្រឹមតែ​ ៥៩ ឆ្នាំ​ នោះឡើយ​។​ បើតាម​ប្រសាសន៍​របស់​លោក បៃដិន, លោកស្រី ខាម៉ាឡា ហារីស ជា​មេដឹកនាំ​ស្រី​ឆ្នើម មាន​បទពិសោធច្រើន និងពោរពេញ​ដោយ​សមត្ថភាព​។​

«ប៉ុន្មានសប្តាហ៍មកនេះ ខ្ញុំកាន់តែយល់ច្បាស់ថា ខ្ញុំចាំបាច់ត្រូវតែបង្រួបបង្រួមគណបក្សរបស់ខ្ញុំ ក្នុងស្ថានភាព១ដ៏លំបាកដូច្នេះ។ ខ្ញុំប្រាកដក្នុងចិត្តថា តាមរយៈសមិទ្ធផលស្នាដៃក្នុងនាមជាប្រធានាធិបតី, ក្រោមការដឹកនាំរបស់ខ្ញុំ និងទស្សនវិស័យរបស់ខ្ញុំចំពោះអនាគតសហរដ្ឋអាមេរិក,  គឺរូបខ្ញុំសក្តិសមបំផុត នឹងត្រូវឈរឈ្មោះអាណត្តិទី២។ ក៏ប៉ុន្តែ ដើម្បីសង្គ្រោះលទ្ធិប្រជាធិបតេយ្យអាមេរិក ខ្ញុំត្រូវតែដកមហិច្ឆតាផ្ទាល់ខ្លួនទុកមួយឡែកសិន។

អាស្រ័យហេតុនេះ ខ្ញុំសម្រេចចិត្តថា ខ្ញុំត្រូវផ្តល់ឱកាសទៅអ្នកជំនាន់ថ្មីបន្តវេន ដែលនេះជាផ្លូវដ៏ប្រសើរបំផុត ដើម្បីបង្រួបបម្រួមជាតិយើង។ ខ្ញុំដឹងថា គេអាចមានឱកាសនិងពេលវេលាយូរអង្វែងដើម្បីកាន់តួនាទីក្នុងមុខតំណែងនយោបាយសាធារណៈ តែខ្ញុំយល់ថា ខ្ញុំត្រូវតែផ្ទេរតំណែងទៅឲ្យមនុស្សជំនាន់ថ្មី សំឡេងថ្មី ជាចាំបាច់ ក្នុងកាលៈទេសៈនេះ។»

ក្នុង​អាណត្តិ​ដឹកនាំ​ប្រទេស ដែល​នៅសល់​ប៉ុន្មាន​ខែ​ទៅមុខទៀតនេះ លោក ចូ បៃដិន ​បញ្ជាក់ថា​នឹង​ប្រឹងប្រែង​ជំរុញ​លើកម្ពស់​កម្រិត​ជីវភាព​ពលរដ្ឋ​ និង​បង្កើន​សន្ទុះ​សេដ្ឋកិច្ច ព្រមទាំង​បន្ត​តស៊ូ​ការពារ​សិទ្ធសេរីភាព​ពលរដ្ឋ​ ចាប់ពី​សិទ្ធិបោះឆ្នោត រហូត​ដល់​សិទ្ធិ​ជ្រើសរើស​។​ លោក បៃដិន ក៏​អំពាវនាវ​ឲ្យ​លុប​បំបាត់​ភាព​ស្អប់ខ្ពើម​រើសអើង និង​ជ្រុល​និយម​ ហើយ​និងត្រូវ​បញ្ជាក់ឲ្យកាន់តែច្បាស់ថា អំពើ​ស្អប់ខ្ពើម​រើសអើង​ជ្រុល​និយម មិនត្រូវមាន​នៅ​សហរដ្ឋអាមេរិក​ឡើយ។ អាមេរិក ជាទី​ដែល​គ្មាន​អំពើ​ហិង្សា​នយោបាយ​និងគ្មាន​​ហិង្សា​ជាទូទៅ។​ នេះបើតាម​លោក បៃដិន ដោយ​បញ្ជាក់ថា លោក​ខំខ្នះខ្នែងទៀត​ ដើម្បីលុប​បំបាត់​អំពើហិង្សា​និង​ប្រើ​កាំភ្លើង​នៅតាម​បណ្តាសាលារៀន។​

ប្រធានាធិបតីអាមេរិកជិត​ផុត​អាណត្តិ​រូបនេះ បង្ហាញ​ចេតនា​ចង់​ធ្វើសំណើ​កែទម្រង់​តុលាការ​កំពូល​អាមេរិក​។ ពេលវេលា​ដែល​សេសសល់ប្រមាណជា​ជិត៦​ខែ លោកថា​​នឹង​បន្ត​ដឹងនាំអាមេរិក​ ដើម្បីឲ្យ​​អាមេរិកខ្លាំងក្លា រក្សាភាព​ជាមេដឹកនាំ​ពិភព​លោក​សេរី។ ក្នុង​វ័យ​ជាង​៨១ឆ្នាំហើយ លោក ចូ បៃដិន អះអាងបន្ត​ធ្វើការដើម្បី​ពង្រីង​អង្គការ​សម្ព័ន្ធអូតង់ ឲ្យ​កាន់តែខ្លាំង ហើយ​និងសន្យា​​ធ្វើការ​ថែម​ទៀត​ ​​ដើម្បី​បញ្ចប់​សង្គ្រាម​ហ្កាហ្សា ដោះលែង​ចំណាប់​ខ្មាំង និង​កសាង​សន្តិភាព​​​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ