អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

បារាំង​រក​ឃើញ​ថ្នាំជា​ទី​សង្ឃឹម​របស់​​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​វេជ្ជបណ្ឌិត​​បារាំង​នៅ​មន្ទីរពេទ្យ​ម៉ុងប៉ឺលីយ៉េ ទើប​ចេញ​ផ្សាយ​ ​នៅ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​ដ៏​ល្បីល្បាញ "New England Journal of Medicine" លទ្ធផល​គួរ​ជា​ទី​មោទនៈ​ នៃ​ការស្រាវជ្រាវ​រក​​​ថ្នាំ​មក​សង្គ្រោះ​អ្នក​​ជំងឺដាច់​ឬ​ស្ទះ​​សរសៃ​ឈាម​ខួរក្បាល​។ តើ​ជា​ថ្នាំ​អ្វី? មាន​ប្រសិទ្ធភាព​យ៉ាងណា? សម្រាប់អ្នក​ជំងឺ​ក្នុង​ស្ថានភាព​ណា?

បារាំង​រក​ឃើញ​ថ្នាំជា​ទី​សង្ឃឹម​របស់​​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល
បារាំង​រក​ឃើញ​ថ្នាំជា​ទី​សង្ឃឹម​របស់​​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល © RFI khmer
ផ្សាយពាណិជ្ជកម្ម

ក្នុង​មួយ​ឆ្នាំៗ ប្រទេស​បារាំង​រាប់​ឃើញ​មាន​អ្នក​ជំងឺ​​គ្រោះ​ថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល​ប្រមាណ​១៥ម៉ឺន​នាក់​ ពោល​គឺ​រាល់​បួន​នាទី​ម្តង​មាន​មនុស្ស​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ​ដ៏​គួរ​ឱ្យ​ខ្លាច​នេះ។

គ្រោះ​ថ្នាក់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាលជា​អ្វី ?

គ្រោះ​ថ្នាក់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ដែល​ហៅ​កាត់​ជា​ភាសា​បារាំង​ថា AVC ឬ​Stroke ​ជា​ភាសា​អង់គ្លេស​ គឺ​ជាអាការៈ​ជំងឺ​ដែល​សរសៃ​ឈាម​អាទែររបស់​ខួរ​ក្បាល​គ្មាន​ឈាម​ហូរ​ទៅ​ដល់ ជួន​បណ្តាល​មក​ពី​​​សរសៃឈាម​នោះ​ដាច់​ហូរ​ចេញ​ឈាម ជួន​ដោយហេតុ​តែ​សរសៃ​ឈាម​ត្រូវ​​កកស្ទះ។ AVC ឬ​Stroke ដោយ​ការ​​កកស្ទះ ដោយ​ដុំ​កំណកឈាម ជា​​ករណីដែល​គេ​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ។

នៅ​ពេល​សរសៃ​អាទែរ​​ខួរ​ក្បាល​ស្ទះ លែង​មាន​ហើយ​ចរន្ត​​​ឈាមហូរ​ទៅ​កាន់បណ្តាញ​​សរសៃតូចៗ​ទាំង​ឡាយ​របស់​ខួរក្បាល និង​​លែង​មាន​ឈាម​សម្រាប់​​ចិញ្ចឹម​សរសៃ​ឈាម​ខួរក្បាល។ ប្រព័ន្ធ​ប្រសាទ​ត្រូវ​រង​ទុក្ខ ហើយ​បើ​គ្មាន​ការព្យាបាលទាន់ពេល​វេលា​ទេ​ នោះ​កោសិការ​នៃ​ប្រព័ន្ធ​ប្រសាទ​​ខួរក្បាលផ្នែក​​ដែល​គ្មាន​ឈាម​ទៅ​ដល់​ ត្រូវ​ចុះ​ខ្សោយខ្សោះ​ហើយ​ស្វិត​ងាប់តែ​ម្តង។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេនិយាយ​អំពី​ពេល​វេលា​​សង្គ្រោះ​អ្នក​ជំងឺ​មាន​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល ដោយ​គិត​ជា​នាទី។ ពី​មួយ​នាទីទៅ​មួយ​នាទី​​ជំងឺ​ធ្លាក់​ធ្ងន់​ធ្ងរ​ខុស​គ្នា​ឆ្ងាយ​ណាស់។ ពាក្យ​ស្លោក​បូរាណ​ថា ពេលវេលា​ជា​មាសប្រាក់ តែ​ក្នុង​ករណី​មាន​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ពេលវេលា​ជា​ចំនួន​កោសិកាសរសៃ​​ប្រសាទ។ នៅពេល​​ខ្វះ​អុកស៊ីហ្សែន គ្មាន​ឈាម​ហូរ​ទៅ​ចិញ្ចឹម មួយ​នាទី ខួរក្បាល​ត្រូវ​បាត់បង់​កោសិកា​សរសៃ​​ប្រសាទអស់​​២លាន។ អ៊ីចឹង​ហើយ​បាន​ជា​គ្រូពេទ្យ​តែង​ផ្តល់​អនុសាសន៍​ឱ្យអ្នក​ជំងឺ​និងអ្នក​ជុំ​វិញ​ខ្លួន​ចេះ​សម្គាល់​អំពីអាការៈ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល និង​​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរ​ពេទ្យ​បាន​ឆាប់​រហ័ស​ជា​ទីបំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និងកាន់​តែ​ប្រសើរ​ឱ្យ​បាន​​ក្នុង​អំឡុង​ពេល​បួន​ម៉ោង​កន្លះ​ដំបូង​​យ៉ាង​យូរ។

តើ​អាការៈ​សញ្ញា​សម្គាល់​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល​​មាន​យ៉ាង​ដូចម្តេច​ខ្លះ? រោគ​សញ្ញា​ទី​មួយ អាច​​ជា​ការ​ចុះ​ខ្សោយ​ បាត់​កម្លាំង​នៅ​ដៃ​ នៅ​ជើង នៅ​មុខ ឬ​ទាំង​បី​ក្នុង​ពេល​ជាមួយ​គ្នា​តែ​ម្តង។ អ្នក​ជំងឺ​មាន​អារម្មណ៍ថា​​ស្ពឹក ​បាត់​បង់ភាព​រំញោច ជា​សញ្ញា​ទីពីរ ឯ​សញ្ញា​ទី​បី គឺ​ការ​​និយាយ​ស្តី ពិបាក​យល់​ និង​ចុងក្រោយ​ មាន​បញ្ហា​ភ្នែក ស្រវាំង​មើល​មិន​ច្បាស់។ ជួន​កាល​អ្នក​ជំងឺ​អាច​មាន​សញ្ញា​រោគ​ផ្សេង​ទៀត ដូច​ជា​វិល​មុខ​ ឃ្លីឃ្លោង​ ឬ​ឈឺក្បាល​យ៉ាង​ខ្លាំង។ ក្នុង​៩ករណី​លើ​១០ ជំងឺ​នេះ​បាន​ស្តែង​ឡើង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ ពីរ​ទៅ​បី​នាទី​ប៉ុណ្ណោះ។ ដូច្នេះ​ត្រូវរួស​រាន់​​ធ្វើ​រោគ​វិនិច្ឆ័យ​ឱ្យ​បាន​លឿន ដើម្បី​ឆាប់​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ សូម​ស្តាប់ប្រសាសន៍​របស់​វេជ្ជបណ្ឌិត​ ស៊ន ផលនីកា គ្រូពេទ្យ​ជំនាញ​ប្រព័ន្ធ​ប្រសាទ​ ពន្យល់​អំពី​របៀប​ផ្ទៀង​ផ្ទាត់ ដើម្បី​ដឹង​ថា​អ្នក​ជំងឺ​ពិត​ជា​មាន​គ្រោះ​ថ្នាក់សរសៃ​ឈាម​ក្នុង​ខួរក្បាល៖

ការ​ផ្ទៀង​ផ្ទាត់​ត្រូវធ្វើ​ឱ្យ​បាន​លឿន​ ក្នុង​ពីរ​ទៅបី​នាទី តាម​ក្បួន​អង់គ្លេស F-A-S-T

- Face- មុខវៀច ៖ ឱ្យ​អ្នក​ជំងឺ​ញញឹម ដើម្បី​សម្គាល់​មើល​ថា​តើ ​មាត់​មាន​វៀច​ដែរ​ឬទេ ?

- Arm- ដៃខ្សោយ​ម្ខាង ៖ ឱ្យ​អ្នក​ជំងឺ​លើក​ដៃ ទាំង​ពីរ ដាក់​ទៅ​មុខ ក្នុង​កំរិត​ ៩០​ដឺក្រ តើ​គាត់​អាច​លើក​បាន​ស្មើ​គ្នា​ដែរ​ឬអត់? ឬ​ឱ្យ​អ្នក​ជំងឺ​ចាប់​ឬ​ច្របាច់​ដៃ​យើង​ តើ​គាត់​មាន​កម្លាំង​ដៃម្ខាង​ខ្លាំង​ជាង​ម្ខាង​ទៀត​ដែរ​ឬទេ ?

- Speak- ពិបាក​និយាយស្តី ៖ ហៅ​អ្នក​ជំងឺ​ឱ្យ​និយាយ សួរ​សំណួរតើ​​អ្នក​ជំងឺ​អាច​ឆ្លើយ​ បាន​ដែរ​ឬអត់

- Time -ពេលម៉ោង ៖ អ្នក​នៅ​ជុំ​វិញ ត្រូវ​ចង​ចាំ​​អំពី​ពេលវេលា និង​រយៈ​ពេល​ដែល​អ្នក​ជំងឺ​ធ្វើ​ទុក្ខ រហូត​ដល់​ជួប​គ្រូពេទ្យ​ និង​ដល់​មន្ទីរពេទ្យ។

ត្រូវ​ជួយ​សង្គ្រោះ​និង​បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ​ឱ្យ​បាន​ឆាប់​រហ័ស​។ កាន់​តែ​ឆាប់​ កាន់​តែ​ប្រសើរ ព្រោះ​ការ​ព្យាបាល ​អាស្រ័យលើ​​ពេល​វេលាខ្លាំង​ណាស់​ដែរ។ ​បើ​ជា​ករណី​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ដោយ​​កា​រកក​ស្ទះ​ដុំ​កំណកឈាមក្នុង​សរសៃ​​ ​ ការ​ព្យាបាល​ដោយ​ចាក់​ថ្នាំ​រំលាយ​ឈាម​មាន​ប្រសិទ្ធភាព​ខ្ពស់ខ្លាំង បើ​មក​ដល់​មន្ទីរ​ពេទ្យ ក្នុងកំឡុង​​ពេល​មុន​បួន​ម៉ោង។

គោលការណ៍​នៃ​ការរំលាយ​ដុំ​កំណក​ស្ទះ​​សរសៃ​ឈាម​ ជា​យន្តការ​​សាមញ្ញដូចចាក់​ ​ទម្លុះ​​កំណក​ពេល​ស្ទះ​លូ ឬ​ទុយយោ​ទឹក​ដូច្នោះ។ ក្នុង​ការ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល​ គ្រូពេទ្យ​អាច​ចាក់​ថ្នាំ​បំបែក​កំណក​​ ឬដាក់​ប្រដាប់​​ចូល​តាម​សរសៃ​ឈាម​អាទែរ​ នៅ​ជើង សសៀ​ឡើង​តាម​សរសៃ​ឈាម​នោះ​​ ​ទៅ​ចាប់​ដុំ​កំណក​ក្នុង​​សរសៃ​អាទែរ​នៅ​ខួរក្បាល​។

ជា​ដំណឹង​ល្អ នៅពេល​នេះ​ សូម្បី​តែ​អ្នក​ជំងឺ​ធ្ងន់​ខ្លាំង ដែល​គ្រូពេទ្យ​លែង​ធានា​ និង​មិន​សង្ឃឹម​សោះ​ពី​មុន ក៏​អាច​សង្គ្រោះ​បានដែរ។ នៅប្រទេស​បារាំង​ដែល​ល្បីខាង​មាន​គ្រូពេទ្យ​និង​បច្ចេកវិទ្យាព្យាបាល​ខ្ពស់​ គ្រូពេទ្យ​សម្រេច​ព្យាបាល​អ្នក​ជំងឺ​មាន​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល ដោយ​សាក​ល្បង​ទៅ​ចាប់ឬ​បំបែក​​ដុំ​កំណក​ឈាម​ចេញ​ពី​សរសៃ​ខួរក្បាល​ តែ​​នៅ​ពេល​ណា​លទ្ធផល​ថត​អឹមរ៉ាយ IRM បង្ហាញ​ថា​ខួរក្បាល​រង​ការ​ខូច​ខាត​​តិច​តួច​ប៉ុណ្ណោះ។ បើ​តាម​សម្មតិកម្មកាល​ពីមុន បើ​ខួរក្បាល​ខូច​ខាត​ធំ​ខ្លាំង​ជ្រុល​ហើយ គេ​មិន​អាចទៅបាញ់​

បញ្ចូល​ថ្នាំ​ក្នុង​​​សរសៃ​ឈាម​ដែល​ស្ទះ​នោះបាន​ទៀត​​ទេ។ និយាយ​ឱ្យ​ស្តាប់ទៅ​គឺ គេ​ចាត់​ទុក​ថា​ជាលិកា​ខួរក្បាល​បើស្វិត​ស្លាប់​ហើយគឺ​​ស្លាប់​រហូត គ្មាន​សង្ឃឹម​អាច​ស្តារ​ឱ្យ​ប្រសើរ​ឡើង​វិញ​បាន​ទេ។

ប៉ុន្តែ​កោសិការ​ប្រព័ន្ធ​ប្រសាទ​ ឬ​ខួរក្បាល​ដែល​គេ​គិត​ថា​ងាប់​បាត់​ទៅ​ហើយនោះ​ មិន​ប្រាកដ​ជា​ស្លាប់​មែនទែន​ឡើយ។ នេះ​ជា​គឺ​សេចក្តី​សន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ​ជំនាញ​ប្រព័ន្ធ​ប្រសាទ​និង​ថតឆ្លុះ​ប្រព័ន្ធ​ប្រសាទ​នៅ​មន្ទីរពេទ្យ​ម៉ុងប៉ឺលីយ៉េរ ប្រទេស​បារាំង​ នៅ​ក្នុង​ការ​សិក្សា​របស់​ពួក​គេ។ សេចក្តី​សន្និដ្ឋាន​ថ្មីនេះ បាន​ផ្តល់​ក្តី​សង្ឃឹម​យ៉ាង​ធំធេង ដល់​អ្នក​ជំងឺ​ស្ត្រូប​កំរិត​ធ្ងន់​ ឬ​ដែល​មិន​អាច​ជា​ត្រលប់​មក​រក​ភាព​ដើម​វិញ​បាន។ ដូច្នេះ ទោះ​បី​ជា​ស្ថានភាព​នៃ​ជំងឺ​ហាក់​គ្មានលទ្ធភាព​ស្តារ​បាន​យ៉ាងណា​ក៏​ដោយ ក៏​គ្រូពេទ្យ​នៅ​តែ​សាក​ល្បង​ទៅ​យក​ឬ​ប្រើ​ថ្នាំ​ទៅ​បំបែក​​ដុំ​កំណក​ឈាម​នោះ​ដែរ។ ហើយ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មែនទែន នៅ​ពេល​ដក​កំណក​ឈាម​នោះ​បាន ហានិភ័យ​ស្លាប់​ដោយ​អាវេសេ ​បាន​ធ្លាក់​ចុះ​២០%។ អ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម​៥​នាក់ អាច​ជា​ត្រលប់​មក​ផ្ទះ​វិញ​បានពីរ​បី​ខែក្រោយ​ពី​​បាន​ទទួល​ការព្យាបាល​និង​ហាត់​រៀន​ធ្វើ​កាយវិការ​ដែល​បាត់​បង់​ពេល​មាន​គ្រោះ​ថ្នាក់​។ នេះ​គឺ​ជា​របក​គំហើញ​ដ៏​ជឿន​លឿន​បំផុត​មួយ​និង​ដែល​គេ​សូម​អរគុណ​​ក្រុម​អ្នក​ស្រាវជ្រាវ​បារាំង។ ជា​ថ្នាំ​ដែល​មាន​សមត្ថភាព​ពង្រាវឈាម​មិន​ឱ្យ​កក​ក្លាយ​ជា​ដុំ​កំណក​ តែ​មិន​បង្កើន​គ្រោះដាច់​​ហូរ​ឈាម​ទេ។

ថ្នាំ​រក​ឃើញ​ថ្មី​ ដែល​ត្រូវ​ប្រើ​បន្ថែម​ពី​លើ​ការ​ព្យាបាល​តាម​ក្បួន​វេជ្ជសាស្ត្រ​កំណត់​បច្ចុប្បន្ន ទំនង​អាច​កាត់​បន្ថយ​​ហានិភ័យ​ស្លាប់​បាន​ជាង​៥០% និង​កាត់​បន្ថយ​ពិការភាព​ធ្ងន់ធ្ងរ​ ដោយ​ជំងឺ​ស្ត្រូប បាន​ច្រើន​ទៀត។ សូម​បញ្ជាក់​ថា​អាវេសេ ឬ​ស្ត្រូប ជា​មូលហេតុទីមួយ​នាំ​ឱ្យ​មាន​​ភាព​ពិការ​ (ពិការ​ដោយ​គ្មាន​បុក​ទង្គិច)។ ​ប៉ុន្តែ​សម្រាប់​ពេល​នេះ ថ្នាំ​ស្ថិត​នៅក្នុង​ការ​សិក្សា​សាកល្បង​ដំណាក់​កាលទីពីរ​នៅឡើយ​ទេ។ អ្នក​ស្រាវជ្រាវ​នឹង​បញ្ជាក់​អំពី​ប្រសិទ្ធភាពនៃ​ថ្នាំ ក្រោយ​បាន​ទទួល​លទ្ធផល​សាកល្បង​ដំណាក់កាលទីបី៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ