អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ហេតុអ្វីពិភពលោកមានមនុស្សមីញ៉ូបភ្នែកកាន់តែច្រើន និងតាំងពីក្មេងខ្លាំង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាពលរដ្ឋ​​លើ​ភព​ផែនដី​ចំនួនពាក់​កណ្តាល​នឹង​មាន​ភ្នែក​មីញ៉ូប នៅ​​ឆ្នាំ​២០៥០ ពោល​គឺ​ជា​កំណើន​មួយ​ទ្វេ​ជា​ពីរ​បើ​ប្រៀប​ទៅ​នឹង​ចំនួន​អ្នក​មីញ៉ូប​នាពេល​បច្ចុប្បន្ន។ តើហេតុ​អ្វី បាន​ជា​ពិភពលោក​មាន​កំណើន​មនុស្ស​មីញ៉ូប​ខ្លាំង​ដូច្នេះ? ​នេះ​គឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​អេក្រង់ និង​មើល​ទូរស័ព្ទ​ដៃ​ច្រើន​ពេក​ឬ? ចុះ​តើ​វិទ្យាសាស្ត្រ​អាច​ទប់​ស្កាត់​និង​ព្យាបាល​ជំងឺមីញ៉ូប​បាន​ទេ? ដោយ​វិធីណា? ការ​បាញ់​ឡាស៊ែរ​បំបាត់​មីញ៉ូប មាន​គ្រោះថ្នាក់​និង​ប្រសិទ្ធភាព​យ៉ាងណា?

នៅ​ឆ្នាំ​២០៥០ មនុស្ស​កន្លះ​ផែន​ដី​នឹង​មាន​ភ្នែក​មីញ៉ូប
នៅ​ឆ្នាំ​២០៥០ មនុស្ស​កន្លះ​ផែន​ដី​នឹង​មាន​ភ្នែក​មីញ៉ូប © Unsplash - Josh Calabrese
ផ្សាយពាណិជ្ជកម្ម

​តើ​អនាគត​ទៅ​ មនុស្ស​នៅ​លើ​ផែនដី​សុទ្ធ​តែ​មាន​ភ្នែក​មីញ៉ូបទាំងអស់​គ្នា​ឬ? ​កន្លង​មក​ ករណី​មីញ៉ូប មាន​ផ្ទុះ​កើន​ខ្លាំង​តែ​នៅ​តាម​បណ្តា​ប្រទេសក្នុង​ទ្វីប​​អាស៊ី​​​តែ​ប៉ុណ្ណោះ។ ទស្សនាវដ្តី​សុខភាព​The Lancet ធ្លាប់​បានចេញ​របាយការណ៍​ទាញ​សញ្ញា​អាសន្ន​កាលពី​១០​ឆ្នាំ​មុន​ថា​ នៅ​ជប៉ុន កូរ៉េខាង​ត្បូង ឬ​ក៏​ចិន ក្នុង​ចំណោម​សិស្ស​សាលា​១០នាក់ ក្មេង​៩​នាក់​ហើយ​មាន​ពាក់​វែនតា ដើម្បី​កែ​សមត្ថភាព​មើលឆ្ងាយ​​របស់​ភ្នែក។ បច្ចុប្បន្ននេះ ៤០%នៃ​មនុស្សលោក​​​មានភ្នែក​​មីញ៉ូប​ ក្នុង​នោះ​៥ទៅ​១០​% ជា​មីញ៉ូបខ្លាំង ធ្ងន់ធ្ងរ។ អត្រាកំណើន​ករណីភ្នែក​មីញ៉ូបឡើង​លឿនរហ័ស​ខ្លាំងណាស់​ ហើយជាពិសេស​​មានកុមារកាន់​តែ​ច្រើន​ឡើងៗ និងកាន់​តែ​​ក្មេង​ឡើង​ៗ ​មីញ៉ូប។​ យោង​តាម​​​ល្បឿន​សព្វ​ថ្ងៃ គេ​អាច​ព្យាករណ៍​បាន​ថា​នៅ​ឆ្នាំ​២០៥០ មនុស្សជាតិ​ពាក់​កណ្តាល​ផែនដី នឹង​ពាក់​វែនតា​ ដោយ​សារ​រោគ​មីញ៉ូប។

ហេតុ​អ្វី​បាន​ជា​ជំងឺ​មីញ៉ូបកើន​ឡើង​យ៉ាង​លឿន​រហ័ស​យ៉ាង​ដូច្នេះ?

មីញ៉ូប​មាន​លក្ខណៈ​ជា​​ជំងឺតពូជ មាន​ន័យ​ថា​​​បើ​ឪពុកម្តាយ​ជា​មាន​អាការៈ​មីញ៉ូប នោះ​កូន​ចៅ​ជំនាន់​ក្រោយងាយ​​មាន​ហានិភ័យ​អន់​ភ្នែកមើល​ឆ្ងាយមិន​ច្បាស់​ដែរណាស់។ ប៉ុន្តែ​នៅ​មាន​មូលហេតុ​ជា​ច្រើន​ផ្សេង​ទៀត ដែ​​ល​ជំរុញ​ឱ្យ​មាន​ករណី​មីញ៉ូបកាន់​តែ​ច្រើនឡើងនោះ។

មូលហេតុ​ទាំង​នោះ​អាច​ជា​សម្ពាធ​គ្រួសារបង្ខំ​ឱ្យ​កូន​ខំ​ប្រឹង​ធ្វើការ-ប្រឹង​រៀន​ជ្រុល​ហួសហេតុ ការ​ប្តូរ​ផ្លាស់​ទម្លាប់​រស់​នៅ​ ដោយ​​លែង​សូវ ​​ចេញទៅរត់​លេង​នៅ​​ក្រៅ​ផ្ទះ​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ។ តើសម្ពាធ​គ្រួសារ​ មាន​ទំនាក់ទំនង​នឹង​ការ​មីញ៉ូបយ៉ាង​ដូចម្តេច។  លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ដាម្ញៀង ហ្កាទីណែល Damien Gatinel គ្រូពេទ្យ​ឯកទេសភ្នែក​នៅ មន្ទីរពេទ្យ​មូលនិធិអាដុល រ៉ូឈីល ក្រុង​ប៉ារីស បាន​ពន្យល់អំពី​សម្ពាធ​បរិយាកាស​ចំពោះ​ភ្នែក​មីញ៉ប​យ៉ាង​ដូច្នេះ​ថា នៅ​ក្នុង​ទីក្រុង​ធំៗ របស់​អាស៊ី ដូច​ជា​ប៉េកាំង សៀងហៃ តៃវ៉ាន់ ហុងកុង តូក្យូ ឬសេអ៊ូល ។ល។ និង​។ល។ អត្រាក្មេង​មីញ៉ូប ឡើង​ដល់​៩០% ដោយហេតុ​របៀបរបប​រស់​នៅរបស់​​ពួកគេ។ ​នៅពេល​ពលរដ្ឋ​អាស៊ីទាំង​នេះ ​និរទេស​ខ្លួន​ទៅ​រស់​នៅបរទេស-ក្នុង​ប្រទេស​ដែល​ផ្តល់​អាទិភាព​ដល់​សកម្មភាព​នៅ​ក្រៅ​ផ្ទះ​ ដូច​យ៉ាង​អូស្ត្រាលី-​ កូនៗ​របស់​ពួកគេ មិន​សូវមាន​បញ្ហា​ភ្នែក​​មីញូប​ទេ។ អត្រាក្មេង​មីញូបក្នុង​សហគម​ន៍​អាស៊ីនេះ​ទាប​ខ្លាំង​ណាស់​ បើ​​ទោះ​មាន​ហ្សែន​ដូច​គ្នា​ក៏​ដោយ។

លោកវេជ្ជបណ្ឌិត​ ដាម្ញៀង ហ្កាទីណែល​ ៖ “បើ​ឪពុកម្តាយ​មីញ៉ូប កូន​ក៏​​ច្រើន​តែ​មីញ៉ូប​​ភ្នែកដែរ ប៉ុន្តែ​បរិស្ថាន និង​សម្ពាធ​បរិយាកាសជុំ​វិញខ្លួន ដែល​មកប្តូរ​​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ ដូច​ជា​ការ​ចូល​ចិត្ត​សំងំ​នៅ​តែ​ក្នុង​ផ្ទះ និងការ​ប្រើប្រាស់​អេក្រង់ (ទូរស័ព្ទ​ ស្មាតហ្វូន អាយផែត អាយផាត់ ...) ច្រើន​ជ្រុល​ហួសហេតុ ក៏​ជា​កត្តា​នាំ​ឱ្យ​ភ្នែក​ឆាប់​មីញ៉ូបដែរ។ ដោយសារ​អេក្រង់ ក្មេង​មិន​ត្រឹម​តែទម្លាប់​​​ប្រើ​ភ្នែក​មើល​ជិត​ជ្រុល​ទេ តែ​ថែមទាំងជក់​ខ្លាំង​លែង​ចង់​ចេញ​រត់​លេង​ក្រៅ​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ។ ពន្លឺ​ថ្ងៃ​ដើរ​តួនាទី​សំខាន់​ណាស់ក្នុងការ​គ្រប់​គ្រង​ដំណើរ​វិវឌ្ឍលូតលាស់​នៃ​​សរីរាង្គកាយ ពិសេសគ្រាប់​ភ្នែកតែម្តង។ ភ្នែក​អ្នក​មីញ៉ូប ជា​ភ្នែក​វែង​ មាន​គម្លាត​ខ្លាំង​រវាង​ប្រស្រី​និង​កែវភ្នែក ទើបមើល​ឆ្ងាយ​មិន​ច្បាស់។ កាលណា​​ខ្វះ​ពន្លឺ​ថ្ងៃ​ នៅ​ក្នុង​វ័យ​កុមារនិង​ពេល​​ជំទង់ គ្រាប់​ភ្នែករបស់​​ពួកគេច្រើន​តែ​​លូត​​វែង​ជ្រុល​ហួស​ហេតុ​។”

មីញ៉ូប​អាច​ធ្វើ​​ឱ្យ​ងងឹត​​ភ្នែក​?

ជា​ទូទៅ ក្មេង​មីញ៉ូបភ្នែក​កម្រ​ថ្ងូរ​ឬ​និយាយ​ប្រាប់​ឪពុកម្តាយ​​ អំពី​អាការៈ​មើល​មិន​ច្បាស់​របស់​ខ្លួនណាស់។ ប៉ុន្តែ​មាន​កាយវិការ​មួយ​ចំនួន​ដែល​អាណាព្យាបាល​ត្រូវ​ចាប់​អារម្មណ៍​នាំ​ក្មេង​ទៅ​ពេទ្យ​ភ្នែក គឺ​នៅ​ពេល​ក្មេង​ឧស្សាហ៍​ញីភ្នែក ធ្វើ​ភ្នែក​ប្រឹមៗ​នៅ​ពេល​សំឡឹង​មើល​អ្វី​មួយ ឬ​ គ្រាប់​ភ្នែកបង្វិល​មិន​ល្អ​ដូច​​កែក​ពេល​ប្រឹង​មើល។ ចូល​ចិត្ត​ដើរ​ទៅ​កៀក​នៅពេល​ចង់​មើល ចង់​ឃើញ​ ឬ​ចង់​អាន​អក្សរ។ លទ្ធផល​​សិក្សា​ធ្លាក់​ចុះ​ រៀន​មិន​ទាន់​គេ ដូច្នេះ​មិន​ត្រូវ​ធ្វេសប្រហែស​នឹង​អាការៈ​មីញូប​របស់​ក្មេងឡើយ​ ព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ​ទៀត។

​លោកសាស្ត្រាចារ្យ​ ដាម្ញៀង​ ហ្កាទីណែល៖ “មីញ៉ូបជា​បញ្ហា​ធ្ងន់ធ្ងរ ព្រោះ​វាអាច​មាន​បង្កប់​នូវ​​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ទៀត ដូច​ជា​ជំងឺក្លូកូម (ជំងឺ​តឹង​​ប្រស្រីភ្នែក​​) ដែល​កើត​មាន​ជា​ញឹកញាប់​លើអ្នក​មីញ៉ូប។ អ្នក​មីញ៉ូប​ឆាប់​ជួប​បញ្ហា​​ ​​ភ្នែកឡើង​បាយ និង​ងាយ​មាន​បញ្ហា​នៅលើស្រទាប់​ស្បែកស្តើង​នៃ​​កែវភ្នែក ដោយ​អាចជា​អាការៈ​​​របើកឬ​រហែក​ដាច់​ស្រទាប់​កែវភ្នែក ដែល​ជា​តំណាង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ដល់​ការមើល ពោល​គឺ​អាចធ្វើ​ឱ្យ​​ភ្នែកងងឹត​បាន។ ដូច្នេះ​មិន​ត្រូវ​មើល​ស្រាល​ អាការៈ​​មីញ៉ូប​ទេ។ ភ្នែក​មីញ៉ូបតែង​ស្រដោង​មក​ជាមួយ​នូវ​ជំងឺ​មួយ​ចង្កោម​ផ្សេង​ទៀត ដែល​យើង​ត្រូវ​ប្រឹង​លុប​បំបាត់។”

បាន​ដឹង​និង​មើលថែ​ភ្នែក​មីញ៉ូប​បាន​កាន់​តែ​ឆាប់ កាន់​តែ​ប្រសើរ​ ព្រោះ​បច្ចុប្បន្ននេះ វិទ្យាសាស្ត្រ​​បាន​រក​ឃើញ​​កញ្ចក់​វែនតាប្រភេទ​ថ្មី ​ដែល​ពាក់​ទៅ ​អាច​ព្យាបាលទប់កំរិត​​​​​មីញ៉ូប​របស់​ក្មេង​បាន។ កញ្ចក់​វែនតាទំនើប​ថ្មី​ អាច​ជួយ​កែ​តម្រង់ផ្លូវ​​​ពន្លឺ​ថ្ងៃខ្លះ។ បើ​តាម​ការ​សិក្សា​បឋម ពន្លឺ​ខ្លះ​អាច​ទប់​ស្កាត់​ការ​វិវឌ្ឍ​នៃ​ភាពមីញ៉ូបបាន។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ចាំបាច់​​ត្រូវ​នាំ​កូន​ទៅ​ពិនិត្យ​សុខភាព​ភ្នែក​ ដើម្បី​ឆាប់​ដឹង​អំពីអាការៈ​មីញ៉ូប​របស់​កូន។”

មីញ៉ូម​អាច​ជា​ ដោយ​ការ​វះកាត់​​បាញ់​ឡាស៊ែរ?

វែន​តាប្រភេទកែវ​ធម្មតា ក៏​អាចជួយ​កែ​ឱ្យ​មើល​ឃើញ​ច្បាស់​ផង និង​អាច​ជួយ​កុំឱ្យ​ជំងឺ​​មីញ៉ូបទៅ​មុខ​លឿន​ផង។ បើ​មិន​ពាក់​វែនតា សមត្ថភាព​មើល​ឃើញ​រ​បស់​ភ្នែក​កាន់​តែ​ធ្លាក់​ចុះ​ជា​លំដាប់​។ ម្យ៉ាង ​បច្ចុប្បន្ន ការ​ពាក់​វែនតា​​​កំពុង​ពេញ​និយម និង​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជាមនុស្ស​ចម្លែក មាន​បញ្ហា​ដូចទស្សនៈ​នៅ​សម័យមុន​ទេ។ ប៉ុន្តែ​ការ​​ពាក់​វែនតាពេល​ខ្លះ​អាច​ជា​ការ​រំខាន​ អាចទើសទែង​ ទើប​អ្នក​មីញ៉ូប​ជ្រើសរើស​ពាក់ខុន​តាក់លែន ឬ​ខ្លះ​សម្រេច ព្យាបាល​មីញ៉ូប​ដោយ​បាញ់​កាំរស្មី​ឡាស៊ែរ។ តើ​វិធី​ព្យាបាល​ដោយ​ឡាស៊ែរ​ អាច​ជា​ទី​ទុក​ចិត្ត​ និង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ភ្នែក​ដែរ​ឬទេ បើ​ពេទ្យ​ធ្វើ​មិន​បាន​ត្រឹម​ត្រូវ?

សម្រាប់​លោក​វេជ្ជបណ្ឌិត ហ្កាទីណែល​ អ្នក​ជំងឺ​អាច​ទុក​ចិត្ត​លើ​បច្ចេកវិទ្យា​វះកាត់​មីញ៉ូប​ដោយ​ឡាស៊ែរ​បាន​។ ទិកនិក​បច្ចុប្បន្ន​អាច​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ប្រើ​ភ្នែក​និង​ត្រលប់​ទៅ​ធ្វើ​ការ​វិញ​បាន​យ៉ាង​ឆាប់រហ័ស។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​គឺ​ត្រូវឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ថា​តើ​អ្នក​ជំងឺមីញ៉ូប​នេះ​អាច​ទទួលការ​វះកាត់​បាន​ដែរឬអត់។ គ្រប់​មីញ៉ូប​មិន​សុទ្ធ​តែ​អាច​ព្យាបាល​ដោយ​ឡាស៊ែរ​បាន​ឡើយ។ ដើម្បី​អាច​​ធ្វើការ​វះកាត់​ដោយ​ឡាស៊ែរ អ្នក​ជំងឺ​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា៖ មាន​កំរិត​មីញ៉ូប​ល្មម មិន​ខ្លាំង​ហួសហេតុ​ពេក (បើ​ខ្លាំង​ជ្រុល​ត្រូវ​វះកាត់​ដោយ​ឡាស៊ែរ​បន្សាំកែវភ្នែក)។ មីញ៉ូបលែង​វិវឌ្ឍ​ យ៉ាង​ហោច​ពីរ​ឆ្នាំ​ជាប់​គ្នា​។ ត្រូវមាន​ស្រទាប់​កែវភ្នែក​ក្រាស ស្មើល្អ​ មាន​ន័យ​ថាមិន​សូវធ្លាប់​​ញី​ភ្នែក​ ព្រោះការ​​ញី​ភ្នែក ដោយ​មាន​បញ្ហា​អាល់ឡែកស៊ី ឬ​បញ្ហា​អ្វីក៏​ដោយ វា​​ធ្វើ​ឱ្យ​សឹក​កែវភ្នែក​ ធ្វើ​ឱ្យ​កែវភ្នែក​ស្តើង​ ​ឆ្កូត និង​ដាច់​ដាច។ ​អ្នកជំងឺ​មីញ៉ូប​ខ្លះ​មិន​អាច​ទទួល​ការ​វះកាត់​ព្យាបាល​ដោយ​ឡាស៊ែរ​បានដោយ​ហេតុ​តែ​ធ្លាប់​ញី​ភ្នែក​ខ្លាំង​ពេក។ នៅពេល​រមាស់ទប់​មិន​បាន សូម​ចុច​ សង្កត់លើ​ ចុង​កន្ទុក​ភ្នែក​ដោយ​ថ្នមៗ ហើយ​កុំ​សង្កត់​ញីញក់​លើ​ត្របក​ភ្នែក។ ព្យាយាម​គ្រប់​គ្រងបញ្ចៀស​​ឱ្យ​បាន​កត្តា​នាំ​ឱ្យ​រមាស់ចង់​ញី​​ភ្នែក។ នេះ​ជា​សារ​ដែល​លោក​វេជ្ជបណ្ឌិត​ចង់​បញ្ជ្រៀប​ដល់​បណ្តា​ជន​គ្រប់​រូប ដើម្បីការពារ​សីររាង្គ​ភ្នែក​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ