ក្រោយភេរវកម្មនៅប៉ារីស បារាំងសុខចិត្តកាន់ដៃគ្នាជាមួយរុស្ស៊ីប្រយុទ្ធប្រឆាំងពួកអង្គការរដ្ឋអ៊ីស្លាម
ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងពួកភេរវនិយម កាន់តែមានទ្រង់ទ្រាយធំ នៅក្នុងប្រទេសស៊ីរី។ ក្រោយពីបានបើកការវាយប្រហារឥតប្រណីកាលពីយប់ថ្ងៃអាទិត្យលើក្រុងរ៉ាខា ជាចម្លើយតបក្តៅៗទៅនឹងភេវកម្មនៅក្រុងប៉ារីសមក នៅថ្ងៃអង្គារនេះ បារាំងបានកាន់ដៃគ្នាសហការជាមួយរុស្ស៊ី។ លោកពូទីនបានបង្ហើបឱ្យដឹងអំពីកិច្ចព្រមព្រៀងជាគោលការណ៍រវាងបារាំងនិងរុស្ស៊ី ស្តីអំពីប្រតិបត្តិការយោធានៅស៊ីរី។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:១៦
គិតចាប់តាំងពីសង្គ្រាមលោកឆ្នាំ១៩៤៥មក នេះគឺជាលើកទីមួយហើយដែលបារាំងនិងរុស្ស៊ី បានចេញធ្វើប្រតិបត្តិការផ្លូវអាកាសរួមគ្នា បាញ់រះ នៅភាគខាងជើងស៊ីរី។ ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការវាយប្រហារផ្លូវអាកាសបារាំងរុស្ស៊ី បានសម្លាប់ពួកជីហាត ៣៣នាក់។
នឹងមានកិច្ចសហប្រតិបត្តិការរវាងទ័ពជើងទឹកបារាំង-រុស្ស៊ី ក្នុងសមុទ្ទមេឌីទែរ៉ាណេ ទំនាក់ទំនងស្អិតល្មួតរវាងភ្នាក់ងារចារកិច្ចបារាំង-រុស្ស៊ី ស្តីពីស៊ីរី ក្នុងបុព្វហេតុតែមួយគឺកម្ចាត់សត្រូវរួម “ពួកអង្គការរដ្ឋអ៊ីស្លាម”។ នេះបើតាមប្រភពមកពីម៉ូស្គូ ដែលបានបញ្ជាក់ថាមានការព្រមព្រៀងជាគោលការណ៍ជាមួយបារាំង បើកប្រតិបត្តិការយោធារួមគ្នាប្រឆាំងនឹងពួកអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី។
នាវាចម្បាំងផ្ទុកយន្តហោះបារាំងបានចាកចេញពីកំពុងផែបារាំង ហើយ ដូច្នេះត្រូវភ្ជាប់ទំនាក់ទំនងគ្នាដោយភ្លាម ដើម្បីធ្វើការជាមួយសម្ព័ន្ធមិត្ត។ សូមបញ្ជាក់ថា ក្រោយសង្គ្រាមលោកបានចប់ បារាំងនិងរុស្ស៊ី ធ្លាប់ធ្វើការរួមគ្នាបេសកកម្មយោធាជាច្រើន ប៉ុន្តែក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិប៉ុណ្ណោះ។ ក្រោយភេរវកម្ម១១កញ្ញានៅសហរដ្ឋអាមេរិក រុស្ស៊ីបានត្រឹមតែជួយចែករំលែកព័ត៌មានឬឱ្យខ្ចីដែនអាកាសហោះហើរប៉ុណ្ណោះជាមួយអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ