អានតួអត្ថបទ
ភូមា

បោះឆ្នោត​សភា​ភូមា៖តើ​សុបិន​របស់​លោកស្រី​អ៊ុង សានស៊ូជី​កំពុង​ក្លាយ​ជា​ការ​​ពិត​ឬ ?

នៅ​ថ្ងៃ​អាទិត្យ ទី៨ វិច្ឆិកា​នេះ មាន​ប្រជាជន​ភូមា​ជាង ៣០លាននាក់​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា និង​សមាជិក​ព្រឹទ្ធសភា​ថ្មី ព្រម​ទំាង​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​នៅ​ក្នុង​សភា​តំបន់​ចំនួន ១៤តំបន់​។ ការ​បោះឆ្នោត​សភា​នៅ​ភូមា​ថ្ងៃ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​បោះឆ្នោត​ប្រវត្តិសាស្រ្ត ព្រោះ​នេះ​ជា​លើកទី១ ក្នុង​រយៈពេល ២៥ឆ្នំា​ដែល​ការ​បោះឆ្នោត​ត្រូវ​បាន​គេ​សន្យា​រៀបចំ​ដោយ​សេរី និង​តាម​បែប​ប្រជាធិបតេយ្យ។ ម្យ៉ាង​ទៀត នេះ​ជា​លើក​ទី១ ដែល​គណបក្សប្រឆំាង​របស់​លោកស្រី​អ៊ុង សានស៊ូជី គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបេតេយ្យ​សង្ឃឹម​ឡើង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​ក្រក្រី​មួយ​ដែល​ស្គាល់​តែ​របប​សឹក។

លោកស្រី​អ៊ុង សានស៊ូជី ប្រធាន​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបេតេយ្យ​នៅ​ភូមា
លោកស្រី​អ៊ុង សានស៊ូជី ប្រធាន​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបេតេយ្យ​នៅ​ភូមា Reuters
ផ្សាយពាណិជ្ជកម្ម

បរិយាកាស​រួម​នា​ការ​បោះឆ្នោត​សភា​នៅ​ក្នុង​ប្រទេស​ភូមា​ថ្ងៃ​នេះ គឺ​ល្អ ព្រោះ​ពុំ​មាន​ឧប្បតិ្តហេតុ​អ្វី​កើត​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ទេ។ ការិយាល័យ​បោះឆ្នោត​បាន​បើក​ទ្វារ​ទទួល​អ្នក​បោះឆ្នោត​តំាង​ពី​ម៉ោង ៦ព្រឹក​ម៉ោង​ក្នុង​ស្រុក និង​បាន​បិទ​ទ្វារ​នៅ​ម៉ោង ៦ល្ងាច។ អ្វី​ដែល​គេ​បាន​កត់សម្គាល់​ឃើញ​ជា​ទូទៅ គឺ​វត្តមាន​ចូលរួម​របស់​អ្នកបោះឆ្នោត​យ៉ាង​ច្រើន​សម្បើម​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ​ដែល​ពួក​គេ​បាន​ឈរ​តម្រង់​ជួរ​តំាង​ពី​មុន​បើក​ការិយល័យ​បោះឆ្នោត។ អ្នកបោះឆ្នោត​ភាគច្រើន​បាន​សម្តែង​ការ​ពេញ​ចិត្ត​ចំពោះ​របៀប​រៀបចំ​ការ​បោះឆ្នោត​ដែល​ពួក​គេ​យល់​ឃើញ​ថា មាន​តម្លាភាព​ច្រើន​ជាង​ការ​រៀបចំ​បោះឆ្នោត​កាល​ពី ៥ឆ្នំា​មុន។

ឥស្សរជន​ប្រចំាថ្ងៃ​ដែល​មិន​អាច​កំបំាង​មុខ​ក្រុមអ្នកកាសែត និង​ហ្វូង​មហាជន​បាន​ក្នុង​ថ្ងៃ​នេះ គឺ​លោកស្រី​អ៊ុង សានស៊ូជី ប្រធាន​គណបក្សប្រឆំាង គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។ មាន​សម្លៀកបំពាក់​ពណ៌ក្រហម​ដែល​ជា​ពណ៌​គណបក្ស លោកស្រី​ស៊ូជី​បាន​ទៅ​បោះឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន។ ទន្ទឹម​គ្នា​នោះ លោក​ប្រធានាធិបតី​ថេន សេន​បាន​ទៅ​បោះឆ្នោត​នៅ​ក្នុង​មណ្ឌល​មួយ​ក្នុង​ទីក្រុង​រដ្ឋបាល​ណៃពីដ៏។

កំណត់​សម្គាល់​មួយ​ទៀត គឺ​វត្តមាន​របស់​ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ និង​ជាតិ​ជាង ១០ ០០០នាក់​នៅ​ក្នុង​ការ​បោះឆ្នោត។ នេះ​ជា​លើកទី១ ដែល​រដ្ឋអំណាច​ភូមា​បាន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​ក្រុម​អ្នកសង្កេតការណ៍​បរទេស​នៅ​ក្នុង​ការ​បោះឆ្នោត​របស់​ខ្លួន។ គួរ​ជម្រាប​ជូន​ថា ការ​បោះឆ្នោត​សភា​នៅ​ភូមា​ពេល​នេះ​មាន​គណបក្ស​នយោបាយ​ជាង ៩០ បាន​ចូលរួម និង​មាន​បេក្ខជន​ឈរ​ឈ្មោះ​ជាង ៦ ០០០នាក់។

លក្ខណៈ​ពិសេស​នៃ​រដ្ឋធម្មនុញ្ញ​ភូមា

ការ​បោះឆ្នោត​នៅ​ភូមា​ពេល​នេះ គឺ​ជា​ការ​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​នៅ​ក្នុង​សភា​ជាតិ តំណាងរាស្រ្ត​ថ្មី​នៅ​ក្នុង​សភា​តំបន់​ចំនួន ១៤តំបន់ និង​សមាជិក​ព្រឹទ្ធសភា​ថ្មី។ បច្ចុប្បន្ន​នេះ សភាជាតិ​មាន ៤៤០អសនៈ សភា​តាម​តំបន់​មាន​ចំនួន ៦៥២អសនៈ និង​ព្រឹទ្ធសភា​មាន ២២៤អសនៈ។ តែ​លក្ខណៈ​ពិសេស​របស់​រដ្ឋធម្មនុញ្ញ​ភូមា​សព្វ​ថ្ងៃ​បាន​កំណត់​ថា នៅ​ក្នុង​អសនៈ​ទំាង ៤៤០​ដែល​មាន​នៅ​ក្នុង​រដ្ឋសភាជាតិ មាន​អសនៈ​ចំនួន ២៥% ត្រូវ​កក់​ទុក​សម្រាប់​កងទ័ព​ជា​ស្វ័យប្រវត្តិ​ដោយ​មិន​បាច់​បោះឆ្នោត មាន​ន័យ​ថា ក្នុង​ចំនួន​អសនៈ​ទំាង ៤៤០ គឺ​មាន​តែ ៣៣០​អសនៈ​ប៉ុណ្ណោះ​ដែល​ដាក់​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រកួតប្រជែង​រវាង​គណបក្ស​នយោបាយ​ថ្ងៃ​នេះ។

ចំណែក​នៅ​ក្នុង​ព្រឹទ្ធសភា​ក៏​ត្រូវ​អនុវត្តន៍​ដូច​គ្នា​ដែរ មាន​ន័យ​ថា ក្នុង​ចំនួន​អសនៈ​ទំាង ២២៤ ដែល​មាន​នៅ​ក្នុង​ព្រឹទ្ធសភា គឺ​មាន​តែ ១៦៨អសនៈ​ប៉ុណ្ណោះ​ដែល​ដាក់​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រកួតប្រជែង​ថ្ងៃ​នេះ។ ចូរ​កុំ​ភ្លេច​ថា ចំនួន​អសនៈ ២៥% នៅ​សភា និង​ព្រឹទ្ធសភា​ដែល​កក់​ទុក​សម្រាប់​កងទ័ព គឺ​ជា​អ្នក​គំាទ្រ​ឲ្យ​គណបក្ស​កាន់អំណាច​របស់​លោក​ប្រធានាធិបតី​ថេន សេន។ ដូច្នេះ​ដើម្បី​អាច​ទទួល​បាន​សម្លេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា​ទំាង​ពីរ​បាន គណបក្ស​របស់​លោកស្រី​អ៊ុង សានស៊ូជី​ត្រូវ​ទទួល​ឲ្យ​បាន​អសនៈ​យ៉ាង​តិច ៣៣០ ឬ​ស្មើ​នឹង ៦៧%។ ចំណែក​គណបក្ស​របស់​លោក​ថេន សេន​វិញ​ត្រូវ​ការ​តែ ៣៣% ប៉ុណ្ណោះ​ដើម្បី​អាច​ទទួល​បាន​សម្លេង​ភាគច្រើន​ដាច់​ខាត។

សេណារីយ៉ូ​នៅ​ក្រោយ​ការ​បោះឆ្នោត

អាច​នឹង​មាន​សេណារីយ៉ូ​ចំនួន ៣ ទី១ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង សានស៊ូជី​ទទួល​បាន​សម្លេង​ភាគ​ច្រើន​ដាច់ខាត​នៅ​ក្នុង​សភា​ទំាង​ពីរ។ នេះ​ជា​សុបិន្ត និង​ជា​ក្តីសង្ឃឹម​របស់​លោកស្រី​អ៊ុង សានស៊ូជី​នៅ​​ក្នុង​ការ​បោះឆ្នោត​សភា​ពេល​នេះ។បើ​សុបិន្ត​របស់​លោកស្រី​អ៊ុង សានស៊ូជី​ក្លាយ​ជា​ការ​ពិត​មែន គណបក្ស​របស់​លោកស្រី​អាច​នឹង​ជ្រើសរើស​ប្ខេជន​ប្រធានាធិបតី​ចំនួន​ពីរ​ក្នុង​ចំណោម ៣នាក់​ទៅ​ប្រកួតប្រជែង​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ។ សូម​បញ្ជាក់​ជូន​ថា គឺ​តំណាងរាស្រ្ត​ជា​អ្នក​បោះឆ្នោត​ជ្រើស​តំាង​ប្រធានាធិបតី​ថ្មី ពោល​មិន​មែន​បោះឆ្នោត​ដោយ​ប្រជាជន​ទេ ហើយ​ក្នុង​ចំណោម​បេក្ខជន​ប្រធានាធិបតី​ទំាង ៣រូប មាន ១រូប​ជ្រើសរើស​ដោយ​កងទ័ព។ យ៉ាង​ណា​ក៏​ដោយ លោកស្រី​អ៊ុង សានស៊ូជី​ខ្លួន​ឯង​គ្មាន​ផ្លូវ​នឹង​ឈរ​ឈ្មោះ​បេក្ខជន​ប្រធានាធិបតី​ទេ ព្រោះ​រដ្ឋធម្មនុញ្ញ​បាន​ហាម​ឃាត់​ចំពោះ​ឥស្សរជន​នយោបាយ​ដែល​មាន​ស្វាមី ឬ​ប្រពន្ធ ឬ​កូន​ជា​ជន​បរទេស។

សេណារីយ៉ូ​ទី២ គណបក្ស​របស់​លោកស្រី​អ៊ុង សានស៊ូជី​ទទួល​បាន​សម្លេង​ច្រើន តែ​មិនមែន​ជា​សម្លេង​​ដាច់ខាត។ ក្នុង​ករណី​នេះ លោកស្រី​អាច​នឹង​ទៅ​ចែចូវ​ជាមួយ​គណបក្ស​តូចតាច​ផ្សេង​ទៀត​ដើម្បី​ទទួល​បាន​សម្លេង​ភាគច្រើន​ដាច់ខាត។ នេះ​ជា​សេណារីយ៉ូ​មួយ​ដ៏​ពិបាក​សម្រាប់​លោកស្រី​អ៊ុង សានស៊ូជី ព្រោះ​មក​ដល់​ពេល​នេះ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​ដើរ​តួ​ជា​កម្លំាង​ប្រឆំាង​តែ​ម្នាក់​ឯង​គត់​នៅ​ក្នុង​រដ្ឋសភា​ដែល​ដឹកនំា​ដោយ​គណបក្ស​របស់​លោក​ប្រធានាធិបតី​ថេន សេន។ បើ​គណបក្ស​លោកស្រី​អ៊ុង សានស៊ូជី​មិន​អាច​បញ្ចុះបញ្ចូល​គណបក្ស​ផ្សេង​ឲ្យ​រួបរួម​ជាមួយ​ខ្លួន​បាន គណបក្ស​របស់​លោក​ថេន សេន​នឹង​បន្ត​ដឹក​នំា​ប្រទេស ៥ឆ្នំា​បន្ថែម​ទៀត ហើយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ក៏​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បន្ត​ស្ថិត​ជា​អ្នកប្រឆំាង។

សេណារីយ៉ូ​ទី៣ គឺ​បរាជ័យ​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។ នេះ​ក៏​អាច​ជា​សេណារីយ៉ូ​មួយ​ដែល​គេ​មិន​គួរ​មើល​រំលង​ដែរ។ ក្នុង​ករណី​នេះ លោក​ប្រធានាធិបតី​ថេន សេន​នឹង​មិន​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ទេ តែ​លោក​អាច​នឹង​បន្ត​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ថ្មី។ បើ​គណបក្ស​លោកស្រី​អ៊ុង សានស៊ូជី​ចាញ់​ឆ្នោត រួច​បរិហារ​ពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត អំពើហិង្សា​អាច​នឹង​ផ្ទុះ​ឡើង​ដោយ​ចៀស​មិន​ផុត។ តែ​រដ្ឋអំណាច​បាន​ព្រមាន​ទុក​ជា​មុន​ថា ខ្លួន​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​បដិវត្តន៍​ប្រជាជន​ដូច​បដិវត្តន៍​នៅ​ពិភពអារ៉ាប់​ឡើយ។

យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​រង់ចំា​លទ្ធផល​ផ្លូវការ​ដែល​នឹង​ប្រកាស​នៅ​ប៉ុន្មាន​ថ្ងៃ ឬ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ