ប៊ែនហាដ រីម៉ាន
| |
កើតនៅ | ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៨២៦ Breselenz អាល្លឺម៉ង់ |
មរណភាព | ២០ កក្តដា ១៨៦៦ (អាយុ ៣៩ឆ្នាំ) សេឡាស្កា អ៊ីតាលី |
សញ្ញាតិ | អាល្លឺម៉ង់ |
ស្នាដៃ | សម្មតិកម្មរីម៉ាន (Riemann hypothesis) អាំងតេក្រាលរីម៉ាន ស្វ៊ែររីម៉ាន សមីការឌីផេរ៉ង់ស្យែលរីម៉ាន ផលបូករីម៉ាន ។ល។ |
ប៊ែនហាដ រីម៉ាន (Bernhard Riemann) (១៧ កញ្ញា ១៨២៦ - ២០ កក្តដា ១៨៦៦) ជាគណិតវិទូអាល្លឺម៉ង់ដែលបានចូលរួមចំនែកយ៉ាងចំបងក្នុងគណិតវិទ្យាវិភាគ និង ធរណីមាត្រឌីផេរ៉ង់ស្យែល។
ជីវប្រវត្តិ
[កែប្រែ]រីម៉ានកើតនៅប្រេសេឡេន (Breselenz) ដែលជាភូមិមួយនៅជិតក្រុងដានេនបឺក (Dannenberg ) ក្នុងព្រះរាជាណាចក្រហាណូវើ (Hanover) ដែលជាប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្ននេះ។ រីម៉ានជាកូនទី២ក្នុងចំណោមបងប្អូន៦នាក់។ ឪពុករបស់គាត់ឈ្មោះ ហ្វ្រេនដ្រិច ប៊ែនហាដ រីម៉ាន (Friedrich Bernhard Riemann) មេដឹកនាំនិកាយនិយមក្រីក្រមា្នក់ក្នុងការកែទំរង់និកាយប្រូតេស្តង់ដើម្បីយកចេញពីនិកាយកាតូលីក នៅប្រេសេឡេនដែលបានតស៊ូប្រយុទ្ធក្នុងសង្គ្រាមណាប៉ូលេអុង (Napoleonic Wars) ។ រីឯម្តាយរបស់គាត់បានទទួលអនិច្ចកម្មទាំងកូនៗនៅវ័យក្មេងនៅឡើយ។ ទាំងនៅវ័យក្មេងនៅឡើយ រីម៉ាន់បានបង្ហាញជំនាញគណិតវិទ្យាមិនធម្មតាជាច្រើនដូចជាការប៉ិនប្រសព្វខាងគណនាដ៏អស្ចារ្យ ប៉ុន្តែគាត់បានទទួលរងភាពខ្មាសអៀន និងភ័យក្លាយក្នុងការនិយាយជាសាធារណះ។
នៅវិទ្យាល័យរីម៉ានបានរៀនបានសិក្សាគម្ពីសាសនាគ្រឹស្តទាំងបង្ខំ ប៉ុន្តែក្នុងចិត្តរបស់គាត់ផ្តោតទៅលើតែគណិតវិទ្យាប៉ុណ្ណោះ។ គ្រូរបស់គាត់សប្បាយចិត្តយ៉ាងខ្លាំងនូវទេពកោសល្យ និង សម្ថតភាពរបស់គាត់ដែលអាចដោះស្រាយប្រមាណវិធីគណិតវិទ្យាស៊ាំញាំបាន។ នៅឆ្នាំ១៨៤០ គាត់បានទៅរស់នៅជាមួយជីដូនរបស់គាត់នៅហាណូវើ និង បានចូលរៀនអនុវិទ្យាល័យទីនោះ។ បន្ទាប់ពីជីដូនរបស់គាត់បានទទួលអនិច្ចកម្មនៅឆ្នាំ១៨៤២ គាត់បានទៅរស់នៅ Lüneburg និង បានចូលរៀនវិទ្យាល័យនៅទីនោះ។ នៅឆ្នាំ១៨៤៦ ក្នុងវ័យ១៩ឆ្នាំ គាត់បានសិក្សាទស្សនៈវិជ្ជា និង ទេវវិទ្យា (វិជ្ជាខាងសាសនា) ដើម្បីក្លាយជាភិក្ខុ និង ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសាររបស់គាត់។ នៅឆ្នាំ១៨៤៧ ឪពុករបស់គាត់ បន្ទាប់ពីបានប្រមូលប្រាក់គ្រប់គ្រាន់ដើម្បីបញ្ជូនទៅអោយគាត់ចូលមហាវិទ្យាល័យ រីម៉ានបានឈប់រៀនទេវវិទ្យា និង ចាប់ផ្តើមរៀនគណិតវិទ្យា។ គាត់បានចូលរៀននៅសាកលវិទ្យាល័យហ្គូតទីនហ្គេន (University of Göttingen) ដែលបានជួប ខាល ហ្វ្រេនដ្រិច ហ្គូស (Carl Friedrich Gauss) ដំបូងនៅទីនោះ។ ក្នុងឆ្នាំ១៨៤៧ គាត់បានប្តូរទៅនៅប៊ែឡាំង ដែលយ៉ាកូបី (Jacobi) ឌីរីចឡេ (Dirichlet) និង ស្តេណើ (Steiner ) បង្រៀននៅទីនោះ។ គាត់បានស្នាក់នៅប៊ែឡាំងរយៈពេល២ឆ្នាំ និង បានត្រលប់ទៅកាន់ហ្គូតទីនហ្គេនវិញនៅឆ្នាំ១៨៤៩។
រីម៉ានបានបង្រៀនមេរៀនដំបូងនៅឆ្នាំ១៨៥៤ ដែលមិនត្រឹមតែបានរកឃើញធរណីមាត្ររីម៉ានប៉ុណ្ណោះទេថែមទាំងបានរកឃើញសំនុំចំពោះ រ៉ឺឡាទីវីតេអាំងស្តែនទូទៅ (Einstein's general relativity) ទៀតផង។ ក្នុងឆ្នាំ១៨៥៧ មានកិច្ចខំប្រឹងប្រែងតំឡើងគាត់អោយក្លាយជាសាស្ត្រាចារ្យវិសាមញ្ញនៅសាកលវិទ្យាល័យហ្គូតទីនហ្គេន ប៉ុន្តែការព្យាយាមនេះមិនបានសំរេចទេ។ តែទីបំផុតគាត់បានទទួលប្រាក់ខែជាប្រចាំ។ ក្នុងឆ្នាំ១៨៥៩ ដោយសារឌីរីចឡេបានទទួលអនិច្ចកម្ម គាត់ត្រូវបានតំឡើងជាប្រធានដេប៉ាតឺម៉ង់គណិតវិទ្យានៅសាកលវិទ្យាល័យហ្គូតទីនហ្គេន។ នៅឆ្នាំ១៨៦២គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយ អេលីស កូច (Elise Koch) និង មានកូនស្រីម្នាក់។ គាត់បានទទួលអនិច្ចកម្មដោយសារជំងឺរបេងក្នុងដំណើរទៅកាន់ប្រទេសអ៊ីតាលីក្នុងក្រុងសេឡាស្កា (Selasca បច្ចុប្បន្នជាក្រុងវែរបានី) សពរបស់គាត់បានបញ្ចុះនៅ Biganzolo (Verbania)។
ឥទ្ធិពលរីម៉ានក្នុងគណិតវិទ្យា
[កែប្រែ]នៅក្នុងនិក្ខេបបទរបស់គាត់ដែលបានសរសេរឡើងនៅឆ្នាំ១៨៥៧ រីម៉ានបានអភិវឌ្ឍទ្រឹស្តីនៃអនុគមន៍ដែលមានអថេរជាចំនួនកុំផ្លិច ដែលបង្ហាញពីគំនិតអំពីផ្ទៃដោយបានដាក់ឈ្មោះរបស់គាត់ (ផ្ទៃរីម៉ាន) និង បានបង្ហាញអំពីស្វ៊ែររីម៉ាន។ ការស្រាវជ្រាវរបស់គាត់បានក្លាយជាផ្នែកដ៏សំខាន់នៃទ្រឹស្តីបទធរណីមាត្ររីម៉ាន ធរណីមាត្រពិជគណិត និង complex manifold នាគ្រាបន្តបន្ទាប់មក។ ទ្រឹស្តីអំពីផ្ទៃរីម៉ានត្រូវបានរៀបរាប់លំអិតដោយ Felix Klein និង អាដុល្ហ្វ ហឺវីត (Adolf Hurwitz) ។ រីម៉ានបានចូលរួមយ៉ាងចំបងក្នុងការវិភាគលើចំនួនពិត។ គាត់បានកំនត់អាំងតេក្រាលរីម៉ានដោយប្រើមធ្យមនៃផលបូករីម៉ាន និង បានអភិវឌ្ឃទ្រឹស្តីនៃស៊េរីត្រីកោណមាត្រដែលមិនមែនជាស៊េរីហ្វួរា និង បានសិក្សាអំពីឌីផេរ៉ង់ស្យែលរីម៉ាន–លីអ៊ូវីល (Riemann–Liouville differintegral) ។ គាត់បានចូលរួមចំនែកដ៏អស្ចារ្យមួយចំនួនចំពោះទ្រឹស្តីចំនួនវិភាគ (analytic number theory)។ នៅក្នុងឯកសារដ៏ខ្លី គាត់បានបង្ហាញពីអនុគមន៍ហ្សេតារីម៉ាន និងបានបង្កើតនូវសារសំខាន់របស់វាសំរាប់ស្វែងយល់ពីរបាយនៃចំនួនបឋម។