បង្សុកូល
ប័ង-សុកូល ឬ ត. ទ. ប័ង-ស្កូល បា. ( ន. ) (បំសុកូល) គំនរអាចម៍ដី, គំនរធូលីឬអ្វីៗដែលប្រឡាក់, ដែលសៅហ្មងដោយអាចម៍ដី, ដោយធូលី ។ សំពត់ដែលគេចោលលើគំនរសំរាមជាដើម ប្រឡាក់សៅហ្មងដោយអាចម៍ដី, ដោយធូលីដែលបព្វជិតក្នុងពុទ្ធសាសនា ទស់ដោយសម្គាល់ថាជារបស់ឥតម្ចាស់ ព្រោះគេបោះបង់ចោល លែងត្រូវការហើយទាញយកមកផ្សែផ្សំធ្វើជាចីវរប្រើប្រាស់តាមពុទ្ធានុញ្ញាត (ចំពោះតែសំពត់មានព័ណ៌សឬលឿង ដែលល្មមយកមកជ្រលក់សម្រួលព័ណ៌បាន; រាប់ថាជាសំពត់ថ្លៃថ្លាវិសេស សម្រាប់បព្វជិតអ្នកមានសន្តោសស្ងប់រម្ងាប់) ។ លុះដល់មកក្នុងសម័យសព្វថ្ងៃនេះ សូម្បីសំពត់ដែលទាយកគេពាក់ឬគ្របលើក្ដារមឈូសជាដើម គេនិមន្តឲ្យបព្វជិតទាញយកទៅទីចំពោះមុខគេ ឬកំបាំងពីមុខគេក៏ហៅសំពត់បង្សុកូលដែរ ។ ខ្មែរយើងប្រើតាមទម្លាប់ប្រទេស, ហៅដំណើរដែលគេនិមន្តភិក្ខុសាមណេរ ឲ្យចាប់កាន់អំបោះ ឬផ្ទាំងសំពត់ដែលតភ្ជាប់ពីសាកសព ឬពីអដ្ឋិធាតុមកសូត្រធម៌ អនិច្ចាវត សង្ខារា... ក៏ហៅ បង្សុកូល ដែរ; ច្រើនប្រើជា កិ. ឬ គុ. ថា និមន្តលោកបង្សុកូល, ធម៌បង្សុកូល; បើក្នុងព្រះបរមរាជវាំង ច្រើនប្រើពាក្យថា និមន្តលោកសត្តប្បករណ៍, ជាពាក្យហៅកាត់ខ្លីក្លាយមកពីពាក្យថា និមន្តលោកសូត្រសត្តប្បករណាភិធម្ម គឺនិមន្តលោកសូត្រព្រះអភិធម្ម៧គម្ពីរ (ដោយសង្ខេប) ។ល។