មូលនិធិរូបិយវត្ថុអន្តរជាតិ
មូលនិធិរូបិយវត្ថុអន្តរជាតិ (អង់គ្លេស: International Monetary Fund) ហៅកាត់ថា "អាយ.អឹម.អែហ្វ" (IMF) គឺជាស្ថាប័នអន្តរជាតិមួយមាននាទីទទួលខុសត្រូវលើប្រព័ន្ធហិរញ្ញវត្ថុសកល មានទីស្នាក់ការធំស្ថិតនៅទីក្រុងវ៉ាស៊ីងតោនឌីស៊ី សហរដ្ឋអាមេរិក។ បច្ចុប្បន្នមូលនិធិរូបិយវត្ថុអន្តរជាតិមានសមាជិកសរុបចំនួន ១៨៥ ប្រទេស (ម៉ុងតេណេក្រូ បានក្លាយជាសមាជិកទី១៨៥ កាលពីថ្ងៃ ១៨ មករា ២០០៧) ។
ទស្សនវិស័យ
[កែប្រែ]មូលនិធិរូបិយវត្ថុអន្តរជាតិ ធ្វើការដើម្បីភាពរីកចម្រើន និងរក្សាលំនឹងសេដ្ឋកិច្ចសកល។ អាយ.អឹម.អែហ្វ បានផ្ដល់នូវការណែនាំផ្នែកនយោបាយ និងហិរញ្ញវត្ថុដល់ប្រទេសជាសមាជិករបស់ខ្លួនក្នុងស្ថានភាពសេដ្ឋកិច្ចជួបមានវិបត្តិ ហើយក៏ធ្វើការជាមួយប្រទេសកំពុងអភិវឌ្ឍ សំដៅជួយដល់ប្រទេសទាំងនោះឱ្យមានលំនឹងម៉ាក្រូសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។
ប្រវត្តិ
[កែប្រែ]មូលនិធិរូបិយវត្ថុអន្តរជាតិ ត្រូវបានបង្កើតឡើងជាផ្លូវការនៅខែកក្កដា ឆ្នាំ១៩៤៤ ក្នុងវេទិការូបិយវត្ថុ និងហិរញ្ញវត្ថុសហប្រជាជាតិ។ តំណាងរដ្ឋាភិបាលនៃ ៤៥ ប្រទេស បានជួបប្រជុំគ្នានៅសណ្ឋាគារ Mount Washington សហរដ្ឋអាមេរិក ដោយមានកិច្ចព្រមព្រៀងលើគម្រោងសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ។ អាយ.អឹម.អែហ្វ បានបង្កើតឡើងនូវរចនាសម្ព័ន្ធគ្រប់គ្រងផ្លូវការនាថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៤៥ ដោយមានប្រទេសចំនួន ២៩ បានចូលរួមចុះហត្ថលេខាលើមាត្រានៃកិច្ចព្រមព្រៀងនេះ។
ការងារ
[កែប្រែ]បេសកកម្មចម្បងរបស់ អាយ.អឹម.អែហ្វ គឺជួយធ្វើយ៉ាងណាឱ្យមានស្ថិរភាពនៅក្នុងប្រព័ន្ធអន្តរជាតិ ដោយអនុវត្តតាមវិធីសាស្ត្របីយ៉ាងគឺ៖ រក្សាការឃ្លាំមើលសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចនៃបណ្ដាប្រទេសជាសមាជិក, ផ្ដល់កម្ចីដល់ប្រទេសដែលមានឱនភាពជញ្ជីងទូទាត់, និងផ្ដល់ជំនួយប្រតិបត្តិដល់ប្រទេសជាសមាជិក។
ការឃ្លាំមើលសេដ្ឋកិច្ច
[កែប្រែ]អាយ.អឹម.អែហ្វ មាននាទីទទួលខុសត្រូវលើប្រព័ន្ធរូបិយវត្ថុអន្តរជាតិ និងត្រួតពិនិត្យលើនយោបាយហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៃប្រទេសជាសមាជិករបស់ខ្លួន។ លើសពីនេះ គឺរក្សាការឃ្លាំមើលការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាជាតិមួយ ក៏ដូចជាក្នុងតំបន់ និងសកលលោក ដោយពិគ្រោះយោបល់យ៉ាងទៀងទាត់ជាមួយប្រទេសជាសមាជិក និងផ្ដល់ប្រឹក្សាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុដល់សមាជិករបស់ខ្លួន។
ការផ្ដល់កម្ចី
[កែប្រែ]អាយ.អឹម.អែហ្វ ផ្ដល់កម្ចីដល់ប្រទេសដែលជួបការលំបាកលើការទូទាត់អន្តរជាតិរបស់ខ្លួន ហើយមិនអាចរកចំណូលបានគ្រប់គ្រាន់តាមពេលកំណត់។ ជំនួយការហិរញ្ញវត្ថុនេះត្រូវបានរៀបចំឡើង ដើម្បីជួយប្រទេសទាំងនោះឱ្យស្ដារឡើងវិញនូវស្ថិរភាពសេដ្ឋកិច្ច ដោយកសាងឡើងវិញនូវធនបម្រុងអន្តរជាតិ ដោយរក្សាស្ថិរភាពរូបិយវត្ថុ និងចំណាយសម្រាប់ការនាំចូលរបស់ពួកគេ- រាល់លក្ខខណ្ឌចាំបាច់ទាំងអស់សម្រាប់ស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ។ អាយ.អឹម.អែហ្វ ក៏ផ្ដល់ផងដែរនូវឥណទានដល់ប្រទេសដែលមានចំណូលទាប ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។
ជំនួយការបច្ចេកទេស
[កែប្រែ]ផ្ដល់ដល់ប្រទេសដែលមានចំណូលទាប និងមធ្យម ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងសេដ្ឋកិច្ច។ អាយ.អឹម.អែហ្វ ផ្ដល់ការណែនាំផ្នែកប្រតិបត្តិ និងហ្វឹកហ្វឺនលើការលើកកម្ពស់ស្ថាប័ន និងរៀបចំនយោបាយម៉ាក្រូសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធឱ្យបានសមស្រប។