សំយោជនៈ
ផ្នែកមួយនៃ ព្រះពុទ្ធសាសនា |
ព្រះធម៌ |
វិបស្សនាធុរៈ |
ព្រះអភិធម្ម |
សំយោជនៈ (Samyojana)
[កែប្រែ]សំយោជនៈ (samyojana, mental fetter) ជាគ្រឿងញ៉ាំងចិត្តឲ្យជាប់ដោយកិលេស (kilesa, destructive emotions or mental defilements) ជាគ្រឿងចងក្រៀកសត្វឲ្យជាប់ក្នុងវដ្តសង្សារ គឺការវិលកើតវិលស្លាប់ឥតឈប់ឈរ ។ សំយោជនៈអាចប្រៀបបានទៅនឹងខ្សែច្រវាក់ដែលចងភ្ជាប់កដៃ កជើង មិនឲ្យរួចខ្លួនទៅកាន់ព្រះនិព្វានបាន ។ លុះត្រាតែបុគ្គលអ្នកប្រតិបត្តិធម៌ផ្តាច់សំយោជនៈឲ្យអស់រលីង នោះទើបអាចសម្រេចអរហត្តផល ដែលជាទីបំផុតនៃសេចក្តីទុក្ខ ពោលគឺនិព្វាន ។
សំយោជនៈ ១០ ប្រការ
[កែប្រែ]ក. ឱរម្ភាគិយសញ្ញោជនៈ (orambhāgiya ) : សំយោជនៈជាន់ទាបទាំង ៥
[កែប្រែ]- ១- សក្កាយទិដ្ឋិ (sakkāya-diṭṭhi) គឺការឃើញកាយថាជារបស់ខ្លួន (Belief in permanent self)
- ២- វិចិកិច្ឆា (vicikicchā) គឺសេចក្តីសង្ស័យស្ទាក់ស្ទើរ (Doubt of the teachings or Dharma of the Buddha)
- ៣- សីលពត្តបរាមាសៈ (sīlabbata-parāmāso) គឺការជាប់ជំពាក់ចិត្តទៅក្នុងកិច្ចខាងសាសនា ឬ ការបួងសួងផ្សេងៗ (attachment to rites and rituals)
- ៤- កាមរាគៈ (kāmacchando) គឺសេចក្តីតម្រេកក្នុងកាម (sensual desire)
- ៥- បដិឃៈ (vyāpādo, byāpādo) គឺសេចក្តីប្រាថ្នាការអាក្រក់ (Ill will or hatred)
ខ. ឧទ្ធម្ភាគិយសញ្ញោជនៈ (uddhaṃbhāgiya) : សំយោជនៈជាន់ខ្ពស់ទាំង ៥
[កែប្រែ]- ៦- រូបរាគៈ (rūparāgo) គឺតម្រេកក្នុងរូបភព (lust for material existence; lust for material rebirth)
- ៧- អរូបរាគៈ (arūparāgo) គឺតម្រេកក្នុងអរូបភព (lust for immaterial existence; lust for rebirth in a formless realm)
- ៨- មានៈ (māna) គឺសេចក្តីប្រកាន់មាំ (conceit, pride in self, arrogance)
- ៩- ឧទ្ធច្ចៈ (uddhacca) គឺចិត្តរសាប់រសល់ (restlessness, distraction)
- ១០- អវិជ្ជា (avijjā) គឺសេចក្តីល្ងង់ ឬសេចក្តីមិនដឹង (ignorance) ។
វិធីកាត់ផ្តាច់សំយោជនៈ
[កែប្រែ]នៅក្នុងគម្ពីរព្រះត្រៃបិដក អធិប្បាយអំពីការកាត់ផ្តាច់សំយោជនៈក្នុង ៤ ដំណាក់កាល ៖
- ១- បុគ្គលដែលកាត់ផ្តាច់ចោលសំយោជនៈទាំង ៣ ខាងដើម នឹងបានសម្រេចជាសោតាបន្ន (sotapanna, stream enterer) ។
- ២- បុគ្គលដែលកាត់ផ្តាច់ចោលសំយោជនៈទាំង ៣ ខាងដើម ព្រមទាំងបានធ្វើឲ្យទ្រោមចុះនូវសំយោជនៈ ៣ បន្ទាប់ទៀត នឹងបានសម្រេចជាសកទាមី (sakadagami, once returner) ។
- ៣- បុគ្គលដែលកាត់ផ្តាច់ចោលសំយោជនៈទាំង ៥ ខាងដើម នឹងបានសម្រេចជាអនាគាមី (anagami, non-returner) ។
- ៤- បុគ្គលដែលកាត់ផ្តាច់ចោលសំយោជនៈទាំង ១០ នឹងបានសម្រេចជាព្រះអរហន្ត (arahant).
នៅក្នុងគម្ពីរមជ្ឈិមនិកាយ (MN 64) ព្រះពុទ្ធសំដែងទុកថា មាគ៌ានាំទៅដល់ការបោះបង់ចោលសំយោជនៈជាន់ទាបទាំង ៥ ពោលគឺសំយោជនៈទាំង ៥ ដំបូងគឺធ្វើឡើងតាមរយៈការប្រតិបត្តិឲ្យបានសម្រេចឈាន (jhana attainment) និង ការប្រតិបត្តិវិបស្សនា (vipassana insights) ដែលត្រូវតែធ្វើទាំង ២ ជាមួយគ្នាដោយអាក់ខានមិនបាន ។ នៅក្នុងគម្ពីរសំយុត្តនិកាយ (SN 35.54) ព្រះពុទ្ធបានសំដែងទុកថា ៖ "ការលះកាត់ចោលនូវសំយោជនៈទាំងឡាយ នៅពេលដែលបុគ្គលម្នាក់ដឹង និង មើលឃើញ ភាពមិនទៀងទាត់ (អនិច្ចំ, impermanent) នៃអាយតនៈ (āyatana) ទាំង ១២, នៃវិញ្ញាណ (viññaṇa) ពាក់ព័ន្ធទាំង ៦ (six sense-consciousness), នៃផស្សៈ (phassa, resultant contact) និង វេទនា (vedanā, sensations) ។ ក្នុងន័យស្រដៀងនេះដែរ នៅក្នុងគម្ពីរសំយុត្តនិកាយ (SN 35.55), ព្រះពុទ្ធបានសំដែងទុកថា ៖ "ការជីករំលើងសំយោជន៍ នៅពេលខ្លួនគេដឹងនិងមើលឃើញថា អនត្តា (anatta, non-self) នៃឥន្ទ្រិយទាំង ៦ (sense bases), ឥន្ទ្រិយារម្មណ៍ (sense consciousness), ផស្សៈ (contact) និង អារម្មណ៍រំភើប (sensations)។
ឯកសារយោង
[កែប្រែ]ព្រះត្រៃបិដក ភាគ១៩ ទំព័រទី ១៣៧
ព្រះត្រៃបិដក ភាគ៣៩ ទំព័រទី ៣ ៖ ឧទ្ធម្ភាគិយសញ្ញោជនៈ
ព្រះត្រៃបិដក ភាគ៣៧ ទំព័រទី ១៦៤ ៖ ឱរម្ភាគិយសូត្រ
ព្រះត្រៃបិដក ភាគ៣៧ ទំព័រទី ១៦៤ ៖ ឧទ្ធម្ភាគិយសូត្រ