សង្គ្រាមណាប៉ូលេអូនិក
សង្គ្រាមណាប៉ូលេអូនិក | |||||||
---|---|---|---|---|---|---|---|
រូបខាងលើ: សមរភូមិអ៊ូស្ទែរលីត្ស៍ រូបខាងក្រោម: សមរភូមិវ៉ាត់ធឺលូ | |||||||
| |||||||
ភាគីសង្គ្រាម | |||||||
|
បារាំងជាមួយនឹងរដ្ឋចំណុះ៖ សាធារណរដ្ឋបារាំង (ត្រឹមឆ្នាំ១៨០៤) ចក្រភពបារាំង (ពីឆ្នាំ១៨០៤) | ||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||
| |||||||
កម្លាំង | |||||||
កងកម្លាំងសម្ព័ន្ធមិត្តផ្សេងៗទៀត៖ ១០០,០០០ នាក់ រាប់ទាំងកងកម្លាំងទូទៅ និងកងជីវពល សរុប៖ ៣,០០០,០០០ នាក់ (១៨១៣) |
សរុប៖ ២,០០០,០០០ នាក់ (១៨១៣) | ||||||
សហេតុភាព និង ការខាងបង់ | |||||||
|
ចក្រភពបារាំង៖ |
សង្គ្រាមណាប៉ូលេអូនិក (ភាសាអង់គ្លេស៖ Napoleonic Wars និងភាសាបារាំង៖ Guerres napoléoniennes) (១៨០៣–១៨១៥) គឺជាជម្លោះសង្គ្រាមបន្តៗប្រទាក់ប្រទិនគ្នាដែលបង្កឡើងដោយអាណាចក្របារាំងទីមួយ និងសម្ព័ន្ធមិត្តរបស់ខ្លួនក្រោមការដឹកនាំដោយព្រះចៅអធិរាជណាប៉ូលេអុងទី១ ប្រឆាំងនឹងក្រុមសម្ព័ន្ធមិត្តមហាអំណាចអឺរ៉ុបមួយចំនួនដែលហិរញ្ញប្បទាន និងនាំមុខដោយចក្រភពអង់គ្លេស។ សង្គ្រាមនេះច្រើនបែងចែកចេញជាជម្លោះធំៗចំនួនប្រាំមាន៖ សង្គ្រាមសម្ព័ន្ធភាពទីបី(១៨០៥) ទីបួន(១៨០៦–០៧) ទីប្រាំ(១៨០៩) ទីប្រាំមួយ(១៨១៣) និងទីប្រាំពីរ(១៨១៥)។
បន្ទាប់ពីបានក្លាយជាកុងស៊ុលដំបូងនៃប្រទេសបារាំងនៅក្នុងឆ្នាំ១៧៩៩ ណាប៉ូលេអុងត្រូវចូលដឹកនាំសាធារណរដ្ឋដែលពោរពេញទៅដោយភាពវឹកវររួចផ្លាស់ប្តូរវាទៅជារដ្ឋថ្មីដែលមានស្ថេរភាពខាងហិរញ្ញវត្ថុ មានភាពរឹងមាំខាងការិយាធិបតេយ្យ និងមានកម្លាំងយោធាដែលសម្បូរទៅដោយភាពប៉ិនប្រសប់។ នៅក្នុងឆ្នាំ១៨០៥ ប្រទេសអូទ្រីសនិងរុស្ស៊ីបានចងសម្ព័ន្ធភាពនឹងគ្នារួចក៏ប្រកាសសង្គ្រាមមកលើបារាំង ដែលគេច្រើនស្គាល់វាថា "សង្គ្រាមនៃសម្ព័ន្ធភាពទីបី" ហើយជាលទ្ធផល កងទ័ពបារាំងបានយកឈ្នះលើទ័ពសម្ព័ន្ធភាពអូទ្រីស-រុស្ស៊ីនៅឯសមរភូមិអូស្ទ័រលីតស៍នៅអំឡុងខែធ្នូ ឆ្នាំ១៨០៥ ដោយប្រវត្តវិទូបានចាត់ទុកវាជាជ័យជម្នះដ៏អស្ចារ្យរបស់ណាប៉ូលេអុង។ ប៉ុន្តែនៅឯខាងសមុទ្រវិញ ទ័ពជើងទឹកអង់គ្លេសបានទទួលជ័យជម្នះយ៉ាងលើសលប់មកលើកម្លាំងជើងទឹកបារាំង–អេស្ប៉ាញនៅក្នុងសមរភូមិត្រាហ្វាលហ្ការនៅថ្ងៃទី២១ ខែតុលា ឆ្នាំ១៨០៥។ ជ័យជម្នះមួយនេះបាននាំឱ្យអង់គ្លេសមានការគ្រប់គ្រងពេញលេញនៅលើសមុទ្រភាគខាងលិចទ្វីបអឺរ៉ុប។ ដោយមានភាពព្រួយបារម្ភពីកំណើននៃអំណាចរបស់បារាំង រដ្ឋព្រុសបានដឹកនាំបង្កើតសម្ព័ន្ធមិត្តទីបួនជាមួយរុស្ស៊ី សាសូនី និងស៊ុយអែតរួចក៏ប្រកាសសង្រ្គាមលើបារាំងនៅអំឡុងខែតុលា ឆ្នាំ១៨០៦។ កងទ័ពណាប៉ូលេអុងបានយកឈ្នះលើទ័ពព្រុសនៅក្នុងតំបន់ជេណា និងទ័ពរុស្ស៊ីនៅក្នុងសមរភូមិហ្រ្វៃឡង់។ ជម្លោះប្រឆាំងនឹងបារាំង (សម្ព័ន្ធភាពទីប្រាំ) ក៏បានចាប់ផ្តើមម្តងទៀតនៅក្នុងឆ្នាំ១៨០៩ ដោយមានការដឹកនាំពីអូទ្រីសប៉ុន្តែដូចមុនអញ្ចឹងគឺត្រូវទទួលបរាជ័យ។
ក្នុងគោលបំណងផ្តាច់ប្រព័ន្ធសេដ្ឋកិច្ចអង់គ្លេស ណាប៉ូលេអុងបានបើកការវាយប្រហារចូលប្រទេសព័រទុយកាល់ដែលត្រូវជាសម្ព័ន្ធមិត្តតែមួយគត់របស់អង់គ្លេសនៅទ្វីបអឺរ៉ុប។ បន្ទាប់ពីបានកាន់កាប់រាជធានីលីស្បោនក្នុងខែកញ្ញា ឆ្នាំ១៨០៧ និងដោយសារកងទ័ពបារាំងមួយភាគធំកំពុងស្ថិតនៅលើទឹកដីអេស្ប៉ាញ ណាប៉ូលេអុងក៏ឈ្លាតឱកាសក្បត់នឹងអតីតសម្ព័ន្ធមិត្តរបស់ខ្លួនដោយដកហូតសឹទ្ធអំណាចពីគ្រួសាររាជវង្សអេស្ប៉ាញហើយបានប្រគល់វាទៅឱ្យបងប្រុសរបស់ទ្រង់នៅឆ្នាំ១៨០៨ ដោយមានគោរមងារថាចូសេទី១។ ដោយមានការគាំទ្រពីអង់គ្លេស ប្រទេសព័រទុយកាល់និងអេស្ប៉ាញក៏បានរួមគ្នាខិតខំរើបម្រះប្រឆាំងនឹងបារាំងហើយទីបំផុតក៏បានបណ្តេញពួកបារាំងចេញពីឧបទ្វីបអ៊ីបេរីដោយជោគជ័យនៅក្នុងឆ្នាំ១៨១៤។
ទន្ទឹមនឹងនេះដែរ ប្រទេសរុស្ស៊ីដោយពុំពេញចិត្តនឹងគោលនយោបាយប្រព័ន្ធទ្វីបរបស់បារាំងដែលកំពុងជិះជាន់លើវិស័យពាណិជ្ជកម្មក្នុងប្រទេសរបស់ខ្លួន ក៏សម្រេចចិត្តលួចធ្វើជំនួញជាមួយរដ្ឋក្រៅប្រព័ន្ធដែលជំរុញឱ្យណាប៉ូលេអុងបើកការវាយប្រហារដ៏ធំចូលក្នុងប្រទេសរុស្ស៊ីនៅអំឡុងឆ្នាំ១៨១២។ ជាលទ្ធផល បារាំងបានទទួលបរាជ័យក្នុងយុទ្ធនាការនេះហើយក៏ត្រូវបង្ខំចិត្តដកទ័ពខ្លួនចេញពីទឹកដីប្រទេសរុស្ស៊ី។
ដោយឃើញថាបារាំងកំពុងចាញ់សង្គ្រាមបែបនេះ រដ្ឋព្រុស អូទ្រីស និងរុស្ស៊ីក៏បាននាំគ្នាបង្កើតក្រុមសម្ព័ន្ធភាពទីប្រាំមួយ រួចហើយក៏ចេញនូវយុទ្ធនាការថ្មីប្រឆាំងនឹងបារាំង និងមិនយូរប៉ុន្មានក៏បានយកឈ្នះលើទ័ពណាប៉ូលេអុងនៅក្នុងសមរភូមិលែបស៊ីគនៃឆ្នាំ១៨១៣។ ក្រុមសម្ព័ន្ធមិត្តបានបន្តវាយបារាំងពីទិសខាងកើតខណៈពេលដែលអេស្ប៉ាញនិងព័រទុយកាល់កំពុងរុញច្រានបារាំងពីទិសខាងលិចចេញពីឧបទ្វិបអ៊ីបេរី។ កម្លាំងក្រុមសម្ព័ន្ធមិត្តក៏បានចូលកាន់កាប់ទីក្រុងប៉ារីសនៅចុងខែមីនា ឆ្នាំ១៨១៤ រួចហើយក៏សម្រេចនិរទេសណាប៉ូលេអុងចេញពីបារាំងទៅអែលបាខណៈដែលរាជវង្សបួរបនត្រូវឡើងកាន់អំណាចសារជាថ្មីនៅប្រទេសបារាំង។ មួយឆ្នាំក្រោយមក ណាប៉ូលេអុងបានរត់ចេញពីអែលបារួចចូលមកដឹកនាំប្រទេសបារាំងម្តងទៀត។ សម្ព័ន្ធមិត្តទីប្រាំពីរក៏បានបង្កើតឡើងដើម្បីទប់ទល់នឹងណាប៉ូលេអុងដោយលើកនេះខុសប្លែកពីមុនៗ ទ័ពខាងសម្ព័ន្ធមិត្តបានយកឈ្នះលើទ័ពរបស់ណាប៉ូលេអុងដោយងាយនៅក្នុងសមរភូមិដំបូងគឺសមរភូមិវ៉ាត់ធឺលូក្នុងអំឡុងខែឧសភា ឆ្នាំ១៨១៥។ ណាប៉ូលេអុងត្រូវបានគេនិរទេសម្តងទៀតប៉ុន្តែលើកនេះគឺទៅកោះសាំងហេលីណាដែលស្ថិតនៅកណ្តាលមហាសមុទ្រអាត្លង់ទិក។[៣៦]
សមាជទីក្រុងវីយែនបានផ្តល់នូវសន្តិភាពនិងការផ្លាស់ប្តូរព្រំដែនប្រទេសអឺរ៉ុបជាច្រើន។ សង្គ្រាមនេះបានផ្តល់ផលជាច្រើនដល់ពិភពលោកមានដូចជា៖ ការរីករាលដាលនៃលទ្ធិជាតិនិយម និងសេរីនិយម ចក្រភពអង់គ្លេសបានក្លាយជាកំពូលមហាអំណាចពិភពលោក ចលនាដើម្បីឯករាជ្យនៅអាមេរិកឡាទីនបានផ្ទុះឡើងដែលហេតុធ្វើឱ្យចក្រភពអេស្ប៉ាញដួលរលំ ការបង្រួបបង្រួមជាតិនិងទឹកដីរនៅអាល្លឺម៉ង់និងអ៊ីតាលី និងការរកឃើញវិធីសាស្រ្តថ្មីៗក្នុងការធ្វើសឹកសង្គ្រាមជាដើម។
ទិដ្ឋភាពទូទៅ
[កែប្រែ]ណាប៉ូលេអុងបានឡើងកាន់អំណាចនៅក្នុងឆ្នាំ១៧៩៩ និងបង្កើតបានជារបបផ្តាច់ការយោធានិយមនៅប្រទេសបារាំង។[៣៧] គេច្រើនចាត់ទុកថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨០៣ ថាជាថ្ងៃចាប់ផ្តើមនៃសង្គ្រាមណាប៉ូលេអូនិកពោលគឺថ្ងៃសង្គ្រាមនៃសម្ព័ន្ធភាពទី៣ ដែលត្រូវជាសង្គ្រាមសម្ព័ន្ធភាពដំបូងប្រឆាំងនឹងសាធារណរដ្ឋបារាំងបន្ទាប់ពីណាប៉ូលេអុងបានប្រកាសខ្លួនជាមេដឹកនាំបារាំងថ្មី។[៣៨]
ក្រង់ប្រឺតាញ (អង់គ្លេស) បានលុបសន្ធិសញ្ញាអាមៀនចោលហើយបានប្រកាសសង្គ្រាមលើបារាំងនៅអំឡុងខែឧសភា ឆ្នាំ១៨០៣។ មូលហេតុចម្បងក្រោយការប្រកាសសង្គ្រាមរបស់អង់គ្លេសគឺ៖ ការផ្លាស់ប្តូរប្រព័ន្ធអន្តរជាតិនៅអឺរ៉ុបខាងលិចដោយណាប៉ូលេអុង ជាពិសេសគឺនៅប្រទេសស្វីស អាល្លឺម៉ង់ អ៊ីតាលី និងហុល្លង់។ ប្រវត្ដិវិទូម្នាក់នាមហ្វ្រេឌឺរិច កាហ្កានបានអះអាងថា ចក្រភពអង់គ្លេសបានកើតការខឹងសម្បារជាពិសេសបន្ទាប់ពីណាប៉ូលេអុងបានចូលត្រួតត្រាប្រទេសស្វីស។ លើសពីនេះទៅទៀត ណាប៉ូលេអុងបានថ្លែងថាប្រទេសអង់គ្លេសមិនគួរមានសម្លេងនៅក្នុងកិច្ចការបរទេសរបស់ទ្វីបអឺរ៉ុបនោះឡើយដែលជាហេតុនាំឱ្យអង់គ្លេសចាត់ទុកមតិមួយនេះថាជាការជេរប្រមាណនៅប្រជាជាតិខ្លួន។ ប្រទេសរុស្ស៊ីដែលបានមើលព្រឹត្តិការណ៍ទាំងអស់នេះពីចម្ងាយបានសន្មតថា អន្តរាគមន៍របស់បារាំងនៅប្រទេសស្វីសបានបង្ហាញថាណាប៉ូលេអុងគឺមិនសម្លឹងរកដំណោះស្រាយដោយសន្តិវិធីជាមួយមហាអំណាចអឺរ៉ុបផ្សេងៗទៀតនោះឡើយ។[៣៨]
អង់គ្លេសបានចេញប្រតិបត្តិការបិទផ្លូវទឹកជុំវិញប្រទេសបារាំងដើម្បីបង្អត់ធនធាននាំចូល។ ណាប៉ូលេអុងបានឆ្លើយតបទៅនឹងសកម្មភាពរបស់អង់គ្លេសវិញដោយដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអង់គ្លេសហើយបានព្យាយាមវាយបំបែកសម្ព័ន្ធមិត្តអង់គ្លេសទាំងឡាយណាដែលមានវត្តមាននៅក្នុងទ្វីបអឺរ៉ុប។ ប្រព័ន្ធទ្វីបត្រូវបានគេបង្កើតឡើងដើម្បីបង្អាក់យុទ្ធនាការបិទខ្ទប់របស់អង់គ្លេសនិងពង្រឹងជំនួញពាណិជ្ជកម្មសេរីជាមួយបារាំង។ អង់គ្លេសបានឆ្លើយតបទៅវិញដោយបានចូលកាន់កាប់កងនាវារបស់ដាណឺម៉ាក បំបែកសម្ព័ន្ធរបស់បារាំង និងមិនយូរប៉ុន្មានក៏អាចបង្កើតការត្រួតត្រាលើដែនសមុទ្រខាងលិចទាំងមូល។ ងាកមកនៅអឺរ៉ុបដីគោកវិញ ណាប៉ូលេអុងបានទទួលជ័យជម្នះដ៏សំខាន់នៅក្នុងសង្គ្រាមសម្ព័ន្ធភាពទី៣ ដែលជំរុញឱ្យចក្រភពអូទ្រីសដកខ្លួនចេញពីសង្គ្រាមភ្លាមៗនិងក្រោយមកចក្រភពរ៉ូម៉ាំងពិសិដ្ឋក៏ត្រូវបានរំលាយចោល។ ប៉ុន្មានខែក្រោយមក រដ្ឋព្រុសបានប្រកាសសង្គ្រាមមកលើបារាំងដែលជាហេតុនាំឱ្យផ្ទុះសង្គ្រាមសម្ព័ន្ធភាពទី៤។ សង្រ្គាមនេះបានបញ្ចប់ទៅយ៉ាងដំណំសម្រាប់ព្រុសហើយខ្លួនត្រូវធ្លាក់ក្រោមការកាន់កាប់របស់បារាំងក្នុងរយៈពេលតែ ១៩ ថ្ងៃប៉ុណ្ណោះក្រោយយុទ្ធនាការដំបូងបានចាប់ផ្តើម។ បន្ទាប់មក ណាប៉ូលេអុងបានយកឈ្នះលើកងទ័ពរុស្ស៊ីនៅហ្វ្រៃឡង់ហើយជាលទ្ធផល រដ្ឋចំណុះរបស់បារាំងប្រមាណបីបួនត្រូវបាននិម្មិតឡើងនៅតំបន់អឺរ៉ុបខាងកើតរួចសង្គ្រាមសម្ព័ន្ធភាពទីបួនក៏បានបញ្ចប់ជាស្ថាពរ។
ទន្ទឹមនឹងនេះ ការបដិសេធរបស់ព័រទុយកាល់ក្នុងការប្តេជ្ញាយល់ស្របជាមួយប្រព័ន្ធទ្វីបហើយការរំលោភលើប្រព័ន្ធមួយនេះដោយប្រទេសអេស្បាញបាននាំឱ្យបារាំងសម្រេចចិត្តចូលឈ្លានពានប្រទេសទាំងពីរដោយគេបានសម្តៅលើជម្លោះមួយនេះថាសង្គ្រាមឧបទ្វីប និងមិនយូរប៉ុន្មាន សង្គ្រាមសម្ព័ន្ធភាពទីប្រាំក៏បានផ្ទុះឡើង។ បារាំងបានចូលកាន់កាប់ប្រទេសអេស្ប៉ាញដោយជោគជ័យរួចអេស្ប៉ាញក៏ក្លាយជារដ្ឋចំណុះមួយទៀតរបស់បារាំង។ បន្ទាប់ពីមិនអាចដណ្តើមទីក្រុងអានទ្វើបបាន អង់គ្លេសក៏បានងាកផ្តោតយុទ្ធនាការរបស់ខ្លួននៅក្នុងឧបទ្វីបអ៊ីបេរី។ បន្ទាប់ដឹងឮស្ថានភាពនេះ ណាប៉ូលេអុងក៏បានលើកទ័ពមកវាយអេស្ប៉ាញម្តងទៀតហើយបានបណ្តេញកងទ័ពជំនួយរបស់អង់គ្លេសចេញពីឧបទ្វីបនោះបានដោយសម្រេច។ ដោយចង់ស្តារទឹកដីដែលបានបាត់បង់ទៅនៅអំឡុងសង្គ្រាមសម្ព័ន្ធភាពទីបីវិញ អូទ្រីសក៏សម្រេចចិត្តបើកយុទ្ធនាការចូលលុកលុយរដ្ឋចំណុះរបស់បារាំងនៅឯតំបន់អឺរ៉ុបខាងកើត។ ជាលទ្ធផល ណាប៉ូលេអុងបានយកឈ្នះលើអូទ្រីសសារជាថ្មីនៅឯតំបន់វ៉ាក្រាម។
ដោយខឹងនឹងសកម្មភាពរបស់កងកម្លាំងជើងទឹកអង់គ្លេស សហរដ្ឋអាមេរិកក៏បានប្រកាសសង្គ្រាមប្រឆាំងនឹងអង់គ្លេសនៅក្នុងឆ្នាំ១៨១២ ប៉ុន្តែអាមេរិកមិនបានចុះសម្ព័ន្ធភាពអ្វីជាមួយបារាំងនោះឡើយ។ ការតវ៉ាអំពីការគ្រប់គ្រងរបស់បារាំងនៅប៉ូឡូញនិងការចុះចេញពីប្រព័ន្ធទ្វីបដោយរុស្ស៊ីបាននាំឱ្យណាប៉ូលេអុងផ្តើមការឈ្លានពានលើប្រទេសរុស្ស៊ីនៅអំឡុងខែមិថុនា ឆ្នាំ១៨១២។ យុទ្ធសាស្ត្រដ៏ឈ្លាសវៃរបស់រុស្ស៊ីបានបំបាក់កងមហាយោធារបស់បារាំងនិងបូករួមទាំងសិសររដូវដ៏ត្រជាក់ចង់កកនៅរុស្ស៊ី កងទ័ពបារាំងដែលនៅសេសសល់ទាំងប៉ុន្មានក៏បាននាំគ្នាដកថយចេញពីទឹកដីរុស្ស៊ីវិញ។ ខណៈពេលដកថយចេញពីទឹកដីប្រទេសរុស្ស៊ី អំណាចរបស់បារាំងនៅឯឧបទ្វីបអ៊ីបេរីបានកំពុងតែធ្លាក់ចុះទ្រុតទ្រោមខ្លាំងហើយទីបំផុតបារាំងក៏បាត់បង់អំណាចគ្រប់គ្រងនៅអ៊ីបេរីទាំងស្រុងក្នុងសមរភូមិវីតូរីយ៉ា។ ដោយឃើញបារាំងកំពុងទទួលបរាជ័យជាប់គ្នាៗដូច្នេះ អង់គ្លេសក៏ឈ្លាតឱកាសដឹកនាំសម្ព័ន្ធភាពទីប្រាំមួយ។
ក្រុមសម្ព័ន្ធមិត្តបានយកឈ្នះលើណាប៉ូលេអុងនៅក្នុងសមរភូមិឡែបស៊ីគដែលជាដើមហេតុបណ្តាលឱ្យណាប៉ូលេអុងធ្លាក់ចេញពីអំណាចនិងទីបំផុតបានសម្រេចដាក់រាជ្យនៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៨១៤។ ថ្នាក់ដឹកនាំក្រុមសម្ព័ន្ធមិត្តបានបញ្ជាឱ្យគេនិរទេសណាប៉ូលេអុងទៅលើកោះអែលបារួចស្តាររបបរាជវង្សបួរបនឡើងវិញនៅប្រទេសបារាំង។ ណាប៉ូលេអុងបានរត់ចេញពីអែលបានៅក្នុងឆ្នាំ ១៨១៥ ហើយបានធ្វើដំណើរត្រឡប់មកបារាំងវិញដោយទទួលបាននូវការគាំទ្រយ៉ាងច្រើនល្មមអាចផ្តួលរំលំរបបរាជានិយមថ្មីរបស់ស្តេចល្វីទី១៦។ ព្រឹត្តិការណ៍នេះបាននាំឱ្យផ្ទុះជម្លោះសម្ព័ន្ធភាពទីប្រាំពីរប្រឆាំងនឹងណាប៉ូលេអុង។ ណាប៉ូលេអុងត្រូវទទួលបរាជ័យជាចុងក្រោយនៅក្នុងសមរភូមិវ៉ាត់ធឺលូហើយព្រះអង្គត្រូវបង្ខំដាក់រាជ្យម្តងទៀតនៅថ្ងៃទី២២ ខែមិថុនា។ នៅថ្ងៃទី១៥ ខែកក្កដា ព្រះអង្គបានសុំទទួលចុះចាញ់ចំពោះមុខកងកម្លាំងអង់គ្លេសនៅឯរ៉ូច្ឆហ្វត ហើយត្រូវបាននិរទេសជាអចិន្ត្រៃយ៍ទៅលើកោះដ៏ដាច់ស្រយាលមួយឈ្មោះសាំងហេលីណា។ សន្ធិសញ្ញាទីក្រុងប៉ារីសដែលចុះនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៨១៥ បានបិទបញ្ចប់ឆាកសង្គ្រាមមួយនេះជាផ្លូវការ។
អំណាចរាជវង្សបួរបនត្រូវបានស្តារឡើងវិញនៅប្រទេសបារាំងហើយក្រុមអ្នកឈ្នះបាននាំគ្នាផ្តើមកិច្ចប្រជុំសមាជទីក្រុងវីយែនដើម្បីស្តារសន្តិភាពឡើងវិញដល់ទ្វីបអឺរ៉ុប។ ជាលទ្ធផលផ្ទាល់នៃសង្រ្គាម រាជាណាចក្រព្រុសបានក្លាយជាមហាអំណាចថ្មីនៅក្នុងទ្វីប[៣៩] ខណៈពេលដែលចក្រភពអង់គ្លេសដែលមានកងទ័ពជើងទឹកដ៏ខ្លាំងពូកែមិនអាចប្រៀបបានក៏ក្លាយជាមហាអំណាចដ៏លេចធ្លោមួយនៅលើពិភពលោក។[៤០] ចក្រភពរ៉ូម៉ាំងពិសិដ្ឋត្រូវបានរំលាយហើយទស្សនវិជ្ជាជាតិនិយមដែលបានលេចចេញនៅដើមសង្រ្គាមបានរួមចំណែកយ៉ាងធំធេងដល់ដំណើរបង្រួបបង្រួមនៃរដ្ឋអាល្លឺម៉ង់និងឧបទ្វីបអ៊ីតាលី។ សង្រ្គាមនៅអ៊ីបេរីបានធ្វើឱ្យអំណាចឥទ្ធិពលរបស់អេស្ប៉ាញចុះខ្សោយយ៉ាងខ្លាំងហើយចក្រភពអេស្ប៉ាញក៏ចាប់ផ្តើមដួលរលំបន្តិចម្តងៗ។ គិតដល់ឆ្នាំ១៨៣៣ អេស្ប៉ាញបានបាត់បង់កម្មសិទ្ធិរបស់ខ្លួននៅក្នុងទ្វីបអាមេរិកស្ទើរតែទាំងអស់។ ចក្រភពព័រទុយកាល់ក៏បានចុះខ្សោយដូចអេស្ប៉ាញផងដែរបន្ទាប់ពីប្រទេសប្រេស៊ីលបានប្រកាសឯករាជ្យនៅឆ្នាំ១៨២២។[៤១]
សង្គ្រាមមួយនេះបាននាំឱ្យមានបដិវត្តន៍ផ្នែកសង្គ្រាមនៅអឺរ៉ុបដូចជា ការធ្វើសមយុទ្ធទ្រង់ទ្រាយធំនិងយុទ្ធសាស្ត្រសង្គ្រាមសរុបដែលនាំឱ្យកើតមានយុទ្ធនាការដ៏ធំថ្មីដែលមិនធ្លាប់មានពីមុនមកដោយប្រជាជាតិទាំងមូលត្រូវប្តេជ្ញាចិត្តលះបង់នូវធនធានសេដ្ឋកិច្ចនិងឧស្សាហកម្មទាំងអស់របស់ពួកគេចំពោះកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរួម។[៤២] ដោយសារតែសង្គ្រាមនេះមានរយៈពេលវែងឆ្ងាយ ដូច្នេះទើបវិសាលភាពនៃសញ្ជ័យរបស់ណាប៉ូលេអុងនិងប្រជាប្រិយភាពនៃឧត្តមគតិក្នុងបដិវត្តន៍បារាំងបានជះឥទ្ធិពលយ៉ាងខ្លាំងដល់វប្បធម៌និងសង្គមនៃទ្វីបអឺរ៉ុប។ បដិវត្តន៍បន្តបន្ទាប់ជាច្រើនដូចជានៅក្នុងប្រទេសរុស្ស៊ីជាដើមបានប្រមើលទៅបារាំងថាជាប្រភពនៃការជម្រុញគំនិតបដិវត្តន៍របស់ពួកគេ[៤៣][៤៤] ខណៈដែលគោលការណ៍គ្រឹះស្នូលរបស់វាបានបានជះនូវឥទ្ធិពលចូលក្នុងសង្វៀនសិទ្ធិមនុស្សនិងព្រមទាំងបង្កើតនូវទស្សនវិជ្ជានយោបាយទំនើបៗដែលកំពុងតែនូវប្រើប្រាស់ដល់សព្វថ្ងៃ។[៤៥]
ផ្ទៃរឿង
[កែប្រែ]បដិវត្តន៍បារាំងបានទទួលរងនូវការរិះគន់ និងការគំរាមកំហែងយ៉ាងខ្លាំងពីក្រុមមហាអំណាចអឺរ៉ុបដទៃ ជាពិសេសគឺបន្ទាប់ពីការប្រហារជីវិតព្រះមហាក្សត្របារាំងព្រះនាមល្វីទី១៦ បូករួមជាមួយនឹងការផ្តួលរំលំរបបរាជានិយមបារាំង។ នៅក្នុងឆ្នាំ១៧៩៣ ចក្រភពអូទ្រីស ព្រះរាជាណាចក្រសាដេញ៉ា ណាប្លេស ព្រុស ចក្រភពអេស្ប៉ាញ និងចក្រភពអង់គ្លេសបានរួមគ្នាបង្កើតសម្ព័ន្ធភាពទីមួយឡើងក្នុងគោលបំណងបញ្ឈប់ភាពវឹកវរនៅក្នុងប្រទេសបារាំង។ ដោយឃើញដូច្នេះ បារាំងក៏ចាត់វិធានការកេណ្ឌទ័ពក្នុងទ្រង់ទ្រាយធំ ធ្វើកំណែទម្រង់យោធា និងបញ្ជូនធនធានដែលខ្លួនមានទាំងប៉ុន្មានចូលទៅក្នុងសង្គ្រាម។ យុទ្ធសាស្ត្រទាំងអស់នេះបាននាំឱ្យបារាំងអាចយកជ័យជម្នះបានលើក្រុមសម្ព័ន្ធភាព ថ្វីបើកំពុងតែជាប់ប្រយុទ្ធសង្គ្រាមស៊ីវិលនៅក្នុងប្រទេសខ្លួនក្តី។ ណាប៉ូលេអុងដែលពេលនោះជាឧត្តមសេនីយ៍បារាំងម្នាក់នៃកងទ័ពបដិវត្តន៍បារាំង បានបង្ខំអូទ្រីសឱ្យចុះហត្ថលេខាលើសន្ធិសញ្ញាកំប៉ូហ្វ័រមីអូ ដោយបន្សល់ទុកតែចក្រភពអង់គ្លេសតែមួយគត់នៅប្រឆាំងនឹងសាធារណរដ្ឋបារាំង។
ក្រុមសម្ព័ន្ធភាពទីពីរត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៧៩៨ ដោយចក្រភពអង់គ្លេស អូទ្រីស ណាប្លេស ចក្រភពអូតូម៉ង់ រដ្ឋប៉ាប ព័រទុយហ្កាល់ រុស្ស៊ី និងស៊ុយអែត។ ដំណើរគ្នានេះដែរ សាធារណរដ្ឋបារាំងដែលកំពុងស្ថិតក្រោមការដឹកនាំរបស់គណៈឌីរ៉េកទ័រ (ក្រុមប្រឹក្សារដ្ឋបាលនៃសាធារណរដ្ឋបារាំង) បានប្រឈមនឹងអំពើពុករលួយ និងជម្លោះផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។ សាធារណរដ្ឋថ្មីថ្មោងនោះក៏បានកំពុងជួបនូវវិបត្តិថវិកាផងដែរដែលធ្វើឱ្យប្រជាជនមួយភាគធំនៃប្រទេសបារាំងបានចាប់ផ្តើមកើតការស្អប់ខ្ពើមនឹងរដ្ឋាភិបាល។ ណាប៉ូលេអុងដោយលើកនេះជាមេបញ្ជាការនៃកងទ័ពបារាំងឈរជើងនៅអ៊ីតាលី បានបើកយុទ្ធនាការយោធាមួយនៅអេហ្ស៊ីបក្នុងគោលបំណងបិទផ្លូវទឹករារាំងលំហូរសេដ្ឋកិច្ចរបស់អង់គ្លេសនៅឥណ្ឌា។ នៅឯបារាំងវិញ កាលត្រូវសត្រូវឡោមព័ទ្ធពីគ្រប់ទិសតំបន់ដូច្នោះក៏ជួបនូវបរាជ័យម្តងហើយម្តងទៀតមិនអាចងើបមុខរួចយកឈ្នះដូចកាលសង្គ្រាមសម្ព័ន្ធភាពមុន។
ណាប៉ូលេអុងបានវិលត្រឡប់មកប្រទេសបារាំងវិញនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៧៩៩ បន្ទាប់ពីយុទ្ធនាការនៅអេហ្ស៊ីបបានទទួលបរាជ័យយ៉ាងអាម៉ាស់។ ក្រោយមកដល់ប្រទេសបារាំង ណាប៉ូលេអុងបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលឌីរ៉េកទ័រនៅថ្ងៃទី៩ ខែវិច្ឆិកា និងបានបង្កើតគណៈកុងស៊ុលជំនួសជារដ្ឋាភិបាលថ្មី។[៣៧] ជាបន្ទាប់ ណាប៉ូលេអុងបានរៀបចាត់ចែងកងកម្លាំងយោធាបារាំងឡើងវិញដោយបានបង្កើតកងទ័ពបម្រុងដ៏ធំត្រៀមទុកដើម្បីគាំទ្រយុទ្ធនាការយោធានៅលើតំបន់រ៉ាំង ឬនៅអ៊ីតាលី។ កងទ័ពរុស្ស៊ីត្រូវបានបារាំងវាយចេញពីសង្រ្គាមរួចទៅហើយ ខណៈក្រោមការដឹកនាំរបស់ណាប៉ូលេអុង បារាំងបានច្បាំងឈ្នះនឹងកងកម្លាំងអូទ្រីសនៅក្នុងខែមិថុនា ឆ្នាំ១៨០០ ដែលធ្វើឱ្យអូទ្រីសបាត់បង់អំណាចឥទ្ធិពលនៅអ៊ីតាលី។ ទីបំផុតនៅខែធ្នូនៃឆ្នាំដដែរនោះ អូទ្រីសក៏ត្រូវដួលបរាជ័យទាំងស្រុងក្រោមថ្វីដៃរបស់ឧត្តមសេនីយ៍បារាំងកំពូលម្នាក់រូបឈ្មោះម៉ូរ៉ូនៅរដ្ឋបាវីយែរ។ បរាជ័យរបស់អូទ្រីសត្រូវបានផ្សាភ្ជាប់ដោយសន្ធិសញ្ញាលូនេវីលនៅដើមឆ្នាំបន្ទាប់ ដាក់បន្ថែមសម្ពាធឱ្យអង់គ្លេសបង្ខំចុះលើសន្ធិសញ្ញាអាមៀនជាមួយបារាំង ស្ដារសន្តិភាពបានមួយរយៈពេលខ្លីនៅអឺរ៉ុប។
កាលបរិច្ឆេទចាប់ផ្តើម និងនាមវលី
[កែប្រែ]បច្ចុប្បន្ន គ្មានការឯកច្ឆន្ទគ្នានោះទេថាពេលណាដែលសង្គ្រាមបដិវត្តន៍បារាំងបានបញ្ចប់ ហើយពេលសង្គ្រាមណាប៉ូលេអូនិកចាប់ផ្តើម។ កាលបរិច្ឆេទដែលអាចទទួលទៅបានរួមមានថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៧៩៩ គឺនៅពេលដែលបូណាប៉ារត៍ដណ្តើមអំណាចនៅថ្ងៃទី១៨ ខែប៊្រូមែរ (បើយោងទៅតាមប្រតិទិនសាធារណរដ្ឋដែលប្រើប្រាស់នៅពេលនោះ),[៤៦] ថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨០៣ នៅពេលដែលអង់គ្លេសនិងបារាំងបានបញ្ចប់សន្តិភាពមួយរយៈពេលខ្លីនៅរវាងឆ្នាំ១៧៩២ និងឆ្នាំ១៨១៤ ឬថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨០៤ នៅពេលដែលបូណាប៉ារត៍បានឡើងគ្រងរាជ្យជាព្រះចៅអធិរាជបារាំង។[៤៧]
ជាម្តងម្កាល ប្រវត្តិវិទូអង់គ្លេសជាច្រើនរូបបានសម្ដៅទៅលើសម័យភ្លើងសង្រ្គាមបន្តកន្ទុយគ្នាពីឆ្នាំ១៧៩២ ដល់ឆ្នាំ១៨១៥ ថាជាមហាសង្រ្គាមបារាំង (Great French War) ឬក៏ជាដំណាក់កាលចុងបញ្ចប់នៃសង្រ្គាមរយឆ្នាំលើកទីពីររវាងអង់គ្លេស-បារាំង ដែលចំណាយពេលពីឆ្នាំ១៦៨៩ ដល់ឆ្នាំ១៨១៥។[៤៨]
នៅប្រទេសបារាំង សង្រ្គាមណាប៉ូលេអូនិកជាទូទៅត្រូវបានរាប់បញ្ចូលជាមួយសង្គ្រាមបដិវត្តន៍បារាំងក្រោមឈ្មោះថា៖ Les guerres de la Revolution et de l'Empire។[៤៩]
សង្គ្រាមសម្ព័ន្ធភាពទីបី, ១៨០៥
[កែប្រែ]ចក្រភពអង់គ្លេសបានប្រមូលផ្តុំសម្ព័ន្ធមិត្តរបស់ខ្លួននៅជុំវិញទ្វីបអឺរ៉ុបដើម្បីបង្កើតសម្ព័ន្ធភាពទីបីប្រឆាំងនឹងចក្រភពបារាំងថ្មីថ្មោងក្រោយបន្ទាប់ពីណាប៉ូលេអុងបានប្រកាសសាមីខ្លួនជាអធិរាជនៃប្រទេសបារាំង។[៥០][៥១] ណាប៉ូលេអុងបានពិចារណាត្រៀមនឹងឈ្លានពានចក្រភពអង់គ្លេសទៅហើយ[៥២][៥៣] ដោយបានប្រមូលផ្តុំកម្លាំងទ័ពចំនួន ១៨០,០០០ នាក់នៅប៊ូឡូញ្ញី។ ក៏ប៉ុន្តែមុនពេលព្រះអង្គបញ្ជាទ័ពចូលឈ្លានពាន ទ្រង់ត្រូវការពង្រឹងសមត្ថភាពនៃកងទ័ពជើងទឹកបារាំងជាមុនសិន ឬយ៉ាងណាត្រូវទាញកងនាវាអង់គ្លេសឱ្យចេញឆ្ងាយពីផ្លូវទឹកអង់គ្លេសដែលរត់ពុះកាត់អង់គ្លេស និងបារាំង។ បារាំងបានបង្កើតផែនការដ៏ធំមួយដើម្បីបំបែរកងនាវាអង់គ្លេសឱ្យដកថយពីផ្លូវទឹកនោះតាមរយៈការគំរាមកំហែងកម្មសិទ្ធិអាណានិគមអង់គ្លេសនៅឥណ្ឌីខាងលិច ប៉ុន្តែវាបានបរាជ័យនៅពេលដែលកងនាវារួមបារាំង-អេស្ប៉ាញក្រោមឧត្តមនាវីវីល្លេនឺហ្វត្រូវកម្លាំងអង់គ្លេសវាយរហូតដកថយចេញពីកាប់ហ្វីនីស្តែរ៍នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៨០៥។ កងនាវាអង់គ្លេសបានឡោមព័ទ្ធបិទកម្លាំងវីល្លេនឺហ្វនៅទីក្រុងកាឌីសនៃប្រទេសអេស្ប៉ាញរហូតដល់ពេលលោកវីល្លេនឺហ្វដឹកនាំកម្លាំងបង្វែរទៅទីក្រុងណាប្លេសវិញនៅថ្ងៃទី១៩ ខែតុលា។ កងនាវាអង់គ្លេសបានដេញតាមពីក្រោយ និងទីបំផុតបានវាយឈ្នះកងកម្លាំងរួមរបស់បារាំង-អេស្ប៉ាញក្នុងសមរភូមិត្រាហ្វាលហ្ការនៅថ្ងៃទី២១ ខែតុលា។ ចាប់ពីពេលនោះមក ណាប៉ូលេអុងបានអស់ឱកាសទាំងប៉ុន្មានក្នុងការប្រជែងជាមួយអង់គ្លេសនៅលើផ្ទៃសមុទ្រ ហើយការគំរាមកំហែងឈ្លានពានអង់គ្លេសក៏បាត់សូន្យឈឹងដូចគ្នា។ ដោយដូច្នោះ ព្រះអង្គក៏បានបង្វែរចំណាប់អារម្មណ៍មកសម្លឹងមើលក្រុមសត្រូវទ្រង់នៅទ្វីបអឺរ៉ុបជាថ្មីម្តងទៀត។
នៅខែមេសា ឆ្នាំ១៨០៥ ចក្រភពអង់គ្លេស និងរុស្ស៊ីបានចុះហត្ថលេខាលើសន្ធិសញ្ញាមួយក្នុងគោលបំណងវាយបណ្ដេញទ័ពបារាំងចេញពីសាធារណរដ្ឋបាតាហ្វ (ប្រទេសហុល្លង់បច្ចុប្បន្ន) និងសហព័ន្ធស្វីស។ ប្រទេសអូទ្រីសបានចុះចូលក្នុងសម្ព័ន្ធភាពថ្មីនោះបន្ទាប់ពីបារាំងបានកាត់ក្រុងហ្សឺណែវ និងការប្រកាសរបស់ណាប៉ូលេអុងជាព្រះមហាក្សត្រនៃប្រទេសអ៊ីតាលីនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ១៨០៥។ រីឯប្រទេសស៊ុយអែតវិញ កាលដែលខ្លួនបានយល់ព្រមជួលតំបន់ប៉ូមេរ៉ានីឱ្យអង់គ្លេសប្រើជាមូលដ្ឋានយោធាស្រាប់ទៅហើយ ក៏សម្រេចចិត្តចូលរួមក្នុងសម្ព័ន្ធភាពនៅថ្ងៃទី៩ ខែសីហា។
អូទ្រីសបានចាប់ផ្តើមសង្រ្គាមសម្ព័ន្ធភាពទីបីដោយលើកទ័ពចូលឈ្លានពានបាវីយែរនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៨០៥[៥៤] ជាមួយនឹងកម្លាំងទ័ពប្រមាណ ៧០,០០០ នាក់ក្រោមការដឹកនាំរបស់លោកកាល់ ម៉ាក វន លែបអ៊ែរិច។ បារាំងក៏បានបញ្ជាទ័ពពីប៊ូឡូញ្ញីដើម្បីទៅបង្ក្រាបកម្លាំងអូទ្រីសនៅចុងខែកក្កដា ឆ្នាំ១៨០៥។ មកដល់បរិវេណទីក្រុងអ៊ូម (២៥ កញ្ញា ដល់ ២០ តុលា) ទ័ពណាប៉ូលេអុងក៏បានឡោមព័ទ្ធកម្លាំងរបស់លែបអ៊ែរិច បង្ខំឱ្យអូទ្រីសលើកទង់សសុំចុះចាញ់ដោយមិនមានការបង្ហូរឈាមគ្នាច្រើន។
បន្ទាប់ពីកងកម្លាំងអូទ្រីសចម្បងត្រូវទទួលបរាជ័យនៅឯភាគខាងជើងនៃភ្នំអាល់ប៍ (ក្រោមបញ្ជាការព្រះរជ្ជទាយាទឆាលស៍ ប្រយុទ្ធចាញ់កងទ័ពបារាំងរបស់អង់ដ្រេ ម៉ាស្សេណា) ណាប៉ូលេអុងក៏បានលើកទ័ពទៅកាន់កាប់ទីក្រុងវីយែននៅថ្ងៃទី១៣ ខែវិច្ឆិកា។ ដោយនៅឆ្ងាយពីខ្សែផ្គត់ផ្គង់ភស្តុភារ ណាប៉ូលេអុងត្រូវប្រឈមនឹងកម្លាំងទ័ពអូទ្រីស-រុស្ស៊ីដ៏ធំជាងទ័ពសត្រូវមុនៗច្រើន ក្រោមបញ្ជារការបស់លោកមីខាអ៊ីល គូធូសឺហ្វ ដោយមានព្រះអធិរាជរុស្ស៊ី ព្រះចៅអាឡិចសាន់ដឺទី១ ទ្រង់វត្តមាននៅសមរភូមិផ្ទាល់។ នៅថ្ងៃទី២ ខែធ្នូ ណាប៉ូលេអុងបានវាយបែកកម្លាំងអូទ្រីស-រុស្ស៊ីដ៏ធំមួយនោះនៅឯទីក្រុងម៉ូរ៉ាវីក្នុងសមរភូមិអ៊ូស្ទែរលីត្ស៍ (ដែលប្រវត្តិវិទូជាទូទៅចាត់ទុកវាថាជាជ័យជម្នះដ៏អស្ចារ្យបំផុតមួយរបស់ណាប៉ូលេអុង)។ ក្នុងសមរភូមិនោះ កងទ័ពបារាំងបានសម្លាប់ទ័ពសត្រូវប្រមាណ ២៥,០០០ នាក់ ខណៈដែលកម្លាំងទ័ពសត្រូវនោះមានចំនួនច្រើនជាងកម្លាំងបារាំងផង រីឯទ័ពបារាំងវិញស្លាប់តែប្រមាណក្រោម ៧,០០០ នាក់ប៉ុណ្ណោះ។
អូទ្រីសបានចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងប្រែសប៊ួរ (ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៨០៥) ដែលនាំឱ្យអូទ្រីសចុះចេញពីសម្ព័ន្ធភាពប្រឆាំងនឹងបារាំង។ មិនតែប៉ុណ្ណោះ សន្ធិសញ្ញានោះក៏បានតម្រូវឱ្យអូទ្រីសប្រគល់តំបន់វេណេស៊ីទៅឱ្យរាជាណាចក្រអ៊ីតាលីដែលកាលនុះជារដ្ឋចម្រុះរបស់បារាំង និងតំបន់ធីរ៉ូលទៅឱ្យបាវីយែរ។ ក្រោយពីទាត់អូទ្រីសចេញពីសង្រ្គាម ស្ថានការណ៍នៅលើសមរភូមិបានឈានដល់ភាពជាប់គាំង។ ថ្វីបើទ័ពណាប៉ូលេអុងកំពុងបន្តកំណត់ត្រានៃជ័យជំនះមិនដែលចាញ់មែន ប៉ុន្តែកងកម្លាំងពេញលេញរបស់រុស្ស៊ីនៅមិនទាន់បានបញ្ជូនមកទ្វីបអឺរ៉ុបនៅឡើយ។ ក្រោយបិទបញ្ចប់សន្ធិសញ្ញាសន្តិភាពប្រែសប៊ួរ ណាប៉ូលេអុងបានត្រឡប់មកបង្រួបបង្រួមអំណាចរបស់ទ្រង់ក្នុងប្រទេសបារាំងវិញ ខណៈបារាំងបានកាន់កាប់ប្រទេសបែលហ្ស៊ិក ហុល្លង់ ស្វីស និងអាល្លឺម៉ង់ខាងលិចមួយភាគធំ និងប៉ែកខាងជើងនៃប្រទេសអ៊ីតាលី។
សង្គ្រាមសម្ព័ន្ធភាពទីបួន, ១៨០៦–១៨០៧
[កែប្រែ]ប៉ុន្មានខែក្រោយពីសម្ព័ន្ធភាពទីបីបានដួលរលំ សម្ព័ន្ធភាពទីបួន (១៨០៦–១៨០៧) ក៏ត្រូវបានបង្កើតឡើងដោយចក្រភពអង់គ្លេស ព្រុស រុស្ស៊ី សាចសិន និងស៊ុយអែត។ នៅខែកក្កដា ឆ្នាំ១៨០៦ ណាប៉ូលេអុងបានបញ្ជាឱ្យបង្កើតសហព័ន្ធរ៉ាំងឡើងដោយមានរដ្ឋនគរអាល្លឺម៉ង់តូចៗនៅក្នុង និងជុំវិញតំបន់រ៉ាំងជាសមាជិក។ ព្រះអង្គថែមបានបង្រួបបង្រួមរដ្ឋតូចៗមួយចំនួនបញ្ចូលគ្នាទៀតផង ដើម្បីធ្វើឱ្យរបបគ្រប់គ្រងនៅអាល្លឺម៉ង់មានភាពងាយស្រួលរលូនជាងមុន។ ចំពោះរដ្ឋធំៗនៅក្នុងសហព័ន្ធដូចជា សាចសិន និងបាវីយែរវិញត្រូវបានណាប៉ូលេអុងតម្លើងជាព្រះរាជាណាចក្រ។
មកដល់ខែសីហា ឆ្នាំ១៨០៦ ព្រះមហាក្សត្រព្រុស ព្រះអង្គហ្វ្រីឌ្រិច វិលហែលម៍ទី៣ បានសម្រេចប្រកាសសង្គ្រាមទៅលើបារាំងដោយឯកឯងដោយមិនពិគ្រោះជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនជាមុន ជាពិសេសគឺរុស្ស៊ីដែលកម្លាំងទ័ពស្ថិតនៅឆ្ងាយពីដែនដីអាល្លឺម៉ង់នៅឡើយ។ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៨០៦ ណាប៉ូលេអុងបានបញ្ជូនកងកម្លាំងបារាំងទាំងអស់ឆ្លងទៅភាគខាងកើតនៃទន្លេរ៉ាំងចូលក្នុងទឹកដីនៃព្រុស។ ណាប៉ូលេអុងបានវាយកម្ចាត់កងទ័ពព្រុសនៅយីណា (១៤ តុលា ១៨០៦) ហើយលោកដាវូត៍ (មេបញ្ជាការបារាំងដ៏ឆ្នើមម្នាក់) បានកម្ចាត់ទ័ពព្រុសមួយផ្សេងទៀតនៅអោអើស្តែដត៍ក្នុងថ្ងៃតែមួយ។ ទាហានបារាំងចំនួន ១៦០,០០០ នាក់ (ចំនួនបានបន្តកើនឡើងនៅយុទ្ធនាការបន្តបន្ទាប់) បានវាយឆ្លងកាត់ទឹកដីព្រុស ដោយបោះជំហានក្នុងល្បឿនយ៉ាងលឿន វាយកម្ទេចទ័ពព្រុសដែលធ្លាប់មានឈ្មោះល្បីល្បាញខ្លាំងក្លាបានដ៏ងាយ។ ក្នុងចំណោមកងកម្លាំងព្រុសសរុប ២៥០,០០០ នាក់ មានទាហានព្រុសចំនួន ២៥,០០០ នាក់ត្រូវបាត់បង់ជីវិត ខណៈ ១៥០,០០០ នាក់ផ្សេងទៀតត្រូវបានចាប់ជាឈ្លើយសឹក រីឯកាំភ្លើងធំ ៤,០០០ គ្រឿង និងកាំភ្លើងវែង ១០០,០០០ ដើមត្រូវបានបំផ្លាញ ឬរឹបអូសដោយបារាំង។ ណាប៉ូលេអុងបានយាងដល់ទីក្រុងប៊ែរឡាំងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ១៨០៦។ នៅទីនោះ ព្រះអង្គបានចូលទៅគោរពព្រះសុសានព្រះមហាហ្វ្រីឌ្រិច ហើយបានបង្គាប់មេទ័ពរបស់ព្រះអង្គឱ្យដោះមួករបស់ពួកគេ ដោយមានព្រះបន្ទូលថា "ប្រសិនបើព្រះអង្គ (សម្ដៅទៅហ្វ្រីឌ្រិច) នៅមានជីវិត នោះយើងក៏ពុំអាចឈរជើងនៅទីនេះក្នុងថ្ងៃនេះនោះដែរ"។ ណាប៉ូលេអុងទ្រង់បានប្រើពេលត្រឹមតែ ១៩ ថ្ងៃប៉ុណ្ណោះដើម្បីវាយបែករាជាណាចក្រព្រុសទាំងមូលដោយការកាន់កាប់ទីក្រុងប៊ែរឡាំង និងកម្ទេចកម្លាំងយោធាព្រុសទាំងអស់នៅយីណា និងអោអើស្តែដត៍។ ដោយឃើញដូច្នេះ នគរសាចសិនក៏បានដកខ្លួនពីសម្ព័ន្ធភាពជាមួយព្រុសភ្លាមៗ ហើយរួមគ្នាជាមួយរដ្ឋនគរតូចៗនៅអាល្លឺម៉ង់ខាងជើងបានសម្រេចមកចងសម្ព័ន្ធភាពជាមួយប្រទេសបារាំងវិញ។
នៅវគ្គបន្ទាប់នៃសង្រ្គាម បារាំងបានវាយកងកម្លាំងរុស្ស៊ីចេញពីទឹកដីប៉ូឡូញ ហើយបានប្រើទាហានប៉ូឡូញ និងអាល្លឺម៉ង់ជាច្រើននាក់ទៅធ្វើការឡោមព័ទ្ធនៅក្នុងតំបន់ស៊ីលេស៊ី និងប៉ូមេរ៉ានី ដោយមានជំនួយបន្ថែមពីទាហានហុល្លង់ និងអ៊ីតាលីនៅវគ្គបញ្ចប់។ បន្ទាប់មក ណាប៉ូលេអុងបានបង្វែរទ័ពទៅភាគខាងជើងដើម្បីកម្ចាត់កងទ័ពរុស្ស៊ីដែលនៅសេសសល់ ហើយព្យាយាមដណ្តើមយករាជធានីបណ្ដោះអាសន្នរបស់ព្រុសនៅខូនីស្សប៊ឺក។ ការប្រទាញប្រទង់គ្នាក្នុងសមរភូមិអ៊ីឡូ (៧–៨ កុម្ភៈ ១៨០៧) បូករួមនឹងបរាជ័យនៅក្រុងដង់ហ្ស៊ីក (២៤ ឧសភា ១៨០៧) និងព្រមទាំងសមរភូមិអែលប៊ែក (១០ មិថុនា ១៨០៧) បានបង្ខំរុស្ស៊ីឱ្យបន្តដកថយកាន់តែជ្រៅទៅភាគខាងជើង។ នៅទីបំផុត ណាប៉ូលេអុងបានវាយឈ្នះកងទ័ពរុស្ស៊ីចុងក្រោយនៅហ្វ្រៃឡង់ (១៤ មិថុនា ១៨០៧) មុនពេលព្រះចៅអាឡិចសាន់ដឺបង្ខំព្រះទ័យសុំសន្តិភាពជាមួយណាប៉ូលេអុងនៅក្រុងទីលស៊ីត (៧ កក្កដា ១៨០៧)។ នៅអាល្លឺម៉ង់ និងប៉ូឡូញ រដ្ឋចំណុះរបស់ណាប៉ូលេអុងថ្មីត្រូវបានបង្កើតឡើង មានដូចជា ព្រះរាជាណាចក្រវែស្តហ្វាលី ពញារដ្ឋវ៉ាសូរី និងសាធារណរដ្ឋដង់ហ្ស៊ីកជាដើម។
នៅខែកញ្ញានៃឆ្នាំ១៨០៧ លោកសេនាប្រមុខហ្គីយ៉ូម ប៊្រុយន៍ បានបញ្ចប់បេសកកម្មកាន់កាប់តំបន់ប៉ូមេរ៉ានីរបស់ស៊ុយអែត ដែលនាំឱ្យកងទ័ពស៊ុយអែតទាំងអស់ដកថយ។
ស្កង់ឌីណាវី និងហ្វាំងឡង់
[កែប្រែ]ការឆ្លើយតបដំបូងរបស់ចក្រភពអង់គ្លេសចំពោះប្រព័ន្ធទ្វីបរបស់ណាប៉ូលេអុងគឺបើកការវាយប្រហារផ្លូវទឹកទៅលើប្រទេសដាណឺម៉ាក។ ថ្វីបើដាណឺម៉ាកជាប្រទេសប្រកាន់អព្យាក្រឹតភាពមែនក្ដី តែក្នុងអំឡុងពេលនោះ ដាណឺម៉ាកត្រូវរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីបារាំង និងរុស្ស៊ីឱ្យរៀបចំកងនាវាខ្លួនត្រៀមជាជំនួយដល់ណាប៉ូលេអុង។ ដោយយល់ឃើញដូច្នេះ ទីក្រុងឡុងដ៍មិនអាចឈរស្ងៀមទុកឱ្យដាណឺម៉ាកធ្លាក់ក្រោមឥទ្ធិពលបារាំងងាយៗឡើយ។ នៅខែសីហា ឆ្នាំ១៨០៧ កងនាវាអង់គ្លេសបានឡោមព័ទ្ធ និងវាយប្រហារទីក្រុងកូពែនហាក រួចរឹបអូសយកនាវាចម្បាំងដាណឺម៉ាក–ន័រវែសទាំងមូលក្នុងកំពង់ផែកូពែនហាក។ សកម្មភាពនេះបានធានាឱ្យអង់គ្លេសអាចបន្តចេញចូលផ្លូវសមុទ្រនៅភាគខាងជើង និងសមុទ្របាល់ទិក ពិសេសសម្រាប់នាវាពាណិជ្ជកម្ម។ ទីបំផុត ដាណឺម៉ាកក៏សម្រេចប្រឡូកចូលក្នុងសង្គ្រាមនៅខាងបារាំង ប៉ុន្តែដោយគ្មានកងនាវាដូចមុន ឥទ្ធិពលដាណឺម៉ាកនៅក្នុងសង្គ្រាមគឺមានតិចតួចបំផុត។[៥៥][៥៦] យ៉ាងណាក្ដី ដាណឺម៉ាកនៅតែបន្តសង្គ្រាមជើងទឹកដោយប្រើប្រាស់ទូកកាំភ្លើងតូចៗលបវាយប្រហារលើនាវាចម្បាំងអង់គ្លេសដែលមានវត្តមានក្នុងដែនទឹកដាណឺម៉ាក និងន័រវែស។ លើសពីនេះ ដាណឺម៉ាកក៏បានប្តេជ្ញាដែរថានឹងចូលរួមក្នុងសង្រ្គាមប្រឆាំងនឹងស៊ុយអែតរួមគ្នាជាមួយបារាំងនិងរុស្ស៊ី។
កាលក្នុងកិច្ចពិភាក្សាគ្នានៅក្រុងទីលស៊ីត ណាប៉ូលេអុង និងអាឡិចសាន់ដឺបានយល់ស្របថា រុស្ស៊ីគួរតែបង្ខំស៊ុយអែតឱ្យចូលរួមក្នុងប្រព័ន្ធទ្វីបរបស់បារាំង។ នៅខែកុម្ភៈ ឆ្នាំ១៨០៨ រុស្ស៊ីក៏បានបើកការឈ្លានពានលើស៊ុយអែតឆ្លងទឹកដីហ្វាំងឡង់ ហើយមួយខែក្រោយមក ដាណឺម៉ាកក៏ប្រកាសសង្គ្រាមលើស៊ុយអែតតាមរុស្ស៊ី។ ចំណែកបារាំងវិញ ណាប៉ូលេអុងបានបញ្ជូនទ័ពទៅជំនួយនៅឯដាណឺម៉ាកដោយមានទាហានបារាំង អេស្ប៉ាញ និងហុល្លង់ ក្រោមការដឹកនាំរបស់សេនាប្រមុខលោកហ្សង់-បាធីស្ត ប៊ែរណាដុតទ៍។ យ៉ាងណាក៏ដោយ កងទ័ពជើងទឹកអង់គ្លេសបានធ្វើការរារាំងកម្លាំងទាំងនោះមិនឱ្យឆ្លងច្រកសមុទ្រអឿរសុន ហើយសង្រ្គាមឈ្លានពានស៊ុយអែតបានវិវត្តត្រឹមតែជាជម្លោះតាមបណ្តោយព្រំដែនស៊ុយអែត-ន័រវែសប៉ុណ្ណោះ។ នៅក្នុងសមាជអ៊ែហ្វឺត (កញ្ញា–តុលា ១៨០៨) បារាំង និងរុស្ស៊ីបានព្រមព្រៀងគ្នាបន្ថែមទៀតលើការបែងចែកប្រទេសស៊ុយអែតជាពីរផ្នែកដោយពុះកាត់តាមឈូងសមុទ្រប៊ុតនី រីឯផ្នែកខាងកើតបានក្លាយជាមហាពញារដ្ឋហ្វាំងឡង់។ ជំនួយមនុស្សធម៌របស់អង់គ្លេសដើម្បីជួយស៊ុយអែតនៅមានដែនកម្រិតខ្លាំង ហើយមិនបានរារាំងស៊ុយអែតពីការអនុវត្តគោលនយោបាយលម្អៀងទៅណាប៉ូលេអុងឡើយ។[៥៧]
សង្រ្គាមរវាងដាណឺម៉ាក និងចក្រភពអង់គ្លេសបានបិទបញ្ចប់នៅក្នុងសមរភូមិលូនហ្គឺរនៃឆ្នាំ១៨១២ ដោយជ័យជម្នះបានទៅខាងអង់គ្លេស។
ប៉ូឡូញ
[កែប្រែ]នៅក្នុងឆ្នាំ១៨០៧ ណាប៉ូលេអុងបានបង្កើតបន្ទាយការពារដ៏ធំមាំមួយនៅក្នុងតំបន់អឺរ៉ុបកណ្តាល។ ប្រទេសប៉ូឡូញដែលទើបតែត្រូវបានកាត់បែងចែកដោយមហាអំណាចជិតខាងចំនួនបីរបស់ខ្លួន ត្រូវបានណាប៉ូលេអុងបានបង្កើតមកវិញក្រោមឈ្មោះថា ពញារដ្ឋវ៉ាសូរី។ ទឹកដីរដ្ឋប៉ូឡូញថ្មីលើកនេះគឺកើតចេញពីទឹកដីដែលបារាំងវាយដណ្ដើមបានពីអូទ្រីស និងព្រុស រីឯមេដឹកនាំនៃរដ្ឋនេះវិញគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទមួយរបស់ណាប៉ូលេអុងគឺព្រះអង្គហ្វ្រេដេរីក អូហ្គូសត៍ទី១ ហើយក៏ជាព្រះមហាក្សត្រសាចសិនដែរ។ ក៏ប៉ុន្តែជាក់ស្តែង ព្រះអង្គគ្រាន់តែជានិមិត្តរូបក្សត្ររាជវង្សប៉ុណ្ណោះ ខណៈមេដឹកនាំប៉ូឡូញពិតប្រាកដគឺត្រូវណាប៉ូលេអុងជាអ្នកតែងតាំង។ រដ្ឋប៉ូឡូញថ្មីនេះមានប្រជាជនរស់នៅសរុប ៤.៣ លាននាក់ ហើយមកដល់ឆ្នាំ១៨១៤ វាបានបញ្ជូនទាហានប្រមាណ ២០០,០០០ នាក់ចូលក្នុងជួរយោធាណាប៉ូលេអុង។ ក្នុងនោះរួមមានទាហានប៉ូឡូញប្រមាណ ៩០,០០០ នាក់ ដែលត្រូវបានកេណ្ឌទៅច្បាំងនឹងរុស្ស៊ីរៀបធ្វើដំណើររហូតដល់រាជធានីម៉ូស្គូនៅក្នុងឆ្នាំ១៨១២ ប៉ុន្តែពួកគេភាគច្រើនត្រូវបានបាត់បង់ជីវិតនៅក្នុងដំណើរនោះ។[៥៨] ក្រោយចប់សង្គ្រាមណាប៉ូលេអូនិក មហាពញារដ្ឋវ៉ាសូរីត្រូវបានកាត់ចូលជាទឹកដីពាក់កណ្ដាលស្វយ័តនៃចក្រភពរុស្ស៊ីនៅក្នុងឆ្នាំ១៨១៥។ ប៉ូឡូញត្រូវស្ថិតនៅក្រោមការត្រួតត្រារបស់បរទេសរហូតដល់ឆ្នាំ១៩១៨ បន្ទាប់ពីចក្រភពរុស្ស៊ី អាល្លឺម៉ង់ និងអូទ្រីស-ហុងគ្រីបានដួលរលំក្នុងវគ្គបញ្ចប់នៃសង្គ្រាមលោកលើកទីមួយ។ ឥទ្ធិពលរបស់ណាប៉ូលេអុងលើប្រទេសប៉ូឡូញគឺមានសារៈសំខាន់មិនអាចកាត់ថ្លៃបានឡើយដោយក្រមច្បាប់របស់ណាប៉ូលេអុងបាននាំឱ្យមានការលុបបំបាត់ទាសភាព និងការនាំចូលការិយាធិបតេយ្យវណ្ណៈកណ្តាលសម័យ។[៥៩][៦០]
សង្គ្រាមឧបទ្វីប, ១៨០៨–១៨១៤
[កែប្រែ]ជម្លោះក្នុងឧបទ្វីបអ៊ីបេរីបានចាប់ផ្តើមនៅពេលដែលព័រទុយហ្កាល់នៅតែបន្តធ្វើពាណិជ្ជកម្មជាមួយអង់គ្លេស ទោះបីជាត្រូវបារាំងរឹតបន្តឹងក្ដី។ បន្ទាប់ពីអេស្ប៉ាញមិនអនុវត្តតាមប្រព័ន្ធទ្វីបរបស់បារាំង សម្ព័ន្ធភាពរវាងប្រទេសទាំងពីរក៏ត្រូវដួលរលំទាំងស្រុង។ ជាការឆ្លើយតប បារាំងក៏បានលើកទ័ពចូលត្រួតត្រាទឹកដីអេស្ប៉ាញបន្តិចម្តងៗ រហូតដល់ពួកគេកាន់កាប់បានរាជធានីម៉ាឌ្រីដ ហើយក៏តម្លើងរាជរដ្ឋាភិបាកចំណុះក្រោមបារាំងមួយនៅទីនោះ។ ទង្វើនេះបានធ្វើឱ្យមានការផ្ទុះបះបោរពីសំណាក់ប្រជាជនអេស្ប៉ាញនៅគ្រប់ផ្ទៃប្រទេស ខណៈអង់គ្លេសក៏ឆ្លៀតឱកាសគាំទ្រចលនាបះបោរនៅលើទឹកដីអេស្ប៉ាញ។
បន្ទាប់ពីចលនាបះបោរបានវាយដណ្ដើមយករាជធានីម៉ាឌ្រីដវិញ ណាប៉ូលេអុងក៏បានចេញដឹកនាំទ័ពផ្ទាល់សម្រុកទៅម៉ាឌ្រីដសារជាថ្មី រួចវាយបង្ក្រាបចលនាបះបោរនៅទីនោះ រួមថែមទាំងបានវាយបណ្ដេញកងទ័ពអង់គ្លេសមួយក្រុមតូចចេញពីឧបទ្វីបអ៊ីបេរីទៀតផង (សមរភូមិកូរូញ្ញា, ១៦ មករា ១៨០៩)។ ប៉ុន្តែបន្ទាប់ពីណាប៉ូលេអុងយាងចាកចេញពីទឹកដីអេស្ប៉ាញបាត់ទៅ ចលនាប្រឆាំងនឹងបារាំងក៏បានរើឡើងវិញនាំឱ្យទាហានបារាំងនៅអេស្ប៉ាញជាច្រើនចុះកម្លាំង។ ការផ្ទុះឡើងនៃសង្រ្គាមសម្ព័ន្ធភាពទីប្រាំបានរារាំងណាប៉ូលេអុងពីការវិលចូលមកស្ដារស្ថេរភាពនៅអ៊ីបេរីវិញដោយទ្រង់ត្រូវជាប់ដឹកនាំទ័ពនៅអូទ្រីស។ អង់គ្លេសជាម្តងទៀតក៏បានឆក់យកឱកាសនេះបញ្ជូនកម្លាំងទ័ពថ្មីមកអ៊ីបេរី។[៦១]
សង្គ្រាមឧបទ្វីបបានក្លាយជាឧបសគ្គយ៉ាងធំសម្រាប់បារាំង។ របបបារាំងនៅអេស្ប៉ាញបានទទួលនូវស្ថេរភាពតែពេលណាប៉ូលេអុងមានវត្តមានផ្ទាល់ប៉ុណ្ណោះ ហើយក្រោយពីទ្រង់យាងចេញទៅបាត់ ចលាចលថ្មីក៏បានផ្ទុះចេញមកវិញភ្លាមៗ។ ម្យ៉ាងទ្រង់មិននឹកស្មាន់ថាការគ្រប់គ្រងប្រទេសអេស្ប៉ាញគឺត្រូវការកម្លាំងច្រើនខ្លាំងសោះ។ កិច្ចខិតខំប្រឹងប្រែងទាំងប៉ុន្មានរបស់បារាំងនៅអេស៉្បាញគឺជាការខាតបង់យ៉ាងធ្ងន់ធ្ងរទាំងថវិកា កម្លាំងពលកម្ម និងកិត្យានុភាព។ ណាប៉ូលេអុងទ្រង់បានដឹងខ្លួនថាវាជាកំហុសដ៏ធំមួយរបស់ទ្រង់ ដោយសរសេរថា "សង្រ្គាមដ៏អកុសលនោះបានបំផ្លាញរូបយើង... គ្រប់កាលៈទេសៈទាំងអស់នៃការបរាជ័យរបស់យើងគឺសុទ្ធតែភ្ជាប់ទៅចំណងដ៏អាក្រក់នោះ"។[៦២]
សង្គ្រាមឧបទ្វីបបាននាំឱ្យកើតមានសមរភូមិប្រយុទ្ធគ្នាធំៗចំនួន ៦០ និងការឡោមព័ទ្ធយោធាធំៗចំនួន ៣០ ដែលជាចំនួនច្រើនជាងជម្លោះណាទាំងអស់នៅក្នុងសង្គ្រាមណាប៉ូលេអូនិក ហើយប្រើពេលជាង ៦ ឆ្នាំ ដែលយូរជាងជម្លោះណាទាំងអស់ក្នុងសង្គ្រាមណាប៉ូលេអូនិកដូចគ្នា។ បារាំង និងសម្ព័ន្ធមិត្តខ្លួនបានបាត់បង់កម្លាំងទាហានយ៉ាងហោចណាស់ចំនួន ៩១,០០០ នាក់ និងរបួសប្រមាណ ២៣៧,០០០ នាក់ដោយសារសង្គ្រាមនេះ។[៦៣] ចាប់ពីឆ្នាំ១៨១២ ទៅ សង្គ្រាមឧបទ្វីបត្រូវបានបញ្ចូលទៅជាផ្នែកមួយនៃសង្គ្រាមសម្ព័ន្ធភាពទីប្រាំមួយ។
សង្រ្គាមសម្ព័ន្ធភាពទីប្រាំ, ១៨០៩
[កែប្រែ]សម្ព័ន្ធភាពទីប្រាំ (១៨០៩) ត្រូវបានបង្កើតឡើងដោយចក្រភពអង់គ្លេស និងអូទ្រីសនៅពេលដែលបារាំងបានបំផ្ទុះសង្គ្រាមឧបទ្វីបឡើងនៅប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់។ លើកនេះ ដែនសមុទ្របានក្លាយជាទីសមរភូមិដ៏សំខាន់នៃសង្គ្រាម។ អូទ្រីសដែលជាសម្ព័ន្ធមិត្តបារាំងថ្មីៗ បានឆក់យកឱកាសផ្ដាច់សម្ព័ន្ធភាពជាមួយបារាំងដើម្បីស្ដារទឹកដីដែលខ្លួនទើបតែបាត់បង់នៅអាល្លឺម៉ង់កាលប៉ុន្មានឆ្នាំមុន។ ក្នុងពេលដំណើរគ្នានៃសង្គ្រាមសម្ព័ន្ធភាពទីប្រាំ កងនាវាអង់គ្លេសក៏បានវាយឈ្នះសង្គ្រាមជាច្រើនផងដែរនៅតាមទឹកដីអាណានិគមរបស់បារាំង។
នៅឯដីគោក ក្រុមសម្ព័ន្ធភាពទីប្រាំបានព្យាយាមអនុវត្តយុទ្ធនាការយោធាប្រកបដោយបច្ចេកទេស តែទោះយ៉ាងណា បារាំងនៅតែបន្តជាកម្លាំងដ៏ខ្លាំងគ្មានប្រៀប។ ក្នុងពេញមួយសង្គ្រាមនៃសម្ព័ន្ធភាពទីប្រាំ ប្រតិបត្តិការយោធារបស់អង់គ្លេសនៅដីគោកច្រើនតែអនុវត្តដោយកងនាវាអង់គ្លេស ដែលកាលនុះជាកម្លាំងដ៏មានឥទ្ធិពលលើផ្ទៃទឹកអឺរ៉ុប។ ការវាយប្រហារតាមផ្លូវទឹករបស់អង់គ្លេសមានគោលដៅបំផ្លាញកងនាវាចម្បាំង និងបិទផ្លូវដឹកជញ្ជូនពាណិជ្ជកម្មរបស់បារាំងនៅជាយសមុទ្រ ក៏ដូចជាបំផ្លាញប្រព័ន្ធទំនាក់ទំនង និងបន្ទាយបារាំងនានាតាមតំបន់ឆ្នេរ។ ជារឿយៗ នៅពេលដែលសម្ព័ន្ធមិត្តរបស់អង់គ្លេសចេញធ្វើសកម្មភាពយោធាដែលនៅក្បែរដែនសមុទ្រ នោះកងនាវាអង់គ្លេសនឹងឡើកគោក រួចបញ្ជូនកម្លាំងជើងគោក និងការផ្គត់ផ្គង់ភស្តុភារជាជំនួយដល់កម្លាំងសម្ព័ន្ធមិត្តប្រឆាំងនឹងបារាំង។
ចំពោះអូទ្រីសវិញ ពួកគេបានទទួលជ័យជម្នះខ្លះៗលើកងទ័ពបារាំងដែលស្ថិតក្រោមបញ្ជាការរបស់សេនាប្រមុខលោកប៊ែធារ។ ណាប៉ូលេអុងបានបញ្ជូនប៊ែធារនូវកម្លាំងទ័ពតែ ១៧០,០០០ នាក់ប៉ុណ្ណោះដើម្បីការពារព្រំដែនខាងកើតទាំងមូលរបស់បារាំង (កាលពីទសវត្សរ៍ឆ្នាំ១៧៩០ កម្លាំងទ័ពបារាំងចំនួន ៨០០,០០០ នាក់បានបំពេញកិច្ចការដូចគ្នា គ្រាន់តែព្រំដែនកាលនុះមានប្រវែងខ្លីជាង)។
នៅភាគខាងកើត កងទ័ពអូទ្រីសបានវាយចូលទឹកដីពញារដ្ឋវ៉ាសូរី ប៉ុន្តែត្រូវរងបរាជ័យនៅក្នុងសមរភូមិរ៉ាហ្សីននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៨០៩។ បន្ទាប់មក កងទ័ពវ៉ាសូរីក៏បានវាយត្រួតត្រាតំបន់ហ្កាលីស៊ីខាងលិចរបស់អូទ្រីស ខណៈណាប៉ូលេអុងបានចេញដឹកនាំទ័ពផ្ទាល់សម្រាប់ធ្វើការវាយប្រហារលើអូទ្រីស។ បន្ទាប់ពីការប៉ះទង្គិចគ្នាប៉ុន្មានដងមក យុទ្ធនាការរបស់ណាប៉ូលេអុងបានរុញច្រានកម្លាំងអូទ្រីសចេញពីបាវីយែរ រួចបន្តរុលចូលទៅក្នុងទឹកដីអូទ្រីសផ្ទាល់។ ការប្រញាប់ប្រញាល់របស់ទ្រង់ដើម្បីឆ្លងទន្លេដានូបត្រូវបានរំខានដោយកម្លាំងអូទ្រីសរួចក៏វិវត្តជាសមរភូមិអាស្ពើន-អ៊ែស្លីង (២២ ឧសភា ១៨០៩)។ សមរភូមិនេះត្រូវបានគេចាត់ទុកជាបរាជ័យដោយបច្ចេកទេសរបស់ណាប៉ូលេអុងដំបូងបង្អស់តាំងពីសង្គ្រាមបានចាប់ផ្ដើមមក។ ប៉ុន្តែជាសំណាងរបស់បារាំង ដែលកម្លាំងរបស់អូទ្រីសមិនបានបន្តវាយដេញ ដោយទុកឱ្យណាប៉ូលេអុងមានពេលគ្រប់គ្រាន់ក្នុងការរៀបចំពង្រឹងទ័ពឡើងវិញ ដែលលើកនេះ ណាប៉ូលេអុងបានជោគជ័យក្នុងការចូលកាន់កាប់រាជធានីវីយែននៅដើមខែកក្កដា។ បារាំងទីបំផុតបានវាយឈ្នះអូទ្រីសនៅក្នុងសមរភូមិវ៉ាក្រាម (៥–៦ កក្កដា)។
សង្គ្រាមសម្ព័ន្ធភាពទីប្រាំបានបញ្ចប់ជាផ្លូវការដោយសន្ធិសញ្ញាស្ហុនប៊្រុន ថ្ងៃទី១៤ ខែតុលា ឆ្នាំ១៨០៩។ ទោះជាសង្គ្រាមបានចប់មែន តែជម្លោះប្រដាប់អាវុធមួយចំនួននៅតែបន្តកើតមានដូចជា ឧទ្ទាមកម្មនៅតំបន់ធីរ៉ូលប្រឆាំងនឹងបារាំង-បាវីយែរ ( បញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ១៨០៩) និងសង្រ្គាមឧបទ្វីបរវាងអេស្ប៉ាញនឹងបារាំង។ សង្គ្រាមសេដ្ឋកិច្ចរវាងអង់គ្លេសនឹងបារាំងនៅបន្តឆេះកញ្ជ្រោលតាមរយៈការបន្តបិទផ្លូវសមុទ្រហាមឃាត់នាវាគ្រប់ប្រភេទរបស់បារាំង និងសម្ព័ន្ធមិត្តខ្លួន។ ដោយសារកង្វះកម្លាំងយោធា និងការរៀបចំទឹកដីមិនល្អដោយបារាំងបាននាំឱ្យសម្ព័ន្ធមិត្តបារាំងជាច្រើនរួមគ្នារំលោភបំពានប្រព័ន្ធទ្វីប និងបន្តធ្វើពាណិជ្ជកម្មដោយសម្ងាត់ជាមួយអង់គ្លេស។ បន្ទាប់ពីណាប៉ូលេអុងបានដឹងថា ពាណិជ្ជកម្មក្រៅប្រព័ន្ធទ្វីបកំពុងតែសកម្មនៅក្នុងប្រទេសអេស្ប៉ាញ និងរុស្ស៊ី ព្រះអង្គក៏បានបញ្ជាលើកទ័ពចូលឈ្លានពានប្រទេសទាំងពីរនោះ[៦៤] ខណៈដែលអង់គ្លេសបានជាប់រវល់ក្នុងសង្គ្រាមជាមួយសហរដ្ឋអាមេរិករវាងឆ្នាំ១៨១២ និងឆ្នាំ១៨១៥។
ដល់ឆ្នាំ១៨១០ វិសាលភាពទឹកដីនៃចក្រភពបារាំងបានឈានដល់ចំណុចដ៏អស្ចារ្យបំផុត។ ណាប៉ូលេអុងបានរៀបអភិសេយជាមួយអ្នកម្នាងម៉ារី-ល្វី ដែលត្រូវជារជ្ជទាយាទមួយអង្គនៃចក្រភពអូទ្រីសក្នុងគោលបំណងធានានូវស្ថេរភាពដល់សម្ព័ន្ធភាពជាមួយអូទ្រីស ហើយណាមួយម៉ារីអាចផ្តល់ណាប៉ូលេអុងនូវព្រះរាជបុត្រទុកស្នងមរតកបន្តពីព្រះអង្គ (អ្វីដែលភរិយាដើមព្រះអង្គគឺចូសេហ្វីនមិនបានផ្ដល់ឱ្យ)។ មកដល់ចំណុចនេះ ក្រៅពីអាណាចក្របារាំង ណាប៉ូលេអុងទ្រង់ក៏ជាមេដឹកនាំនៃសហព័ន្ធស្វីស សហព័ន្ធរ៉ាំង ពញារដ្ឋវ៉ាសូរី និងព្រះរាជាណាចក្រអ៊ីតាលី។
ការឈ្លានពានរុស្ស៊ី, ១៨១២
[កែប្រែ]សន្ធិសញ្ញាទីលស៊ីតនៃឆ្នាំ១៨០៧ បាននាំឱ្យរុស្ស៊ីបង្វែរខ្លួនទៅប្រឆាំងនឹងអង់គ្លេសវិញ (១៨០៧–១៨១២) ពិសេសបន្ទាប់ពីចក្រភពអង់គ្លេសបានបើកការរវាយប្រហារលើប្រទេសដាណឺម៉ាកនៅក្នុងខែកញ្ញា ឆ្នាំ១៨០៧។ កងកម្លាំងអង់គ្លេសបានជួយគាំទ្រកងនាវាស៊ុយអែតនៅក្នុងសង្រ្គាមហ្វាំងឡង់ ដែលនាំឱ្យស៊ុយអែតក្លាយជាកម្លាំងដ៏អស្ចារ្យមួយនៅក្នុងឈូងសមុទ្រហ្វាំងឡង់។ ក៏ប៉ុន្តែ ជ័យជម្នះម្តងហើយម្តងទៀតរបស់រុស្ស៊ីនៅលើដីគោកបានបង្ខិតបង្ខំស៊ុយអែតឱ្យចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ីនៅក្នុងឆ្នាំ១៨០៩ និងជាមួយប្រទេសបារាំងនៅឆ្នាំ១៨១០ ដើម្បីចូលរួមក្នុងការបិទផ្លូវទឹកពាណិជ្ជកម្មប្រឆាំងនឹងចក្រភពអង់គ្លេស។ ទំនាក់ទំនងបារាំង-រុស្ស៊ីបានចុះខ្សោយបន្តិចម្តងៗនៅក្រោយឆ្នាំ១៨១០ ខណៈសង្គ្រាមរុស្ស៊ីជាមួយអង់គ្លេសបានបញ្ចប់ដំណើលគ្នា។ នៅខែមេសា ឆ្នាំ១៨១២ ចក្រភពអង់គ្លេស រុស្ស៊ី និងស៊ុយអែតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់មួយសម្ដៅប្រឆាំងនឹងណាប៉ូលេអុង។[៦៥]
នៅក្នុងឆ្នាំ១៨១២ កំឡុងពេលដែលអំណាចរបស់បារាំងបានឈានដល់ចំណុចកំពូល ណាប៉ូលេអុងក៏បានបញ្ជាលើកទ័ពចូលឈ្លានពានប្រទេសរុស្ស៊ី ដែលគេនិយមហៅឈ្មោះទ័ពនោះថា មហាកងទ័ព (Grande Armée) ដែលណាប៉ូលេអុងកេណ្ឌពីរដ្ឋប្រទេសអឺរ៉ុបជាសម្ព័ន្ធមិត្តបារាំងជាច្រើន មានកម្លាំងចំនួន ៤៥០,០០០ នាក់ (ក្នុងនោះមានទាហានបារាំងចំនួន ២០០,០០០ នាក់)។ កងទ័ពបារាំងដ៏ធំនោះបានឆ្លងទន្លេនីមេននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៨១២ ខណៈរុស្ស៊ីបានប្រកាសសង្រ្គាមស្នេហាជាតិត្រៀមប្រឈមនឹងបារាំង រីឯណាប៉ូលេអុងបានប្រកាសវាជាសង្រ្គាមប៉ូឡូញលើកទីពីរ។[៦៦]
កងទ័ពណាប៉ូលេអុងបានធ្វើដំណើរឆ្លងកាត់ប៉ែកខាងលិចទឹកដីរុស្ស៊ីដោយត្រូវប្រឈមនឹងកម្លាំងរុស្ស៊ីខ្នាតតូចមួយចំនួន លើកលែងតែនៅក្នុងសមរភូមិស្មូលែនស្កិ៍ថ្ងៃទី១៦–១៨ ខែសីហា។ នៅថ្ងៃដដែរនោះ កងកម្លាំងរុស្ស៊ីនៅក្រោមបញ្ជាការលោកឧត្តមសេនីយ៍ពីទ័រ វីតគិនស្តែនបានកាត់ផ្ដាច់ដំណើររបស់កងទ័ពបារាំងមួយក្រុមក្រោមសេនាប្រមុខនីកូឡាស អ៊ូឌីណូត៍ មិនឱ្យបន្តរុញទៅរាជធានីសាំងពីទែស្បួរ។ មិនយូរប៉ុន្មាន កងទ័ពបារាំងចម្បងបានបន្តឆ្លងទឹកដីរុស្ស៊ីរហូតដល់ទីក្រុងម៉ូស្គូ ដែលកាលនុះជាទីក្រុងសំខាន់បន្ទាប់ពីរាជធានីសាំងពីទែស្បួរ។
កងទ័ពរុស្ស៊ីចម្បងត្រូវស្ថិតនៅក្រោមបញ្ជាការរបស់លោកសេនាប្រមុខមីឈែលបាក្លេ ដឺតូល្លី ដោយលោកជាអ្នកដែលមើលធ្លុះយុទ្ធសាស្ត្ររបស់ណាប៉ូលេអុង ពោលគឺការចេញមកសម្ដៅវាយកម្ចាត់កងកម្លាំងរបស់លោកឱ្យបានលឿនបំផុតដែលអាចធ្វើទៅបាន។ ដោយយល់ឃើញដូច្នេះ លោកក៏បានបញ្ជាឱ្យកងទ័ពរុស្ស៊ីប្រើយុទ្ធសាស្ត្រដកថយដោយដុតអ្វីៗទាំងអស់ដែលខ្លួនឆ្លងកាត់ និងព្រមទាំងបញ្ជូនទ័ពសេះខ្នាតតូចខ្លះៗមកវាយកងកម្លាំងបារាំងដើម្បីពន្យាដំណើររបស់ពួកគេ។ ទោះឃើញដូច្នេះក៏ដោយក៏កងទ័ពបារាំងនៅតែបន្តយុទ្ធសាស្ត្រព្យាយាមបំបុកទៅរកកងកម្លាំងរុស្ស៊ីចម្បងដដែរ។[៦៧] ចំពោះបារាំង ការបញ្ជាកងទ័ពដ៏ធំសម្បើមបែបនេះដោយត្រូវមានស្បៀងអាហារផ្គត់ផ្គង់គ្រប់គ្រាន់គឺជាកិច្ចការដ៏លំបាកបំផុតមួយ ហើយថែមទាំងបូករួមនឹងសណ្ឋានដីដ៏ធំល្វឹងល្វើយរបស់រុស្ស៊ី និងជំងឺរាតត្បាតផ្សេងៗទៀតបានធ្វើឱ្យប៉ះពាល់ដល់កម្លាំងផ្លូវកាយនិងផ្លូវចិត្តរបស់ទាហានបារាំងជាខ្លាំង។ កត្តាទាំងនេះក៏ធ្វើឱ្យមហាកងទ័ពបារាំងបែកបាក់ ដែលក្នុងករណីមួយមានទាហានប្រមាណចំនួន ៩៥,០០០ នាក់បាននាំគ្នារត់ចោលជួរក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ។[៦៨]
បន្ទាប់ពីកងកម្លាំងរុស្ស៊ីចម្បងបានដកថយអស់រយៈពេលជិតបីខែ ពួកមន្ត្រីរុស្ស៊ីក៏ចាប់ផ្ដើមចេញរិះគន់ និងបាត់ជំនឿចិត្តលើលោកបាក្លេ ដឺតូល្លី (ណាមួយលោកជាជនជាតិអាល្លឺម៉ង់បាល់ទិកពីកំណើតផង ដែលនាំឱ្យវរជនរុស្ស៊ីកើតការមិនពេញចិត្តនឹងលោក) ហើយដោយដូច្នេះ អតីតយុទ្ធជនរុស្ស៊ីដ៏ប្រជាប្រិយម្នាក់គឺព្រះអង្គម្ចាស់មីខាអ៊ីល គូទូស៊ូហ្វក៏ត្រូវបានព្រះចៅអធិរាជរុស្ស៊ីតែងតាំងជាអគ្គមេបញ្ជាការថ្មី។ ទីបំផុត កងទ័ពនៃប្រទេសទាំងពីរក៏បានប្រឈមនឹងគ្នាក្នុងសមរភូមិបូរូឌីណូនៅថ្ងៃទី៧ ខែកញ្ញា នៅក្បែរទីក្រុងម៉ូស្គូ។[៦៩] សមរភូមិមួយនេះបានវិវត្តជាសមរភូមិដ៏ធំមួយ និងវិនាសន្តរាយបំផុតមួយនៅក្នុងសង្គ្រាមណាប៉ូលេអូនិក ថ្វីបើត្រូវប្រើពេលតែមួយថ្ងៃមែន ដោយមានការចូលរួមពីទាហានសរុបជាង ២៥០,០០០ នាក់ និងបណ្តាលឱ្យទាហានប្រមាណ ៧០,០០០ នាក់បាត់បង់ជីវិត។
ជាលទ្ធផល គេមិនអាចសន្និដ្ឋានថាភាគីណាជាអ្នកឈ្នះពិតប្រាកដបានឡើយ ទោះជាបារាំងបានវាយដណ្តើមយកទីតាំងសំខាន់ៗនៅលើសមរភូមិក៏ដោយ ប៉ុន្តែពួកគេមិនបានវាយកម្ទេចកងទ័ពរុស្ស៊ីទាំងស្រុងនោះទេ។ គូទូស៊ូហ្វបានចេញទទួលស្គាល់ថាការចេញប្រឈមបែបនេះគឺវាចាំបាច់ដើម្បីបម្រើដល់ផលប្រយោជន៍នយោបាយ ប៉ុន្តែយុទ្ធសាស្ត្រលោកបាក្លេ ដឺតូល្លីគឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតនៅលើសមរភូមិ។ មកដល់ចំណុចនេះ កងទ័ពបារាំងបានកំពុងបាត់បង់ទាហានជាច្រើន និងរួមទាំងខ្សែផ្គត់ផ្គង់ភស្តុភារផង ពោលបើកងទ័ពបារាំងនៅតែបោះជំហានចូលកាន់តែជ្រៅក្នុងទឹកដីរុស្ស៊ីបន្ត នោះពួកគេនឹងកាន់តែវិនាស។ វិបត្តិភស្តុភារបានរារាំងមិនឱ្យបារាំងបញ្ជូនទ័ពជំនួយមកបន្ថែម ខណៈកម្លាំងរុស្ស៊ីការដែលស្ថិតនៅក្នុងទឹកដីខ្លួនស្រាប់បានពង្រឹងកម្លាំងខ្លួនដោយគ្មានបញ្ហា។
ណាប៉ូលេអុងបានដឹកនាំទ័ពចូលទីក្រុងម៉ូស្គូនៅថ្ងៃទី១៤ ខែកញ្ញា បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបន្តដកថយជាថ្មីម្តងទៀត។[៧០] ប្រជាជនរុស្ស៊ីដែលនៅក្រុងម៉ូស្គូស្ទើរទាំងអស់បានភៀសខ្លួនចេញពីទីក្រុង ខណៈឧក្រិដ្ឋជនដែលជាប់ក្នុងពន្ធនាគារម៉ូស្គូត្រូវបានដោះលែងដើម្បីបង្កភាពអនាធិបតេយ្យនៅពេលកងទ័ពបារាំងចូលមកដល់។ មុននឹងរត់ចេញ អភិបាលក្រុងម៉ូស្គូលោកហ្វីឌ័រ រ៉ូស្តូបឈីនបានបញ្ជាឱ្យអាជ្ញាធរដុតទីក្រុងចោល។[៧១] ព្រះចៅអាឡិចសាន់ដឺទ្រង់បានបដិសេធមិនព្រមចុះចាញ់ និងចរចារកសន្តិភាពអ្វីជាមួយណាប៉ូលេអុងនោះឡើយ។ ជាជាងបន្តដកថយទៅទិសខាងកើត កងទ័ពរុស្ស៊ីបានបង្វែរទ័ពទៅភាគខាងត្បូង ដោយបានពង្រឹងកម្លាំងឡើងវិញ ហើយត្រៀមរៀបចំចូលវាយប្រហារទ័ពបារាំងកាលណាបើណាប៉ូលេអុងសម្រេចដកថយពីម៉ូស្គូ។ មកដល់ខែតុលា ដោយគ្មានសញ្ញានៃជ័យជំនះច្បាស់លាស់អ្វីសោះ ណាប៉ូកេអុងក៏បានចាប់ផ្តើមដំណើរដកថយកងទ័ពទាំងមូលចេញពីទីក្រុងម៉ូស្គូ។
កងទ័ពបារាំងបានខំប្រឹងព្យាយាមបោះជំហានទៅកាន់ក្រុងកាលូហ្កា និងឆ្លងតាមតំបន់ភាគខាងត្បូងរុស្ស៊ី ដើម្បីស្វែងរកស្បៀងអាហារ និងធនធានទាំងឡាយដែលអាចផ្គត់ផ្គង់កម្លាំងដែលកំពុងធ្លាក់ចុះទ្រុតទ្រោម។ កងទ័ពរុស្ស៊ីបានបំបិទផ្លូវទៅកាលូហ្កា ដែលនាំឱ្យកើតសមរភូមិម៉ាឡូយ៉ារ៉ូស្លាវេត៍ឡើង។ ទោះជាខំប្រឹងវាយបំបែកយ៉ាងណា កងទ័ពរុស្ស៊ីក៏នៅតែមិនព្រមដកថយដែលបង្ខំឱ្យណាប៉ូលេអុងបង្វែរទ័ពថយតាមផ្លូវទៅស្មូលែនស្កិ៍វិញ ដែលខ្លួនធ្លាប់ឆ្លងកាត់ម្តងរួចមកហើយនៅដើមដំណើរឈ្លានពានចូលរុស្ស៊ី ហើយធនធានទាំងឡាយនៅតាមផ្លូវនោះក៏ត្រូវខ្លួនរឹបអូសនិងប្រើប្រាស់អស់ផងដែរ។
ក្នុងដំណើរកំពុងដកថយចេញពីទឹកដីរុស្ស៊ី ខ្សែផ្គត់ផ្គង់ភស្តុភារទាំងប៉ុន្មានត្រូវបានកាត់ផ្ដាច់ ឬរលំទាំងស្រុង ដែលនាំឱ្យកងទ័ពបារាំងងាយនឹងរងការវាយប្រហារស្រួលៗពីកងទ័ព និងពលទាហានអនិយ័តរបស់រុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ រដូវរងាក៏បានធ្លាក់ចូលមកថែមទៀត ហើយដោយសារតែទីតាំងភូមិសាស្ត្ររបស់រុស្ស៊ី រដូវរងានៅក្នុងប្រទេសនេះគឺមានសភាពត្រជាក់អាក្រក់ជាងតំបន់និងប្រទេសផ្សេងៗជាច្រើនក្នុងទ្វីបអឺរ៉ុប។ កត្តានេះបានធ្វើឱ្យមហាកងទ័ពបារាំងដែលធ្លាប់មានមហិច្ឆតាធំធេង និងបោះដំណើរក្នុងល្បឿនលឿនៗ នៅសល់តែខ្សែដង្ហើមខ្សៀកៗស្ទើរដាច់ និងស្ទើរតែគ្មានកម្លាំងបន្តដកថយ។
ចំពេលដែលកងទ័ពបារាំងកំពុងព្យាយាមតស៊ូឆ្លងទន្លេបេរីហ្ស៊ីណានៅក្នុងខែវិច្ឆិកា កងទ័ពរុស្ស៊ីក៏បានតាមទាន់ពីក្រោយរួចក៏បើកការវាយប្រហារភ្លាមៗ។ ជាលទ្ធផល ទាហានខាងភាគីបារាំងតែ ២៧,០០០ នាក់ប៉ុណ្ណោះដែលអាចឆ្លងទន្លេផុតបន្តរស់រានមានជីវិត ដោយទាហានប្រមាណ ៣៨០,០០០ នាក់ទៀតបានស៊ូស្លាប់យ៉ាងវេទនា ឬបាត់ខ្លួន ហើយ ១០០,០០០ នាក់ឯទៀតត្រូវរុស្ស៊ីចាប់ជាឈ្លើយសឹក។[៧២] ក្រោយមក ណាប៉ូលេអុងនិងគ្នីគ្នាមួយចំនួនក៏បានរត់ចេញទៅមុនកងទាហានដែលកំពុងដកថយឯទៀត សម្ដៅត្រឡប់ទៅប៉ារីសវិញ ដើម្បីរៀបចំកងកម្លាំងការពារត្រៀមទប់ទល់កងទ័ពរុស្ស៊ីដែលកំពុងច្រានចេញពីទឹកដីរុស្ស៊ី។ យុទ្ធនាការឈ្លានពានរុស្ស៊ីដោយបារាំងនេះបានបញ្ចប់ជាផ្លូវការនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៨១២ នៅពេលដែលកងទ័ពបារាំងមួយក្រុមចុងក្រោយបានថយចេញពីទឹកដីរុស្ស៊ី។ ភាគីរុស្ស៊ីបានបាត់បង់កម្លាំងសរុបប្រមាណ ២១០,០០០ នាក់ ប៉ុន្តែខុសពីបារាំង ដោយសារសមរភូមិប្រយុទ្ធគឺស្ថិតនៅលើទឹកដីរុស្ស៊ីស្រាប់ ដូច្នេះពួកគេងាយនឹងជំនួសកងទ័ពដែលបានបាត់ទៅជាមួយនឹងកងទ័ពជំនួយថ្មីក្នុងពេលដ៏ខ្លី។ បើវិភាគទៅ រាល់ទាហានបារាំងចំនួនប្រាំមួយនាក់ដែលចូលឈ្លានពានរុស្ស៊ី មានតែម្នាក់គត់ប៉ុណ្ណោះដែលអាចចេញពីទឹកដីរុស្ស៊ីបានវិញដោយនៅមានសល់ដង្ហើម។
សង្គ្រាមសម្ព័ន្ធភាពទីប្រាំមួយ, ១៨១២–១៨១៤
[កែប្រែ]កំណត់សម្គាល់
[កែប្រែ]- ↑ ១៨០៥, ១៨០៩, ១៨១៣–១៨១៥
- ↑ បច្ចេកពាក្យ ចក្រភពអូទ្រីស ត្រូវបានគេចាប់ផ្ដើមប្រើប្រាស់បន្ទាប់ពីព្រះចៅរ៉ូម៉ាំងពិសិដ្ឋព្រះនាមហ្វ្រង់ស្វ័រទី២បានទទួលគោរមងារជាអធិរាជប្រទេសអូទ្រីសដើម្បីជាការឆ្លើយតបនឹងការឡើងគ្រងរាជ្យរបស់ណាប៉ូលេអុងជាព្រះចៅអធិរាជនៃបារាំងនៅក្នុងឆ្នាំ១៨០៤។ ចក្រភពរ៉ូម៉ាំងពិសិដ្ឋត្រូវបានរំលាយនៅក្នុងឆ្នាំ១៨០៦ ដែលនាំឱ្យ "អធិរាជអូទ្រីស" ក្លាយជាគោរមងារចម្បងរបស់ព្រះចៅហ្វ្រង់។ ដោយហេតុនេះទើបបានជា "ចក្រភពអូទ្រីស" ត្រូវបានគេប្រើប្រាស់ជាទូទៅជំនួសឱ្យ "ចក្រភពរ៉ូម៉ាំងពិសិដ្ឋ" នៅក្នុងបរិបទសង្ខេបនៃសង្គ្រាមណាប៉ូលេអូនិក ទោះជាអង្គភាពទាំងពីរមានលក្ខណៈខុសគ្នាក្ដី។
- ↑ ប្រទេសអូទ្រីស និងព្រុសបានក្លាយជាសម្ព័ន្ធមិត្តរបស់បារាំងក្នុងមួយរយៈពេលខ្លី ដោយអំឡុងពេលនោះ រដ្ឋទាំងពីរបានចូលរួមចំណែកក្នុងការឈ្លានពានដឹកនាំដោយបារាំងប្រឆាំងនឹងប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ១៨១២។
- ↑ ១៨០៦–១៨០៧, ១៨១៣–១៨១៥
- ↑ ១៨០៤–១៨០៧, ១៨១២–១៨១៥
- ↑ ប្រទេសរុស្ស៊ីបានក្លាយជាសម្ព័ន្ធមិត្តរបស់បារាំងបន្ទាប់ពីសន្ធិសញ្ញាទីលស៊ីតត្រូវបានចុះនៅក្នុងឆ្នាំ១៨០៧។ សម្ព័ន្ធភាពនៃប្រទេសទាំងពីរបានដួលរលំនៅក្នុងឆ្នាំ១៨១០ ដែលនាំឱ្យបារាំងផ្ដើមការឈ្លានពានរុស្ស៊ីនៅក្នុងឆ្នាំ១៨១២។ ក្នុងនាមជាសម្ព័ន្ធមិត្តរបស់បារាំង ប្រទេសរុស្ស៊ីបានប្រកាសសង្គ្រាមលើប្រទេសស៊ុយអែត (១៨០៨–១៨០៩) និងចក្រភពអូតូម៉ង់ (១៨០៦–១៨១២) និងព្រមទាំងចក្រភពអង់គ្លេស (១៨០៧–១៨១២)។
- ↑ ១៨០៨–១៨១៥
- ↑ ៨,០ ៨,១ អេស្ប៉ាញគឺជាសម្ព័ន្ធមិត្តរបស់បារាំងរហូតដល់ឆ្នាំ១៨០៨ នៅពេលដែលបារាំងបានលួចធ្វើការឈ្លានពានអេស្ប៉ាញដោយសម្ងាត់ដែលនាំឱ្យផ្ទុះសង្គ្រាមឧបទ្វីបឡើង។
- ↑ ១៨០៤–១៨០៩, ១៨១២–១៨១៥
- ↑ បន្ទាប់ពីចាញ់សង្គ្រាមជាមួយនឹងរុស្ស៊ីនៅក្នុងឆ្នាំ១៨០៩ ស៊ុយអែតក៏បានបង្ខំប្រកាសសង្គ្រាមប្រឆាំងនឹងអង់គ្លេស។
- ↑ ១៨០០–១៨០៧, ១៨០៩–១៨១៥
- ↑ ១២,០ ១២,១ ១៨០៧–១៨១២
- ↑ ចក្រភពអូតូម៉ង់បានច្បាំងជាមួយកងទ័ពរបស់ណាប៉ូលេអុងនៅក្នុងយុទ្ធនាការរបស់បារាំងនៅអេហ្ស៊ីប និងស៊ីរី ដែលត្រូវជាផ្នែកមួយនៃសង្គ្រាមបដិវត្តន៍បារាំង។ នៅក្នុងអំឡុងសម័យណាប៉ូលេអូនិករវាងឆ្នាំ១៨០៣ ដល់ឆ្នាំ១៨១៥ ពួកអូតូម៉ង់បានច្បាំងនឹងក្រុមសម្ព័ន្ធមិត្តចំនួនពីរលើក៖ លើកទីមួយគឺប្រឆាំងនឹងអង់គ្លេសក្នុងសង្គ្រាមអង់គ្លេស-តួកគី (១៨០៧–១៨០៩) និងចុងក្រោយគឺរុស្ស៊ីនៅក្នុងសង្គ្រាមតួកគី-រុស្ស៊ី (១៨០៦–១៨១២)។ រុស្ស៊ីធ្លាប់ជាសម្ព័ន្ធមិត្តរបស់ណាប៉ូលេអុងក្នុងចន្លោះឆ្នាំ១៨០៧–១៨១០។
- ↑ ១៤,០ ១៤,១ ១៤,២ ១៨១៣–១៨១៥
- ↑ ១៥,០ ១៥,១ ១៥,២ ១៥,៣ ១៨១៥
- ↑ ហាណូវើកាលនុះជាប់ក្នុងឯកត្តសហភាពជាមួយអង់គ្លេស។
- ↑ ១៨០៩
- ↑ អាណាចក្រហុងគ្រីបានចូលរួមចំណែកក្នុងសង្គ្រាមនេះដោយប្រើកងទ័ពរបស់ខ្លួនផ្ទាល់ដាច់ដោយឡែកពីអូទ្រីស[១៧][១៨] ប៉ុន្តែស្ថិតនៅក្នុងជួរកងកម្លាំងរាជាធិរាជអូទ្រីស និងព្រមទាំងដោយកងទ័ពប្រពៃណី ("insurrectio")។[១៩] សភាហុងគ្រីបានបោះឆ្នោតចូលរួមក្នុងសង្គ្រាម និងបានយល់ព្រមសងចំណាយសឹកមួយភាគបីរបស់អូទ្រីស។
- ↑ ១៨០៦–១៨០៧, ១៨១៣–១៨១៤
- ↑ រាជវង្សកាដចានៃប្រទេសអ៊ីរ៉ង់បានច្បាំងជាមួយរុស្ស៊ីចាប់ពីឆ្នាំ១៨០៤ រហូតដល់ឆ្នាំ១៨១៣ ខណៈរុស្ស៊ីបានក្លាយជាសម្ព័ន្ធមិត្តរបស់ណាប៉ូលេអុងពីចន្លោះឆ្នាំ១៨០៧–១៨១២។
- ↑ ១៨០៦–១៨១៥
- ↑ ស៊ីស៊ីលត្រូវជាប់ក្នុងឯកត្តសហភាពជាមួយណាប្លេសរហូតដល់ពេលដែលណាប្លេសបានក្លាយជារដ្ឋចំណុះរបស់បារាំងនៅក្នុងឆ្នាំ១៨០៦។
- ↑ ១៨១៤
- ↑ ១៨១៤-១៨១៥
- ↑ ពីឆ្នាំ១៨០៣ ដល់ឆ្នាំ១៨០៦ មុនពេលក្លាយជាព្រះរាជាណាចក្រហុល្លង់
- ↑ ១៨០៨–១៨១៣
- ↑ រដ្ឋសម្ព័ន្ធមិត្តអាល្លឺម៉ង់ចំនួនដប់ប្រាំមួយរបស់បារាំង (រួមទាំង បាវីយែរ និងវួធឹមប៊ឺក) បានរួមគ្នាបង្កើតសហព័ន្ធរ៉ាំងឡើងនៅក្នុងខែកក្កដា ឆ្នាំ១៨០៦ បន្ទាប់ពីបិទបញ្ចប់សមរភូមិអ៊ូស្ទែរលីត្ស៍ (ធ្នូ ១៨០៥)។ បន្ទាប់ពីសមរភូមិយីណា (តុលា ១៨០៦) រដ្ឋអាល្លឺម៉ង់មួយចំនួនដែលធ្លាប់បានប្រឆាំងនឹងបារាំង ដូចជា សាចសិន និងវែស្តហ្វាលីជាដើម ក៏បាននាំគ្នាចងសម្ព័ន្ធភាពជាមួយបារាំង រួចបានចុះចូលក្នុងសហព័ន្ធរ៉ាំង។ សាចសិនបានដកខ្លួនចេញពីសម្ព័ន្ធភាពជាមួយបារាំងនៅក្នុងឆ្នាំ១៨១៣ ក្នុងអំឡុងសមរភូមិលែបស៊ីគ ដែលជាដើមហេតុបង្កឱ្យបណ្ដារដ្ឋសមាជិកអាល្លឺម៉ង់ផ្សេងទៀតធ្វើត្រាប់តាម និងទីបំផុតសម្រេចរួមគ្នាប្រកាសសង្រ្គាមប្រឆាំងតទល់នឹងបារាំងវិញ។
- ↑ បាវីយែរ សាចសិន វែស្តហ្វាលី និងវួធឹមប៊ឺកគឺជារដ្ឋនាំមុខនៃសហព័ន្ធរ៉ាំង ខណៈសហព័ន្ធទាំងមូលមានរដ្ឋតូចធំសរុបចំនួន ៤៣។
- ↑ ២៩,០ ២៩,១ ណាប៉ូលេអុងបានបង្កើតពញារដ្ឋវ៉ាសូរីឡើង ដោយទុកឱ្យរាជាណាចក្រសាចសិនគ្រប់គ្រងនៅក្នុងឆ្នាំ១៨០៧។ កងទ័ពប៉ូឡូញបានបម្រើក្នុងជួរកងទ័ពណាប៉ូលេអុងរួចទៅហើយមុនពេលពញារដ្ឋវ៉ាសូរីបានបង្កើតឡើង។
- ↑ ចក្រភពបារាំងបានកាត់ព្រះរាជាណាចក្រអេទ្រូរីជាទឹកដីរបស់ខ្លួននៅក្នុងឆ្នាំ១៨០៧។
- ↑ ចក្រភពបារាំងបានកាត់រាជាណាចក្រហុល្លង់ចូលក្នុងទឹកដីខ្លួននៅក្នុងឆ្នាំ១៨១០។ កងទ័ពហុល្លង់បានច្បាំងនឹងកម្លាំងណាប៉ូលេអុងក្នុងសង្គ្រាមមួយរយថ្ងៃនៅក្នុងឆ្នាំ១៨១៥។
- ↑ ណាប្លេស ដែលបានចងសម្ព័ន្ធភាពជាមួយអូទ្រីសនៅក្នុងឆ្នាំ១៨១៤ បានប្តូរមកចូលក្នុងសម្ព័ន្ធភាពបារាំង និងប្រឆាំងនឹងអូទ្រីសវិញនៅក្នុងសង្គ្រាមណាប៉ូលីនៅក្នុងឆ្នាំ១៨១៥។
- ↑ ១៨០៧–១៨១៤
- ↑ ១៨១៣-១៨១៥
- ↑ ៣៥,០ ៣៥,១ រហូតដល់មួយថ្ងៃមុនសមរភូមិលែបស៊ីគ ឆ្នាំ១៨១៣
- ↑ ត្រឹមឆ្នាំ១៨១៣
- ↑ ត្រឹមឆ្នាំ១៨១២
- ↑ ត្រឹមឆ្នាំ១៨១៣
- ↑ ត្រឹមឆ្នាំ១៨១៣
- ↑ ក្នុងចំណោមនោះមាន ៣៨,៥២០ នាក់ជាទ័ពព្រៃភ្នំ និងកងជីវពល[២៤]
ឯកសារយោង
[កែប្រែ]- ↑ John Sainsbury (1842). Sketch of the Napoleon Museum. London. p. 15. https://books.google.com/books?id=TwNmAAAAcAAJ&pg=PA15.
- ↑ Reich 1905, ទ. 622
- ↑ "Denmark". World Statesmen. Retrieved 18 មករា 2015.
- ↑ "Norway". World Statesmen. Retrieved 18 មករា 2015.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedKeith Haynes 2012
- ↑ Schäfer, Anton (2002). Zeittafel der Rechtsgeschichte. Von den Anfängen über Rom bis 1919. Mit Schwerpunkt Österreich und zeitgenössischen Bezügen (ជាភាសាអាល្លឺម៉ង់) (3 ed.). Edition Europa Verlag. ISBN 3-9500616-8-1. p. 137
- ↑ Edward et al., pp. 522–524
- ↑ "(ហុល្លង់) De Grondwet van 1815". Parlement & Politiek. Retrieved 26 មិថុនា 2014.
- ↑ Dwyer, Philip G. (4 February 2014). The Rise of Prussia 1700–1830. ល.ស.ប.អ. 9781317887034. https://books.google.com/books?id=FEDKAgAAQBAJ&pg=PA255.
- ↑ Collier, Martin (2003). Italian unification, 1820–71. Heinemann Advanced History (First រ.រ.). Oxford: Heinemann. p. 2. ល.ស.ប.អ. 0-435-32754-2.
- ↑ Riall, Lucy (1994). The Italian Risorgimento: state, society, and national unification (First រ.រ.). London: Routledge. p. 1. ល.ស.ប.អ. 0-203-41234-6.
- ↑ Jakob Walter, and Marc Raeff. The diary of a Napoleonic foot soldier. Princeton, N.J., 1996.
- ↑ Martyn Lyons p. 234–36
- ↑ Payne 1973, pp. 432–433.
- ↑ Esdaile 2009.
- ↑ James R. Arnold: Napoleon Conquers Austria: The 1809 Campaign for Vienna, ABC-Clio, 2003 [១]
- ↑ The Austrian Imperial-Royal Army (Kaiserliche-Königliche Heer) 1805 – 1809: The Hungarian Royal Army [២]
- ↑ Todd Fisher: The Napoleonic Wars: The Empires Fight Back 1808–1812, Oshray Publishing, 2001 [៣]
- ↑ Riehn 1991, p. 50.
- ↑ Blücher, scourge of Napoleon, Leggiere
- ↑ Chandler & Beckett, p. 132
- ↑ Elliott, George (1816). The Life of the Most Noble Arthur, Duke of Wellington. London: J. Cundee. p. xiii–xiv. https://books.google.com/books?id=ywM9AAAAYAAJ&q=4+may+1814&pg=PR13។ បានយកមក 27 November 2024.
- ↑ Esdaile, Charles J. (2004). Fighting Napoleon: Guerrillas, Bandits and Adventurers in Spain, 1808–1814, p. 108. Yale University Press. Archived 22 November 2023 at the វេយប៊ែខ ម៉ាស៊ីន. Google Books. Retrieved 27 November 2024.
- ↑ John France (2011). Perilous Glory: The Rise of Western Military Power. Yale UP. p. 351. ល.ស.ប.អ. 978-0300177442. https://archive.org/details/perilousgloryris0000fran.
- ↑ White 2014 cites Clodfelter
- ↑ ២៧,០ ២៧,១ ២៧,២ White 2014 cites Danzer
- ↑ ២៨,០ ២៨,១ White 2014, Napoleonic Wars cites Urlanis 1971
- ↑ Canales 2004.
- ↑ White 2014 cites Payne
- ↑ White 2014 cites Payne
- ↑ Clodfelter
- ↑ White 2014.
- ↑ ៣៤,០ ៣៤,១ ៣៤,២ Philo 2010.
- ↑ Bodart 1916.
- ↑ Zamoyski, Adam (16 October 2018). Napolean: A Life. London: Basic Books. p. 480. ល.ស.ប.អ. 9780465055937. https://books.google.ca/books?id=NqVKDwAAQBAJ&pg=PT480។ បានយកមក 7 November 2018.
- ↑ ៣៧,០ ៣៧,១ Jones 1994, pp. 193–194.
- ↑ ៣៨,០ ៣៨,១ Kagan 2007, pp. 42-43.
- ↑ Dwyer, Philip G. (4 February 2014). The Rise of Prussia 1700–1830. ល.ស.ប.អ. 9781317887034. https://books.google.com/books?id=FEDKAgAAQBAJ&q=napoleonic+wars+rise+of+prussia&pg=PA255។ បានយកមក 20 តុលា 2021.
- ↑ Ferguson, Niall (2004). Empire, The rise and demise of the British world order and the lessons for global power. Basic Books. ល.ស.ប.អ. 0-465-02328-2. https://archive.org/details/empire00nial.
- ↑ Keen & Haynes 2012, chpt. 8.
- ↑ Bell 2007, p. 51.
- ↑ Shlapentokh 1997, pp. 220–228.
- ↑ Palmer, Colton & Kramer 2013, pp. 81–83.
- ↑ Desan, Hunt & Nelson 2013, pp. 3, 8, 10.
- ↑ McLynn 1998, p. 215.
- ↑ Spencer C. Tucker (2012). The Encyclopedia of the War Of 1812. ABC-CLIO. p. 499. ល.ស.ប.អ. 9781851099573. https://books.google.com/books?id=VljA5QEI9_wC&pg=PA499។ បានយកមក 22 តុលា 2021.
- ↑ Buffinton, Arthur H. (1929). The Second Hundred Years' War, 1689–1815. មើលផងដែរ៖ Crouzet, Francois (1996). "The Second Hundred Years War: Some Reflections". French History 10 (4): 432–450. ISSN 0269-1191. DOI:10.1093/fh/10.4.432. និង, Scott, H. M. (1992). "Review: The Second 'Hundred Years War' 1689–1815". The Historical Journal 35: 443–469. DOI:10.1017/S0018246X00025887.
- ↑ "France – Les guerres de la Révolution et de l'Empire". Herodote.net. Archived from the original on 23 July 2012. Retrieved 31 December 2024.
- ↑ Schroeder 1994, pp. 231–86.
- ↑ Kagan 2007, pp. 141ff.
- ↑ "Invasion of Britain – National Maritime Museum". Nmm.ac.uk. Archived from the original on 8 June 2011. Retrieved 1 January 2025.
- ↑ "O'Meara's account of Napoleon on the invasion of the England". Napoleon.org. Archived from the original on 16 July 2011. Retrieved 1 January 2025.
- ↑ Сизенко, А.Г. (2011). Владис. pp. 192. ល.ស.ប.អ. 978-5-9567-1173-6.
- ↑ Ryan 1953.
- ↑ Munch-Petersen 2007.
- ↑ Götz 2014, pp. 519–539.
- ↑ Otto Pivka (2012). Napoleon's Polish Troops. Osprey Publishing. pp. 8–10. ល.ស.ប.អ. 978-1-78096-549-9. https://books.google.com/books?id=ETYsTuIaKkQC&pg=PA8។ បានយកមក 2 January 2025.
- ↑ Riley 2013, pp. 27–28.
- ↑ Grab 2003, pp. 176–187.
- ↑ Fremont-Barnes 2014.
- ↑ Tone 2010, p. 243.
- ↑ Clodfelter 2017, p. 157.
- ↑ Thompson, J. M. (1951). Napoleon Bonaparte: His rise and fall. pp. 235–240.
- ↑ Palmer 1974.
- ↑ Riehn 1990.
- ↑ Riehn 1990, pp. 138–140.
- ↑ Riehn 1990, p. 185.
- ↑ Haythornthwaite 2012.
- ↑ Riehn 1990, pp. 253–254.
- ↑ With Napoleon in Russia, The Memoirs of General Coulaincourt. William Morrow and Co. 1945. Chapter VI 'The Fire', pp. 109–107.
- ↑ Upshall 1993, p. 17.