ចេនឡាទឹកលិច
ចេនឡាទឹក រឺ កម្វុជទឹក (ចិន:水真蠟, ភិងអ៊ិង:Shuīzhēnlà) ប្រកបដោយក្សត្របុរីប្រាំ (សម្ភុបុរ, អនិន្ទិតបុរ រឺ ពាលាទិត្យបុរ, វ្យាធបុរ និងពីរទៀតមិនស្គាល់ឈ្មោះស្គាល់តែព្រះនាមក្សត្រថាស្រីនរេន្ទ្រវម៌្ម) បង្កើតឡើងនៅឆ្នាំ ៧០៦-រ.៨០២ គ.ស ជាអតីតនៃទឹកដីខ្មែរ ដែលត្រូវបែងចែកកាលពីសម័យចេនឡាមួយគឺចេនឡាដីគោក និងមួយទៀតគឺចេនឡាទឹកលិចនេះឯង។ នៅសម័យបុរាណចិននិយមហៅចេនឡាទឹកលិចថា សួយចេនឡា រឺ Shuīzhēnlà (水真蠟) ("ចេនឡាទឹក")។[១] មូលហេតុនៃការបែងចែកនេះដោយសារកម្សោយអំណាចកណ្ដាល ព្រោះព្រះបាទជយវម៌្មទី១គ្មាន ព្រះរាជបុត្រស្នងរាជ្យទើបព្រះអង្គប្រគល់រាជសម្បត្តិឲ្យ ព្រះនាងជយទេវីទី១ជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះហើយដែលធ្វើឲ្យប្រទេសបែកជាពីរ។[២]
ទីតាំងភូមិសាស្ត្រ
[កែប្រែ]ចេនឡាទឹកលិចគឺជាតំបន់សំបូរដោយបឹងបួរ និងសមុទ្រហ៊ុំព័ទ្ធជុំវិញគ្របដណ្ដប់លើតំបន់អាងទឹកទន្លេមេគង្គ ចាប់ពីល្បាក់ទឹកខោន រហូតដល់សមុទ្រ។[៣] ព្រោះតែដូច្នេះហើយទើបគេហៅថាចេនឡាទឹកដូចនេះ។
ប្រវត្តិសាស្ត្រ
[កែប្រែ]គួរគប្បីបញ្ជាក់ថាចេនឡាទឹកលិចក៏មិនអាចថែរក្សាឯកភាពយូរអង្វែងទេ: រដ្ឋនេះត្រូវបែងចែកជាក្សត្របុរីតូចៗតទៅទៀត យ៉ាងតិចណាស់ក៏មានចំនួនប្រាំហើយក្សត្របុរីដែលគេដឹងឈ្មោះពិតប្រាកដគឺអនិន្ទិតបុរ រឺ ពាលាទិត្យបុរ ដែលគេមិនស្គាល់ទីតាំងច្បាស់លាស់សម្ភុបុរគឺសម្បូរនៅលើត្រើយ ខាងឆ្វេងទន្លេមេគង្គក្នុងខេត្តក្រចេះ និងវ្យាធបុរស្ថិតនៅម្ដុំរាជធានីចាស់នៃនគរវ្នំ ក្សត្របុរីមួយទៀតដែលគេស្គាល់ត្រឹមឈ្មោះព្រះមហាក្សត្រនោះគឺស្រីនរេន្ទ្រវម៌្ម។ នៅខាងដើមស.វ.ទី៨ ព្រះអង្គម្ចាស់បុស្ករាក្ស ដែលមានដើមកំណើតនៅអនិន្ទិតបុរបានយាងទៅសោយរាជ្យនៅសម្ភុបុរ (៧២៣) ជាទីដែលព្រះអង្គបានបន្សល់ទុកសិលាចារឹកមួយផ្ទាំង ចុះកាលកំណត់ ៧១៦ នៅត្រង់ប្រាសាទព្រះធាតុកូនពីរ។ ព្រះអង្គបានយាងទៅនេះក្នុងកិច្ចចង់បង្រួបបង្រួមចេនឡាទឹកលិច។ បន្ទាប់មក បុត្រព្រះអង្គព្រះនាមរាជេន្ទ្រវម៌្មទី១ បានខំព្យាយាមបន្តគោលជំហរនេះទៀត។ តែជាការឥតប្រយោជន៍។ ពីព្រោះមិនយូរប៉ុន្មានផង ចេនឡាទឹកលិចត្រូវបែងចែកជានគរតូចៗប្រាំទៀត។ ចំពោះព្រំសីមាកំណត់ទឹកដីនគរនីមួយៗ គេពុំទាន់មានឯកសារអ្វីជាច្បាស់លាស់សំរាប់បញ្ជាក់ទេ។[៤] ព្រះបាទបុស្ករាក្សមានជាប់ខ្សែញាតិទៅនឹងព្រះបាទពាលាទិត្យ ដែលបានសោយរាជ្យនៅអនិន្ទិតបុរ ហើយដែលបានអះអាងថាព្រះអង្គជាកូនចៅរបស់ព្រះបាទកៅណ្ឌិន្យទី១ និងព្រះនាងសោមា មកដល់ព្រះបាទភវវម៌្មទី១ ដែលជាចៅរបស់ព្រះបាទរុទ្រវម៌្មព្រះមហាក្សត្រនគរវ្នំ។[៥] ហើយដែលក្រោយមកទៀត ព្រះរាជាសោយរាជ្យនៅអង្គរទ្រង់បានចាត់ទុកថា ជាចំណងភ្ជាប់ព្រះអង្គទាំងឡាយទៅ នឹងស្ថាបនិកនៃបឋមវង្សនៃអាណាចក្រវ្នំ។ ត្រង់នេះ យើងអាចយកធ្វើជាអំណះអំណាងមួយសំរាប់ឆ្លើយតបចំពោះជនណា ដែលបដិសេធថា អាណាចក្រវ្នំពុំមែនជារដ្ឋខ្មែរដំបូង។ ចុះហេតុអ្វីបានជាអធិរាជអង្គរ ដែលបានវាយឈ្នះអាណាចក្រវ្នំបែរជាខិតខំ ភ្ជាប់ខ្សែស្រឡាយរបស់ព្រះអង្គទៅ នឹងព្រះរាជាអាណាចក្រវ្នំ ដែលជាអ្នកចាញ់ទៅវិញ? នេះមិនគឺមកតែពីមនុស្សតាំងតែពីសម័យអាណាចក្រវ្នំរហូត ដល់សម័យអង្គរមានពូជអំបូរជាតិសាសន៍តែមួយទេឬ? ចំណែកក្រុមព្រះមហាក្សត្រ ដែលគ្រប់គ្រងរស់នៅទីក្រុងសម្ភុបុរ ប្រកាសថា ជាប់ព្រះញាតិវង្សចុះមកពីព្រះមហាក្សត្រីយានី ព្រះនាងជយទេវីទី១ ។[៦]
ព្រះបាទពាលទិត្យទំនងជាបានកសាងក្រុងពាលាទិត្យបុរដែលជនជាតិចិនចាត់ទុកថា ជារាជធានីពិតប្រាកដរបស់ចេនឡាទឹកលិច (ប៉ូឡូទីប៉ូ)។ រាជទូតត្រូវបានបញ្ជូនទៅទស្សនកិច្ចចិន នៅឆ្នាំ ៧៥០ ទំនងជាមកពីចេនឡាទឹកលិច។[៧] ក្នុងពាក់កណ្ដាលទី២នៃស.វ.ទី៨ នៅចេនឡាទឹកលិច មានការកសាងសិលាចារឹកជាច្រើន ជាពិសេសនៅតំបន់សម្ភុបុរៈដែលគេបានរកឃើញមួយចុះកាលកំណត់ ៧៧០ (ព្រះធាតុព្រះស្រី-ត្បូងឃ្មុំ ) និងមួយទៀតចុះកាលកំណត់ឆ្នាំ ៧៨១ (ល្បើកស្រុត-ក្រចេះ) ទាំងនេះសុទ្ធតែជាស្នាព្រះហស្ថរបស់ព្រះបាទជយវម៌្មទី១ស្ទួន (ដាក់លេខទី១ស្ទួនគឺ ដើម្បីកុំអោយពិបាករុះរើលេខព្រះរាជាអង្គរពីជយវម៌្មទី២ដល់ទី៩)។ ក្រៅពីនេះ គេបានរកឃើញសិលាចារឹកមួយផ្ទាំងទៀតចុះកាលកំណត់ ៧៩១ នៅប្រាសាទតាគាមក្នុងខេត្តសៀមរាប។ គេចាត់ទុកសិលាចារឹកនេះ ថាជាសក្ខីភាពមួយចាស់ជាងគេនៃព្រះពុទ្ធសាសនាមហាយាននៅស្រុកខ្មែរ ព្រោះឯកសារនេះបាននិយាយពីការកសាងបដិមាព្រះពោធិសត្វអវលោកេស្វរៈជាពោធិសត្វបាន គេនិយមគោរពបូជាជាងគេនៅស្រុកខ្មែរយើង។ ក្នុងសិល្បៈចំលាក់បុរាណសិល្បករខ្មែរច្រើនឆ្លាក់រូបពោធិសត្វនេះ ជាបុរសសមានវ័យក្មេងមានព្រះហស្ថ៤កាន់ផ្កាឈូក ខ្សែផ្គាំ គម្ពីរ និង ដបទឹក (សូមកុំច្រឡំនិងព្រះវិស្ណុដែលមានព្រះហស្ត៤ដែរ តែកាន់ផ្កាឈូក កងចក្រ ក្រទា និង សង្ខ)។ នៅលើព្រះសិររបស់ព្រះអង្គមានរូបព្រះពុទ្ធអាមិតាភ។[៨]
ចេនឡាទឹកលិចក្រោមការត្រួតត្រារបស់ជ្វា
[កែប្រែ]ប្រទេសខ្មែរនៅស.វ.ទី៨ ជាសម័យមួយដែលគ្មានស្ថិរភាពខាងនយោបាយ ព្រោះតែមានការបែកបាក់ផ្ទៃក្នុងយ៉ាងដំណំ។ នេះហើយជាហេតុមួយឲ្យជាតិជិតខាងមើលងាយ ដោយហ៊ានលូកដៃចូលកកូរក្នុងកិច្ចការផ្ទៃក្នុងទៀតផង។
យ៉ាងណាមិញ នៅស.វ.ទី៨ ពួកចោរសមុទ្រជាតិជ្វាដែលជិះសំពៅធំៗបានចូលមករាតត្បាតឆ្នេរសមុទ្រ និងតាមទន្លេនៃអាស៊ីអាគ្នេយ៍ដីគោកក្នុងគោលបំណងឆក់ប្លន់យកទ្រព្យសម្បត្តិតាមទំនើងចិត្ត។ ពួកចោរសមុទ្រដែលហ៊ានមកឈ្លានពានដូច្នេះបាន ព្រោះតែនៅពេលនោះ រាជវង្សសៃលេន្ទ្រដែលសោយរាជ្យនៅកោះជ្វា ហើយដែលជាប់រាជវង្សស្ថាបនិកប្រាសាទបូរូបូឌួដ៏ល្បីល្បាញនោះផ្សព្វផ្សាយឥទ្ធិពល របស់ខ្លួនទៅលើអាស៊ីអាគ្នេយ៍ទាំងមូល។
នៅឆ្នាំ ៧៧៤ និង ៧៨៧ ពួកចោរជ្វាក្រោយពីវាយបានកោះត្រឡាចហើយតាំងជាមូលដ្ឋានបានលើកគ្នាទៅរាតត្បាត ឆ្នេរសមុទ្រប្រទេសចាម្ប៉ាទៀត។ គឺនៅពេលជាមួយគ្នានេះហើយដែលពួកចោរនោះបានចូលមករាតត្បាតចេនឡាទឹកលិចដែរ ដោយធ្វើដំណើរបញ្ច្រាសឡើងតាមទន្លេមេគង្គ មកដល់សម្ភុបុរ ដុតបំផ្លាញទីក្រុងឡោមព័ទ្ធរាជវាំង ចាប់បានព្រះរាជាព្រះនាមមហីបតិវម៌្ម ជាបុត្រព្រះបាទរាជេន្ទ្រវម៌្មទី១ កាត់យកព្រះសិរហើយយកទៅប្រទេសជ្វា។ ចំពោះការឈ្លានពានរបស់ជ្វាមកលើក្សត្របុរីមួយរបស់ចេនឡាទឹកនេះ មានមតិខ្លះយល់ថា ជាការទាមទារយកកេរមត៌ករបស់ដូនតាខ្លួន ព្រោះពួក សៃលេន្ទ្រធ្លាប់បានប្រកាសខ្លួនថាជា ស្ដេចភ្នំ (សៃលេន្ទ្រ) ដែលជាឋានន្តរនាមរបស់ព្រះរាជាណាចក្រវ្នំនេះឯង (ត្រង់ចំណុចនេះដូចជាមិនសម)។
ចំពោះការតាំងអំណាចអធិរាជ្យរបស់ពួកសៃលេន្ទ្រលើប្រទេសខ្មែរនេះ ឈ្មួញអារ៉ាប់ម្នាក់ឈ្មោះ សូឡៃម៉ាន់ នៅស.វ.ទី១០ បាននិយាយថា: ថ្ងៃមួយព្រះរាជាខ្មែរមានព្រះបំណងចង់ឃើញព្រះសិរ នៃមហារាជក្រុងហ្សាប៊ែខកាត់ដាក់លើថាសមួយ។ ដំណឹងនេះក៏លឺដល់មហារាជ ព្រះអង្គក៏លើកទ័ពជើងទឹកចូលមកវាយប្រទេសខ្មែរ ចាប់បានព្រះរាជាខ្មែរហើយបញ្ជាឲ្យកាត់ព្រះសិរ។ លុះត្រឡប់ទៅដល់ព្រះនគរវិញហើយ មហារាជទ្រង់ឲ្យយកព្រះសិរនោះទៅលាងស្អាត យកអប់ទុកក្នុងភាជន៍មួយរួចទ្រង់ឲ្យបញ្ជូនមកថ្វាយចំពោះព្រះរាជាដែលបានឡើងសោយរាជ្យជាតំណតមក។ ចាប់តាំងពីពេលនោះមក នៅរៀងរាល់ព្រឹកព្រះរាជាខ្មែរត្រូវបែរព្រះភក្ត្រឆ្ពោះមកក្រុងហ្សាប៊ែខដើម្បីធ្វើគារវកិច្ចចំពោះព្រះមហារាជក្រុងនេះ (សេចក្ដីស្រង់តាមអត្ថបទបោះពុម្ពផ្សាយ ដោយជនជាតិអារ៉ាប់ម្នាក់ទៀតឈ្មោះអាប៊ូហ្សាអ៊ីដហាស្សាន់នៅប្រមាណឆ្នាំ ៩២៦)។ រឿងដែលតំណាលដោយឈ្មួញអារ៉ាប់ខាងលើនេះទោះបីមានលក្ខណៈជារឿងព្រេងក៏ដោយ ក៏មានលក្ខណៈស្របនឹងការពិតខ្លះដែរ: គឺតំណាងអំណាចរបស់ជ្វាមកលើប្រទេសខ្មែរយើង ហើយដែលមានការបញ្ជាក់ពីសិលាចារឹកស្ដុកកក់ធំនៅពេលក្រោយមកទៀត។[៩]
ព្រះរាជាគ្រងរាជ្យនៅសម័យចេនឡាទឹកលិច
[កែប្រែ]( ៧១៦ - ៨០២) | |||
លេខរៀង | ព្រះនាមសម្រាប់រាជ្យ | ព្រះនាមផ្ទាល់ | រជ្ជកាល |
---|---|---|---|
០១ | ទេវាទិត្យ (ភវបុរ-សំបូរព្រៃគុហ៍) | មិនស្គាល់ | ៧១?-? |
០២ | ឥន្ទ្រាទិត្យ (ភវបុរ-សំបូរព្រៃគុហ៍) | មិនស្គាល់ | ៧??-??? |
០៣ | ធម៌ាទិត្យ (ភវបុរ-សំបូរព្រៃគុហ៍) | មិនស្គាល់ | ៧??-??? |
០៤ | ពាលាទិត្យ (ពាលាទិត្យបុរ) | មិន | ៧??-??? |
០៥ | ន្ឫបាទិត្យ (អនិន្ទិតបុរ) | មិនស្គាល់ | ៧??-??? |
០៦ | វិឝ្វរូប (អនិន្ទិតបុរ) | មិនស្គាល់ | ?-? |
០៧ | ន្ឫបតីន្ទ្រវម៌្មទី១ (អនិន្ទិតបុរ) | មិនស្គាល់ | ?-? |
០៨ | បុឝ្ករាក្ឝ (ឝម្ភុបុរ) | មិនស្គាល់ | ៧១៦-៧៣០ |
០៩ | នរេន្ទ្រវម៌្ម (ប្រហែលក្សត្របុរណាមួយ) | មិនស្គាល់ | ?? |
១០ | រាជបតិវម៌្ម (វ្យាធបុរ) | មិនស្គាល់ | ?? |
១១ | ឝម្ភុវម៌្ម (ឝម្ភុបុរ) | មិនស្គាល់ | ៧៣០-៧៥០ |
១២ | ជយវម៌្ម (ក្សត្របុរៈ?) (ជយវម៌្មទី២?!)[១០] | ៧៤០-៧៥០ | |
១៣ | ន្ឫបតីន្ទ្រទេវីទី១ (វ្យាធបុរៈ?) | ៧??-៧៥០ | |
១៤ | រាជេន្ទ្រវម៌្មទី១ (ឝម្ភុបុរ) | ៧៥០-៧៧០ | |
១៥ | ឥន្ទ្រលោក (ឝម្ភុបុរ) | មិនស្គាល់ | ? |
១៦ | ន្ឫបតីន្ទ្រទេវីទី២ (ឝម្ភុបុរ) | មិនស្គាល់ | ៧??-??? |
១៧ | ជយេន្ទ្រភា (ឝម្ភុបុរ) | មិនស្គាល់ | ៧៨?-??? |
១៨ | ជ្យេស្ថាយ៌ា (ឝម្ភុបុរ) | មិនស្គាល់ | កំពុងសោយរាជ្យ ៨០៣ |
១៩ | ជយវម៌្ម (ជយវម៌្មទី៣?!)[១១] (វ្យាធបុរ-ធ្យានបុរ បាយ៉ង់) | មិនស្គាល់ | ៧៦៣-៧៧០ |
២០ | ជយវម៌្ម (ជយវម៌្មទី៤?!)[១២] (ឥន្ទ្របុរ-ឝម្ភុបុរ) | មិនស្គាល់ | ៧៧០-៧៨១ |
២១ | មហីបតិវម៌្ម (ឝម្ភុបុរ) | មិនស្គាល់ | ៧៨១-៧៨៨ |
ឯកសារយោងព្រះមហាក្សត្រសម័យចេឡានទឹកលិចចាស់
[កែប្រែ]លេខរៀង | ព្រះមហាក្សត្រ | ព្រះនាមផ្ទាល់ | រជ្ជកាល |
១ | ពាលាទិត្យ (ពាលាទិត្យបុរ) | មិនស្គាល់ | ?-? |
២ | វិស្វរូប (អនិន្ទិតបុរ) | មិនស្គាល់ | ?-? |
៣ | ន្ឫបតេន្ទ្រវម៌្មទី១ (អនិន្ទិតបុរ) | មិនស្គាល់ | ?-? |
៤ | បុស្ករាក្ស (សម្ភុបុរ) | មិនស្គាល់ | ៧១៦-៧៣០ |
៥ | នរេន្ទ្រវម៌្ម (ប្រហែលក្សត្របុរីណាមួយ) | មិនស្គាល់ | ?? |
៦ | រាជបតិវម៌្ម (វ្យាធបុរ) | មិនស្គាល់ | ?? |
៧ | សម្ភុវម៌្ម (សម្ភុបុរ) | មិនស្គាល់ | ៧៣០-៧៥០ |
៨ | រាជេន្ទ្រវម៌្មទី១ (សម្ភុបុរ) | មិនស្គាល់ | ៧៥០-៧៧០ |
៩ | ឥន្ទ្រលោក (សម្ភុបុរ) | មិនស្គាល់ | ? |
១០ | ន្ឫបតេន្ទ្រទេវីទី២ (សម្ភុបុរ) | មិនស្គាល់ | ? |
១១ | ជយេន្ទ្រភា (សម្ភុបុរ) | មិនស្គាល់ | ? |
១២ | ជ្យេស្ថាយ៌ា (សម្ភុបុរ) | មិនស្គាល់ | ? |
១៣ | ជយវម៌្មទី២ (សម្ភុបុរ) | មិនស្គាល់ | ៧៧០-៧៨១ |
១៤ | មហីបតិវម៌្ម (សម្ភុបុរ) | មិនស្គាល់ | ៧៨១-៧៨៨ |
ការលុកលុយរបស់ជ្វា: ៧៧៤-៨០២ |
ឯកសារយោង
[កែប្រែ]- ↑ [១]
- ↑ [២][តំណភ្ជាប់ខូច]
- ↑ [៣]
- ↑ បណ្ឌិតសុភាចារ្យ រស់ ចន្ទ្រាបុត្រ ប្រវត្តិសាស្ត្រខ្មែរទំព័រ១៩០-១៩១
- ↑ បណ្ឌិតសុភាចារ្យ រស់ ចន្ទ្រាបុត្រ ប្រវត្តិសាស្ត្រខ្មែរទំព័រ១៩០
- ↑ បណ្ឌិតសុភាចារ្យ រស់ ចន្ទ្រាបុត្រ ប្រវត្តិសាស្ត្រខ្មែរទំព័រ១៩០
- ↑ ចេនឡា
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៧០-៧១
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ៧២-៧៣
- ↑ សិលាចារឹកកំពូលតានន់ Ka.63/K.1236 ជាភាសាសំស្ក្រឹត និងជាភាសាខ្មែរ។
- ↑ [៤]
- ↑ [៥]